សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តសរសេរទំព័រដ៏រុងរឿងនៃប្រវត្តិសាស្ត្រជាតិដោយទទួលបន្ទុកការនាំឱ្យប្រទេសកម្ពុជាឆ្ពោះទៅកាន់កំពូលថ្មីមួយ និងស្វែងរកឡើងវិញឱ្យបាននូវភាពរុងរឿងនៃសម័យអង្គរដ៏អស្ចារ្យ ព្រមទាំងបន្តបុព្វហេតុការពារមាតុភូមិ ការពារសន្តិភាព និងបំពេញបេសកកម្មបម្រើប្រជាជន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា - ដំណើរឆ្ពោះទៅកាន់ភាពរុងរឿង

នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត (សម្តេចធិបតី ហ៊ុន ម៉ាណែត) កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) លោកជាកូនប្រុសច្បងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្តេចធិបតី ហ៊ុន ម៉ាណែត កើតក្នុងគ្រាដ៏គ្រោះថ្នាក់ និងលំបាកបំផុត ជាជំនាន់ដែលប្រទេសកម្ពុជាពុំមានសុខសន្តិភាពឡើយ ស្របពេលដែលឪពុក និងម្តាយរបស់លោកត្រូវបង្ខំចិត្តឃ្លាតឆ្ងាយពីគ្នា ដើម្បីបុព្វហេតុនៃការប្រយុទ្ធរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហើយត្រូវតែរង់ចាំរហូតដល់ក្រោយពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានផ្ដួលរំលំ គ្រួសារលោកទើបបានជួបជុំគ្នាឡើងវិញ លោកទើបបានជួបមុខឪពុករបស់ខ្លួនឯងជាលើកដំបូង។

តាំងពីកុមារភាព គ្រួសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់លើការសិក្សារបស់លោកយ៉ាងខ្លាំងណាស់ ដោយរំពឹងថាលោកនឹងមានអនាគតដ៏ភ្លឺស្វាង។ ក្នុងកំឡុងឆ្នាំ ១៩៩០-១៩៩៣ សម្តេចធិបតី បានសិក្សា និងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ។ កាលរៀននៅថ្នាក់វិទ្យាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអតីតសិស្សពូកែគណិតវិទ្យាណាស់ ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូរទាំងប្រទេសផ្នែកគណិតវិទ្យាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលបម្រើក្នុងជួរកងទ័ពតាំងពីឆ្នាំ១៩៩៥ ហើយលោកជាជនជាតិកម្ពុជាដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសទៀតផង។

បន្ទាប់ពីបញ្ចប់ការសិក្សានៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ឯក តាំងពីឆ្នាំ ២០០៨ ដំណាលគ្នានឹងការតែងតាំងមុខតំណែងជាប្រធាននាយកដ្ឋានពិសេសនៃលេខាធិការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ( គ.ជ.ប.ភ )។ ចាប់តាំងពីពេលនោះមក ជាមួយនឹងសមត្ថភាពដ៏ឆ្នើមរបស់ខ្លួន លោកបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយកាន់តំណែងជាន់ខ្ពស់ជាច្រើនក្នុងជួរកងយោធពលខេមរភូមិន្ទ។ ចាប់ពីឆ្នាំ ២០១៨ រហូតដល់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លោកជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ដែលមានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍។

សមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានកត់សម្គាល់ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់សាធារណជនទាំងក្នុងស្រុក និងអន្តរជាតិ ដោយសារតែលោកបានដើរតួយ៉ាងសំខាន់ក្នុងការចរចាបទឈប់បាញ់សម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០០៨-២០១១ និងក្នុងដំណើរការធ្វើកំណែ ទម្រង់កងយោធពលខេមរភូមិន្ទ ហើយនិងលោកបានបញ្ចេញសមត្ថភាពជាអ្នកដឹកនាំឆ្នើមក្នុង យុទ្ធនាការទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19...

ក្រៅពីតំណែងសំខាន់ៗក្នុងជួរកងទ័ព សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ ហើយនេះពិតជាជំហានដ៏សំខាន់មួយសម្រាប់សម្តេចធិបតីក្នុងការឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែង គឺនៅខែធ្នូ ឆ្នាំ២០១៨ លោកបានជាប់ឆ្នោតជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ហើយជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលនៅឆ្នាំ ២០២០។ ជាពិសេសនៅខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍គាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត។

ក្នុងនាមជាអនាគតមេដឹកនាំ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការទូតជាច្រើន។ ហើយមេដឹកនាំបរទេសជាច្រើនក៏បានទទួលស្វាគមន៍លោកយ៉ាងស្និទ្ធស្នាល និងគោរពគាត់មិនត្រឹមតែដោយសារតែគាត់ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែលោកមានតួនាទីជាអ្នកដឹកនាំអនាគតរបស់កម្ពុជាទៀតផង។

leftcenterrightdel
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តសរសេរទំព័រដ៏រុងរឿងនៃប្រវត្តិសាស្ត្រកម្ពុជា

អ្នកត្រូវបានជ្រើសរើស!

តាំងពីយូរហើយ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានសាធារណមតិទាំងក្នុង និងក្រៅប្រទេសទទួលស្គាល់ថាជា "អ្នកត្រូវបានជ្រើសរើស" ដែលសក្តិសមបំផុត ដើម្បីស្នងតំណែងពីបិតារបស់ខ្លួន គឺសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកដឹកនាំឆ្នើមរបស់ប្រជាជាតិកម្ពុជា។

ចុះហេតុអ្វីបានជានាយករដ្ឋមន្ត្រីថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកត្រូវបានជ្រើសរើស? តើលើកត្រូវបានជ្រើសរើសពីព្រោះអ្វី? ចម្លើយអាចត្រឹមតែ៖

"ប្រជាជនជ្រើសរើស" គឺជាកត្តាសំខាន់បំផុត និងជាការពិតដែលមិនអាចប្រកែកបាន។ ម្ចាស់ឆ្នោត និងប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើស និងសម្រេចចិត្តលើ "ប្រធាននាវា" ដែលនឹងដឹកនាំនាវាប្រទេសជាតិឱ្យឆ្ពោះទៅរកភាពរុងរឿងនាពេលអនាគត។

លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២៣ របស់កម្ពុជាបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងការបោះឆ្នោតឆ្នាំ ២០១៨ ដោយគណបក្សនេះទទួលបានសន្លឹកឆ្នោតគាំទ្រចំនួនជាង ៨២% នៃសន្លឹកឆ្នោតបានការសរុប នៃម្ចាស់ឆ្នោត ៨.២ លាននាក់ និងទទួលបានអាសនៈចំនួន ១២០ ក្នុងចំណោមអាសនៈសរុបចំនួន ១២៥ នៅក្នុងរដ្ឋសភា ខណៈនៅឆ្នាំ ២០១៨ គឺមានជិត៧៧% ។

ហើយតួលេខទាំងនេះក៏ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បកស្រាយផងដែរថា៖ “តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះ ប្រជាពលរដ្ឋបានផ្ញើសារចំនួនបីគឺ៖ ទីមួយ ប្រជាជនកម្ពុជាជឿជាក់លើគណបក្សប្រជាជន, ទីពីរប្រជាជនជឿទុកចិត្តលើ ហ៊ុន សែន និងទីបីពួកគេជឿទុកចិត្តបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកនឹងស្នងតំណែងខ្ញុំ”។

ជាការពិតណាស់ ការពន្យល់របស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ គឺសុទ្ធសឹងតែមានមូលដ្ឋានទាំងស្រុង ព្រោះវាឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវពី “ពាក្យគន្លឹះ” ហ៊ុន ម៉ាណែត កំពុងមានប្រជាបិយភាព ពេញនិយមក្នុងប្រទេសកម្ពុជាយ៉ាងណាសព្វថ្ងៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមនុស្សមានភាពទាក់ទាញយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ និយាយមួយបែបទៀត លោកគឺជាអ្នកនយោបាយមានគ្រប់លក្ខណៈសម្បត្តិពិតប្រាកដម្នាក់ ជាមួយនឹងទេពកោសល្យដែលបានបង្ហាញឱ្យឃើញ រូបរាងស្អាត ស្ទីលឆើតឆាយ មានទំនុកចិត្តលើខ្លួនឯង រួសរាយរាក់ទាក់ ហើយជាពិសេសគាត់ចេះបំផុសគំនិត យកឈ្នះចិត្តមនុស្ស និងទាក់ទាញការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ត្រូវបានប្រជាពលរដ្ឋមើលឃើញថាជាមនុស្សមានភាពសកម្ម ម៉ឺងម៉ាត់ និងប្រាកដនិយម។ លោកធ្លាប់បានបញ្ជាក់ថា ...ការចុះមកមូលដ្ឋានដើម្បីក្តាប់សភាពការណ៍ គឺជារបៀបធ្វើការរបស់លោក។ សម្តេចធិបតីធ្វើបែបនេះដោយសារឆន្ទៈ និងមនសិការ ដែលតែងតែប្រកាន់យកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំបំផុត។ ហើយនេះគឺជាមធ្យោបាយមួយដើម្បីជួយគាត់ក្នុងការតាមដានពីប្រសិទ្ធភាពនៃកម្មវិធីនយោបាយដែលលោកជាអ្នកចូលរួមអនុវត្ត និងយល់ពីបំណង ពីការចង់បានរបស់ប្រជាពលរដ្ឋ ហើយអាចរាក់ទាក់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

អាចនិយាយបានថា គុណធម៌ ភាពទាក់ទាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មិនចាញ់បិតារបស់លោកដែរ ពោលគឺបិតារបស់លោកគឺត្រូវបានមើលឃើញជាគ្រូម្នាក់ក្នុងសិល្បៈយកឈ្នះចិត្តមនុស្ស។ នៅគ្រប់ទីកន្លែងដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញខ្លួន ជាពិសេសក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត តែងតែមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួមអបអរសាទរយ៉ាងរំភើបរីករាយ ដោយគ្រាន់តែចង់ប៉ះលោក ថតរូប ឱបលោក និងថែមទាំងថើបថ្ពាល់លោកទៀតផង។ ពួកគេបានស្តាប់ដោយយកចិត្តទុកដាក់នូវសារដែលងាយយល់ ប៉ុន្តែមានភាពទាក់ទាញពីលោក។ ពួកគេពិតជាជឿជាក់លើការសន្យារបស់លោកក្នុងការសន្យាបម្រើប្រទេស និងប្រជាជនកម្ពុជា។

ប្រជាជនបានជ្រើសរើសសម្តេចធិបតី ហ៊ុន ម៉ាណែត បោះឆ្នោតឱ្យគណបក្សប្រជាជន ហើយឥឡូវនេះពួកគេជាអ្នកឈ្នះ ដោយសារតែពួកគេជ្រើសរើសបានអ្នកដ៏សក្តិសមក្នុងដើម្បីផ្តាំផ្ញើវាសនាជាតិ និងជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ។

“គណបក្សជ្រើសរើស” មុនការបោះឆ្នោត បើសួរអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តើនរណាស័ក្តិសមនឹងបន្តតំណែងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន? ចម្លើយតែមួយគឺថា “បណ្ឌិត ហ៊ុន ម៉ាណែត គឺជាអ្នកត្រូវបានជ្រើសរើស”។ ចម្លើយនេះមិនមែនជាការគិតបែបសាមញ្ញថា ត្រឹមតែជាការស្នងពីឪពុកទៅកូន ឬជាការគាំទ្រផ្ទាល់ពីឪពុករបស់លោកតែប៉ុណ្ណោះទេ។

គួរឱ្យរំលឹកដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបញ្ជាក់ថា “បណ្ឌិត ហ៊ុន ម៉ាណែត គឺជាបុគ្គលដ៏ស័ក្តសមក្នុងការធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីសន្តិភាព និងស្ថិរភាពសង្គម សុភមង្គល និងវិបុលភាពរបស់ប្រជាជនកម្ពុជា”។

យើងនិយាយមួយបែបគឺ ក្នុងរយៈពេលជាង ៤០ ឆ្នាំក្នុងនាមជាគណបក្សកាន់អំណាចនៅកម្ពុជា គណបក្សប្រជាជនបានទាក់ទាញយុវជនដែលមានទេពកោសល្យ និងបញ្ញវន្តមួយចំនួនធំ ពួកគេសុទ្ធតែជាអនាគតរបស់គណបក្សប្រជាជនកម្ពុជា អាចនិយាយបានថាទាំងនេះគឺជា "គ្រាប់ពូជ" ដ៏ល្អបំផុត។ ដូច្នេះ ច្បាស់ណាស់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាបេក្ខភាពតែមួយគត់របស់គណបក្សនោះទេ។

ទោះយ៉ាងណាក៏ដោយ ដើម្បីកាន់តួនាទីដ៏សំខាន់ជាបេក្ខជននាយករដ្ឋមន្ត្រី គឺត្រូវមានលក្ខណវិនិច្ឆ័យឆ្នើមលើសលប់បន្ថែម ពោលគឺត្រូវតែមានលក្ខណវិនិច្ឆ័យលើសពីនិយាមការធម្មតានៃចំណេះដឹងរបស់បុគ្គលណាទាំងអស់។ និយាយម្យ៉ាងវិញ គឺចង់ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីលុះត្រាតែត្រូវប្រកួតប្រជែងឈ្នះលើបណ្ឌិត ហ៊ុន ម៉ាណែត អំពី “ប្រជាប្រិយភាព  ទាំងក្នុងនិងក្រៅប្រទេស។

និយាយឲ្យងាយយល់គឺ “បណ្ឌិត ហ៊ុន ម៉ាណែត គឺគេស្គាល់គ្រប់គ្នា តាំងពីទីក្រុងដល់ជនបទ សូម្បីនៅបរទេស”។ ហើយគណបក្សប្រជាជនកម្ពុជាត្រូវការមេដឹកនាំខ្លាំងម្នាក់ដែលមានប្រជាប្រិយភាពជ្រៅបែបនេះដើម្បីប្រកួតប្រជែង និងយកឈ្នះក្នុងការបោះឆ្នោត។ ហេតុដូច្នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាអ្នកត្រូវបានជ្រើសរើស!

“គ្រួសារជ្រើសរើស” សម្តេចតេជោ ហ៊ុន សែន និងភរិយា មានកូនចំនួន ៦ នាក់ (កូនប្រុសច្បង បានទទួលមរណភាពភ្លាមៗបន្ទាប់ពីកើតក្នុងរបបខ្មែរក្រហម) ក្នុងនោះកូនប្រុស ៣ នាក់រួមមានបណ្ឌិត ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី សុទ្ធតែអ្នកឆ្នើមលេចធ្លោលើឆាកនយោបាយកម្ពុជា ប៉ុន្តែបងប្រុសច្បង ហ៊ុន ម៉ាណែត ជាអ្នកឆ្នើមជាងគេ។

ក៏ដូចឳពុកម្តាយទាំងអស់ដែរ សម្តេចតេជោ ហ៊ុន សែន ចិញ្ចឹម និងបង្រៀនកូនៗឲ្យក្លាយជាមនុស្សមានទេពកោសល្យ និងមានគុណធម៌ ហើយមានក្តីសង្ឃឹមខ្ពស់ចំពោះអនាគតរបស់ពួកគេ ដោយចង់ឲ្យពួកគេត្រូវបានទទួលស្គាល់ និងមានសិទ្ធិស្មើគ្នាដូចប្រជាពលរដ្ឋគ្រប់រូប។ សម្តេចតេជោ បានប្រកាសជាលើកដំបូងគាំទ្រកូនប្រុសរបស់លោកគឺបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យឡើងស្នងតំណែងនាពេលអនាគតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែប្រហែលជាដំណើរការនៃការរៀបចំ ការបណ្តុះបណ្តាល និងការផ្តល់បទពិសោធន៍ដល់កូនប្រុសរបស់លោកគឺបានដំណើរការជាង១០ឆ្នាំមុនហើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ម្តងហើយម្តងទៀតថា ការគាំទ្រកូនរបស់ខ្លួនមិនមែនជាការស្នងបែបតពូជពីឳពុកទៅកូនទេ។ បើតាមការអធិប្បាយរបស់សម្តេច នេះពិតជាដំណើរការមួយដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងបទប្បញ្ញត្តិដ៏តឹងរ៉ឹងក្នុងប្រព័ន្ធប្រជាធិបតេយ្យរបស់កម្ពុជា។

ឆ្លើយតបនឹងការចោទប្រកាន់ដែលមិនសមហេតុផលដោយមានបំណងទុច្ចរិតមកលើរូបគាត់ចំពោះបញ្ហានេះ សម្តេចតេជោមានប្រសាសន៍ថា “ខ្ញុំគាំទ្រកូនប្រុសខ្ញុំក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវតែឆ្លងកាត់ការបោះឆ្នោត ហើយមិនមែនតាមវិធីណាផ្សេងទេ”។ សម្តេចសង្កត់ធ្ងន់ថា ទោះបីជាបណ្ឌិត ហ៊ុន ម៉ាណែត ជាកូនរបស់អ្នកណាក៏ដោយ ក៏សម្តេច គាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរ ព្រោះបណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវ សមនឹងកាន់តួនាទីនេះ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់យ៉ាងមោះមុតថា កូនប្រុសលោក គឺបណ្ឌិត ហ៊ុន ម៉ាណែត អាចពូកែជាងលោក និងបម្រើប្រជាពលរដ្ឋបានល្អជាងលោក។

គាំទ្រទស្សនៈពីឪពុក និងលុបបំបាត់ពាក្យចចាមអារ៉ាមអំពីការប្រកួតប្រជែងផ្ទៃក្នុងក្នុងគ្រួសារនោះ ប្អូនប្រុសទាំងពីរដែលជាសមាជិកដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា តែងតែបញ្ជាក់ថា បងប្រុស ហ៊ុន ម៉ាណែត គឺជាមនុស្សពូកែម្នាក់ មានទេពកោសល្យជាច្រើន មានសមត្ថភាព ជាមនុស្សម្នាក់ដែលតែងតែដាក់ផលប្រយោជន៍ប្រទេស និងប្រជាជនជាដំបូង ដែលសក្តិសមជានាយករដ្ឋមន្ត្រីកម្ពុជា។

leftcenterrightdel
សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកត្រូវបានជ្រើសរើស!

ផលប្រយោជន៍ប្រទេស ផលប្រយោជន៍ជាតិជាធំបំផុត!

រហូតក្នុងរយៈពេលកន្លងមក ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន ប្រកាសលាលែងពីមុខតំណែងជានាយករដ្ឋមន្រ្តីជាផ្លូវការ ហើយមានអ្នកស្នងតំណែងរបស់សម្តេចនោះ សាធារណៈមតិតែងតែនិយាយជជែកឥតឈប់ឈរអំពីគោលនយោបាយក្នុងស្រុក និងបរទេសរបស់កម្ពុជា។ ការប៉ាន់ស្មានទាំងនេះអាចមានឬគ្មានមូលដ្ឋានច្បាស់លាស់ទេ។

ទោះជាយ៉ាងណាក៏ដោយ គោលការណ៍ដែលមិនអាចកែប្រែបានរបស់គណបក្សប្រជាជនគឺ៖ “ប្រសិនបើអ្នកជាសមាជិកគណបក្សប្រជាជន ខណៈពេលដែលអ្នកតំណាងឱ្យគណបក្ស អ្នកត្រូវតែគោរពតាមគោលនយោបាយ និងកម្មវិធីនយោបាយដែលកំណត់ដោយគណបក្សប្រជាជនជាដាច់ខាត”។

ហេតុដូច្នេះ ទស្សនៈនយោបាយក្នុងស្រុក និងក្រៅស្រុករបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត គឺនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយជាមូលដ្ឋានដោយមិនងាករេ របស់គណបក្សប្រជាជនកម្ពុជា ពោលគឺ “ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា”។

មានប្រសាសន៍ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា កាលពីដើមខែកក្កដា បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ៤៤ឆ្នាំមកនេះ ធ្វើការងារផ្តោតលើគោលដៅតែ៣ទេគឺ “ជីវិត ក្រពះ និងមុខមាត់”។

បណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់អំពី គោលដៅអាទិភាព ៣ ចំណុចនៃគោលនយោបាយនេះ ដោយក្នុងនោះលោកថា៖

ជីវិត៖ គឺរាជរដ្ឋាភិបាលគិតអាយុជីវិតប្រជាពលរដ្ឋជាធំ ដោយចាប់ផ្តើមពីការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបង្រួមបង្រួមជាតិ បង្កើតសន្តិភាពពេញលេញឱ្យកម្ពុជា។

ចំណែក ក្រពះ គឺសំដៅជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើឱ្យកាន់តែធូរធារប្រសើរឡើង ដែលក្នុងនោះមានការហូបចុក ការរៀនសូត្រ ការរស់នៅ និងសុខភាពជាដើម។

រីឯង មុខមាត់ សំដៅលើការផ្តល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងខិតខំស្វែងរកកិត្តិយសឱ្យកម្ពុជានៅលើឆាកអន្តរជាតិជាដើម។

ទាក់ទងនឹងគោលជំហរនយោបាយការបរទេស សាធារណៈមតិប្រាកដជានឹងយកចិត្តទុកដាក់ សម្លឹងជាពិសេសទៅលើប្រវត្តិអប់រំរបស់នាយករដ្ឋមន្ត្រីថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសិក្សានៅអាមេរិក និងលោកខាងលិច។ ហើយតាមពិត ពួកគេជាច្រើនជឿថា ជាមួយនឹងប្រវត្តិអប់រំនេះ គាត់នឹងនាំមកនូវការផ្លាស់ប្តូរទស្សនវិស័យនយោបាយការបរទេសបើប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុនរបស់គាត់ គឺឪពុករបស់គាត់ និយាយឱ្យងាយយល់គឺគាត់នឹងខិតទៅជិតសហរដ្ឋអាមេរិក និងលោកខាងលិច...

ប៉ុន្តែក៏មានមតិផ្សេងៗដែរថា ការដែលអ្នកនយោបាយទទួលការអប់រំសិក្សានៅទីណាវាមិនប្រាកដប្រជានឹងជះឥទ្ធិពលទាំងស្រុងដល់ទស្សនៈនយោបាយរបស់គាត់ឡើយ ឬចំណេះដឹងដែលរៀនពីប្រទេសនេះមិនចាំបាច់យកទៅប្រើប្រាស់ទាំងស្រុងនៅក្នុងប្រទេសផ្សេងនោះទេ។ សរុបមក គឺ វាក៏អាស្រ័យទៅលើកត្តាមួយចំនួនដូចជា ស្ថានភាពជាក់ស្តែងនៃនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណីជាដើមទៀតផង។

ប្រឈមមុខនឹងសាធារណៈមតិយ៉ាងច្រើនបែបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិយាយដោយត្រង់ៗថា កម្ពុជាបានឆ្លងកាត់អតីតកាលដ៏ជូរចត់បំផុត ដោយធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់រវាងមហាអំណាចក្នុងទសវត្សរ៍ទី ៧០។ ប្រសិនបើប្រទេសមួយពឹងផ្អែកលើប្រទេសណាមួយនោះ ហើយមិនអើពើនឹងប្រទេសផ្សេងៗទៀត ផលវិបាកដូចពីអតីតកាលគឺជៀសមិនរួចឡើយ។ ហេតុនោះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែរក្សាជំហររបស់ខ្លួនក្នុងការយកផលប្រយោជន៍ប្រជាជនកម្ពុជាជាអាទិភាពធំបំផុត។

លោកក៏បានបញ្ជាក់ជាថ្មីអំពីជំហររបស់កម្ពុជាគឺ អព្យាក្រឹត ដោយសង្កត់ធ្ងន់ថា កម្ពុជាមានទំនាក់ទំនងល្អមិនថាជាមួយប្រទេសចិន សហរដ្ឋអាមេរិក លោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែជាមួយប្រទេសទាំងអស់។ នេះជាគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងត្រូវបានបន្តអនុវត្តគោលនយោបាយនេះនាពេលអនាគត។

ការដែលបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជា។ "ខ្យល់ថ្មី" និង "ការគិតថ្មី" ត្រូវបានគេរំពឹងថានឹងបន្តស្នងនូវតម្លៃចាស់ និងលើកកម្ពស់តម្លៃថ្មី។

ប្រជាជនកម្ពុជាកំពុងរង់ចាំជួរអ្នកដឹកនាំជំនាន់ថ្មី កាន់តែមានភាពស្វាហាប់ រស់រវើក មានគំនិតច្នៃប្រឌិត និងហ៊ានធ្វើការផ្លាស់ប្តូរបន្ថែមទៀត ធានាបាននូវសន្តិភាព ស្ថិរភាព វិបុលភាពប្រកបដោយនិរន្តរភាព និងប្រកាន់ផលប្រយោជន៍ប្រទេស និង ជាតិជាធំបំផុត៕

អត្ថបទសរសេរដោយក្រុមអ្នកកាសែតកងទ័ពប្រជាជន