leftcenterrightdel
វិមានឈ្នះ-ឈ្នះ គឺជានិមិត្តរូបនៃសន្តិភាពពេញលេញនៅកម្ពុជា

សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម!

មិនថាសង្គ្រាមណាក៏ដោយឱ្យតែកើតឡើងទោះក្នុងរយៈពេលខ្លីប៉ុនណាក្តី វាពិតជាត្រូវតែចំណាយពេលជាច្រើនជំនាន់ដើម្បីបញ្ចប់ និងស្តារសន្តិភាពឡើងវិញ។ ហើយសង្គ្រាមស៊ីវិលនៅកម្ពុជាក៏មិនខុសគ្នាពីក្រឹត្យក្រមនេះទេ។

សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជាបានបង្កើតអំពើហិង្សា ការកាប់សម្លាប់គ្នាទៅវិញទៅមក និងការបំផ្លាញសង្គមខ្ទេចខ្ទី។ ជាលទ្ធផល សង្គមទាំងមូលបានបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍទាំងអស់ដោយសារអស្ថិរភាពនយោបាយ ភាពក្រីក្រ ភាពឯកោ ហត់នឿយ ហិនហោចនៃធនធាន សូម្បីតែសិទ្ធិមនុស្សក៏មិនមានតម្លៃទៀតទេ។

ថ្វីត្បិតតែរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេស និងប្រជាជនកម្ពុជាបានរួចផុតពីរបប “វាលពិឃាត” ប៉ុន្តែកម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយ សង្រ្គាមស៊ីវិលនៅតែបន្តឆាបឆេះ បំផ្លាញប្រទេសកម្ពុជាខ្ទេចខ្ទី។

leftcenterrightdel
សង្គ្រាមស៊ីវិលដែលបន្តកើតមាននៅក្នុងប្រទេសកម្ពុជាបង្កឱ្យមានអស្ថិរភាពនយោបាយ ភាពក្រីក្រ និងភាពនឿយហត់ (រូបថត៖ information.gov.kh)

ប្រឈមមុខនឹងទុក្ខលំបាករបស់ប្រទេស និងប្រជាជនកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកប្តូរឈ្មោះជារដ្ឋកម្ពុជា រួមនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយខាងនយោបាយទាំងអស់ ដើម្បីដណ្តើមបានសន្តិភាព ឯកភាពជាតិ និងការបង្រួបបង្រួមទឹកដី កៀរគរធនធានមនុស្ស និងថវិកា ដើម្បីកសាងប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យបន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញជាច្រើនឆ្នាំដោយសារសង្រ្គាម។

ដោយឈរលើទស្សនៈថា “សង្រ្គាមមិនអាចបញ្ចប់ដោយកាណុងកាំភ្លើង” និងដើម្បីសម្រេចបាននូវដំណោះស្រាយខាងនយោបាយចំពោះជម្លោះនៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន មើលឃើញថា មានតែការចរចាររវាងភាគីនានារបស់កម្ពុជាលើបញ្ហាជម្លោះប្រដាប់អាវុធទេទើបបញ្ចប់បានសង្រ្គាមបង្ហូរឈាម និងកសាងប្រទេសកម្ពុជាឡើងវិញដោយសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ។

អាចនិយាយបានថា ដំណើរការស្វែងរកសន្តិភាពគឺពិបាកខ្លាំងណាស់ ជាផ្លូវវែងឆ្ងាយរដិបរដុប និងលំបាកជាទីបំផុត។ ប៉ុន្តែ ទោះបីជាយ៉ាងណា វានៅតែល្អប្រសើរជាងការបន្តសង្គ្រាមអយុត្តិធម៌។ អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាចង់បាន ប៉ុន្តែ UNTAC មិនអាចសម្រេចបាននោះគឺនៅពេលដែលពួកគេដកខ្លួនចេញពីប្រទេសកម្ពុជា បានសន្សល់ទុកនូវប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ  ហើយប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ១៩៩៣ ដែលរៀបចំដោយ UNTAC តែបន្ទាប់មកសង្រ្គាមស៊ីវិលនៅតែបន្តកើតឡើង។ នៅពេលនោះ ខ្មែរក្រហមនៅតែធ្វើសកម្មភាពខុសច្បាប់នៅកម្ពុជា ពោលគឺប្រទេសមានរដ្ឋាភិបាលពីរ មួយស្របច្បាប់ និងមួយខុសច្បាប់។ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា៖ ការគ្រប់គ្រងដោយរដ្ឋាភិបាលច្រើនជាងមួយមានន័យថាយើងប្រឈមមុខនឹងវិបត្តិនយោបាយក៏ដូចជាសង្គ្រាមស៊ីវិល។ ប្រទេសត្រូវបានបែងចែកដោយសារធនធានធម្មជាតិ និងរចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លាញទាំងអស់។

ដូច្នេះហើយ ជម្រើសបន្ទាប់ដើម្បីឆ្ពោះទៅរកសន្តិភាពពេញលេញនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បន្តអនុវត្តដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្រ DIFID ហៅថា “បញ្ចប់” (finish) ដោយអនុម័តច្បាប់ដកខ្មែរក្រហមចេញពីរង្វង់ច្បាប់។ ជំហានបន្ទាប់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានអនុវត្តដោយជោគជ័យតាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ១៩៩៨ ហើយជាមួយនឹងគោលនយោបាយនេះ សម្តេចបានបន្តអនុវត្តរហូតមកដល់បច្ចុប្បន្នក្នុងវិស័យ និងបញ្ហាជាច្រើន។

គោលនយោបាយឈ្នះ-ឈ្នះ ឈរលើគោលការណ៍នាំមកនូវសុខុមាលភាពសង្គម ឯកភាពជាតិ សន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍខាងនយោបាយ សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព បញ្ចប់សង្គ្រាមស៊ីវិលក្នុងរយៈពេលជាងបីទស្សវត្ស តាមរយៈការលុបបំបាត់អង្គការនយោបាយរបស់ខ្មែរក្រហម និងបញ្ចូលកម្លាំងនេះទៅក្នុងជីវិតសេដ្ឋកិច្ច សង្គម និងនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ធានាសន្តិភាព និងសន្តិសុខនៅកម្ពុជា។ ហើយចំណុចសំខាន់មួយគឺថា មិនថាអ្នកជានរណា ឬនិន្នាការនយោបាយអ្វីទេ គឺឈ្នះទាំងអស់គ្នា។

leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានអនុវត្តប្រកបដោយជោគជ័យពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ១៩៩៨ (រូបថត៖ pressocm.gov.kh)

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មាននិយាយថា អង្គការសហប្រជាជាតិបានចំណាយប្រហែល ២ ពាន់លានដុល្លារអាមេរិក បន្ទាប់មកចាកចេញទៅ ដោយបន្សល់ទុកប្រទេសកម្ពុជាមួយដែលនៅតែត្រូវបែងចែកជាបក្សពួកជាច្រើន ជាពិសេសខ្មែរក្រហមដែលបន្តប្រឆាំងប្រយុទ្ធជាមួយរដ្ឋាភិបាលស្របច្បាប់។ នោះគឺជាការពិតជាក់ស្តែង ហើយត្រឹមតែសាមគ្គីភាពតាមរយៈយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្តេចទេ ទើបកម្ពុជាមានសុខដុមរមនា ឯកភាពជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅខែធ្នូ ឆ្នាំ១៩៩៨។

លោក ប្រាក់ សុខុន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានបញ្ជាក់ដែរថា ជាមួយនឹងគោលនយោបាយឈ្នះ-ឈ្នះ ទីបំផុតកម្ពុជាទទួលបានសន្តិភាពពេញលេញ និងសុខដុមរមនាជាតិ ដែលជាចំណុចស្នូលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែ UNTAC ធ្វើមិនបានសម្រេច។

អាចនិយាយបានថាគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាមេរៀនដ៏សំខាន់បំផុត ដែលអាចរៀនបានពីបទពិសោធន៍របស់កម្ពុជាគឺ “សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានទេ”។ មានតែការចរចាដោយសន្តិវិធី និងការសម្របសម្រួល និងការធ្វើសម្បទានទៅវិញទៅមកទេ ទើបអាចនាំទៅរកសន្តិភាពបាន។ ព្រោះលុះត្រាតែគ្មានភាគីណាជាអ្នកចាញ់ ហើយលែងមានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធទៀតទេនោះ បញ្ហាទាំងអស់ទើបអាចដោះស្រាយទាំងស្រុងបាន។

ឱសថពិសេសសម្រាប់ព្យាបាលសង្គ្រាមស៊ីវិលនៅកម្ពុជា

បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ អង្គការសហប្រជាជាតិបានចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ដែលអនុញ្ញាតឱ្យអង្គការសហប្រជាជាតិគ្រប់គ្រងកម្ពុជារហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ១៩៩៣។ យ៉ាងណាក៏ដោយ ខ្មែរក្រហមបានពហិការមិនចូលរួមការបោះឆ្នោត និងបដិសេធមិនចូលរួមរដ្ឋាភិបាលថ្មី ដែលជាហេតុធ្វើឲ្យសង្រ្គាមស៊ីវិលបន្តផ្ទុះឡើងទៀត។

ដោយមានបំណងចង់បញ្ចប់ភ្លើងសង្គ្រាម និងសម្រេចបាននូវសន្តិភាព ភាពសុខដុមរមនាជាតិ និងការបង្រួបបង្រួមជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាព សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នៅដើមឆ្នាំ ១៩៩៦ ដោយផ្អែកលើយុទ្ធសាស្ត្រ DIFID ដែលអាចយល់ថាជាយុទ្ធសាស្ត្រ "បែងចែកដើម្បីគ្រប់គ្រង"៖ "បែងចែក (Divide)  ឯកោ (Isolate) បញ្ចប់ (Finish) រួមបញ្ចូល (Integrate) និងអភិវឌ្ឍ (Develop)” សំដៅលុបចោលទាំងស្រុងអង្គការខ្មែរក្រហម ឬអង្គការណាដែលក្បត់ជាតិ និងបង្កគ្រោះថ្នាក់ដល់ជាតិ។

ជាការពិតណាស់ សម្តេចតេជោ ហ៊ុន សែន បានអនុវត្តយុទ្ធសាស្ត្រ DIFID តាំងពីឆ្នាំ ១៩៨៥ ភ្លាមៗបន្ទាប់ពីសម្តេចត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (ស្មើនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន) នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា សម្តេចបានលើកឡើងពីគោលនយោបាយជាច្រើនដើម្បីនាំមកនូវសន្តិភាពដល់ប្រទេស និងប្រជាជន ដូចជា ធ្វើឱ្យមានការខ្វែងគំនិត និងប្រេះឆានៅក្នុងរដ្ឋាភិបាលបីភាគី ព្រោះបីភាគីនេះមានចរឹតខុសគ្នាទាំងស្រុង បញ្ចុះបញ្ចូលកងកម្លាំងរាជានិយមរបស់ព្រះបាទនរោត្តម សីហនុ និងកងកម្លាំងរបស់លោក សឺន សាន ឱ្យត្រឡប់មករួមរស់ជាមួយគ្នាក្នុងសង្គមតែមួយ រុញច្រានកម្លាំងខ្មែរក្រហមឱ្យស្ថិតក្នុងស្ថានភាពឯកោពីកងកម្លាំងចម្រុះរដ្ឋាភិបាលបីភាគី និងឯកោលើឆាកអន្តរជាតិ ជាពិសេសប្រទេសនានាដែលគាំទ្រ និងផ្តល់ជំនួយពួកគេ។ល។ នេះជាចំណុចចាប់ផ្តើម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតយុទ្ធសាស្ត្រ ដែលសម្តេចតេជោ ហ៊ុន សែន ដាក់ចេញដើម្បីលុបបំបាត់អង្គការនយោបាយខ្មែរក្រហមចេញពីនយោបាយកម្ពុជា។

leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយ ឈ្នះ- ឈ្នះ នៅដើមឆ្នាំ ១៩៩៦ ក្នុងគោលបំណងចង់បញ្ចប់ភ្លើងសង្គ្រាម និងសម្រេចបាននូវសន្តិភាពពេញលេញ និងសុខដុមរមនាជាតិ (រូបថត៖ mod.gov.kh)

គោលនយោបាយឈ្នះ-ឈ្នះបានសន្យានូវលក្ខខណ្ឌសំខាន់ៗចំនួនបីសម្រាប់អ្នករត់ចោលពីពួកខ្មែរក្រហម៖

ទីមួយ ធានាអាយុជីវិត និងរាងកាយ។ ការធានាសុវត្ថិភាពនៃជីវិត និងរាងកាយសម្រាប់បុគ្គល និងក្រុមគ្រួសារនៃអ្នកធ្លាប់តាមខ្មែរក្រហម តែបានស្ម័គ្រចិត្តទំលាក់អាវុធ និងចុះចាញ់រដ្ឋាភិបាល។ នេះជាចំណុចសំខាន់បំផុតសម្រាប់អ្នកដែលបំបែកខ្លួនពីរបបខ្មែរក្រហម ពួកទទួលបានការធានាមិនរងការសងសឹក ធ្វើទុក្ខបុកម្នេញ ឬសូម្បីតែសម្លាប់ទេ។ រដ្ឋាភិបាលត្រូវធានាថា ជីវិត និងរាងកាយរបស់ពួកគេមានសុវត្ថិភាព។ បើគ្មានការធានានេះ វានឹងមិនមានការបញ្ចប់នៃការបង្ហូរឈាមនោះទេ។

ទី២ ធានានូវមុខរបរ និងរក្សាលំនឹងជីវភាពរស់នៅ។ នេះក៏ជាចំណុចសំខាន់ផងដែរ ការសន្យានេះធានាថាពួកគេមានឱកាសពេញលេញក្នុងការបន្តមុខរបររបស់ពួកគេ និងរក្សាលំនឹងជីវភាពរស់នៅដោយស្របច្បាប់។

ទី៣ ធានានូវសិទ្ធិកាន់កាប់ទាំងចលនវត្ថុ និងអចលនវត្ថុ៖ ធានាសុវត្ថិភាពចំពោះទ្រព្យសម្បត្តិ ដែលប្រជាជនខ្មែរក្រហមកាន់កាប់កាលពីអតីតកាល ដោយមិនត្រូវបានរឹបអូស ឬ រុះរើ។

អ្នករត់ចោលខ្មែរក្រហម ត្រូវបានស្វាគមន៍ឱ្យចូលរួមជាមួយរដ្ឋាភិបាលដោយសន្តិវិធី និងធ្វើសមាហរណកម្មទៅក្នុងសង្គមឡើងវិញ ប្រការនេះកាន់តែធ្វើឱ្យខ្មែរក្រហមចុះខ្សោយ បែកបាក់។

ទីបំផុត នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ លោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបខ្មែរក្រហម លោក នួន ជា អតីតប្រធានរដ្ឋសភាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតដូចជា លោក អៀង សារី លោក ចាន់ យូរ៉ាន់ និងលោក ជួន ជឿន បានទៅកាន់គេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្រុងតាខ្មៅ ដើម្បីចុះចាញ់រាជរដ្ឋាភិបាលកម្ពុជា ដោយព្រមរំសាយរបបខ្មែរក្រហមជាផ្លូវការ។

leftcenterrightdel
ក្រុមចុងក្រោយរបស់ ប៉ុល ពត បានចុះចាញ់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (រូបថត៖ Gilles Peress Magnum)

សាធារណៈមតិនៅតែចោទជាសំណួរថា ហេតុអ្វីបានជាគេហដ្ឋានឯកជនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រើជាកន្លែងជួបជុំ និងចុះចាញ់របស់មេដឹកនាំខ្មែរក្រហមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨?

តាមពិត នេះជា “ល្ខោនអស្ចារ្យល្អមើលដែលអ្នកដឹកនាំ គ្មានអ្នកណាក្រៅពីសម្តេចតេជោ ហ៊ុន សែន” សុទ្ធតែជាយុទ្ធសាស្ត្រ ជាការគិតគូរប្រកបដោយបញ្ញាវាងវៃ ព្រោះតាមរយៈព្រឹត្តិការណ៍នេះ សម្តេចចង់ផ្ញើសារសំខាន់ៗ ចំនួន៣ ដែលមានចរឹតជា “សង្គ្រាមចិត្តសាស្ត្រ”។

ទីមួយ សម្តេចចង់ជូនដំណឹងដល់កងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ទាំងអស់ដែលមិនទាន់ចុះចាញ់ថា មេដឹកនាំរបស់ពួកគេបានចុះចាញ់ហើយ ឥឡូវនេះពួកគេដូចជា "ពស់គ្មានក្បាល" ដូច្នេះតើពួកគេនៅតែប្រយុទ្ធដើម្បីអ្វីទៀត!

ទី២ សម្តេចចង់ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា សង្រ្គាមបានបញ្ចប់ជាស្ថាពរហើយ។ ប្រជាជនកម្ពុជាបាននឿយហត់ពេកហើយ និងធុញទ្រាន់នឹងជម្លោះប្រដាប់អាវុធជាច្រើនឆ្នាំហើយ ដូច្នេះ ពួកគេត្រូវការរក្សាលំនឹងជីវភាពរស់នៅ។

ទី៣ បង្កើតទំនុកចិត្តដល់វិនិយោគិនបរទេសដែលធ្វើអាជីវកម្មនៅកម្ពុជា។ ជាការពិតណាស់ គ្មានអាជីវកម្មណាហ៊ានបណ្តាក់ទុនច្រើននៅក្នុងប្រទេសដែលកំពុងមានសង្គ្រាមស៊ីវិលទេ។

ប្រសិនបើសង្រ្គាមស៊ីវិលអូសបន្លាយយូរ វាប្រដូចទៅនឹងជំងឺរ៉ាំរ៉ៃដោយគ្មានឱកាសព្យាបាលបានទេនោះ គឺគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ពិតជា "ឱសថទិព្វ" ពិតពិត។ គោលនយោបាយយុទ្ធសាស្ត្រនេះបានបង្កើតជាមូលដ្ឋានគ្រឹះបើកចំហសម្រាប់កម្ពុជាដើម្បីឈានចូលដំណាក់កាលថ្មី។

គោលនយោបាយឈ្នះ-ឈ្នះ ក៏ត្រូវបានគេទទួលស្គាល់ថាជាសមិទ្ធផល និងយុទ្ធសាស្ត្រដ៏មហិមារបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមាគ៌ារួមឆ្ពោះទៅរកសន្តិភាព ឯកភាពជាតិ និងការបង្រួបបង្រួមជាតិសម្រាប់ព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងនោះនាំមកនូវឱកាសថ្មីៗជាច្រើនសម្រាប់ប្រទេសអភិវឌ្ឍ និងរីកចម្រើន។ ម្យ៉ាងទៀត នេះជាមរតកសន្តិភាព របស់សម្ដេចតេជោ សម្រាប់ប្រជាជាតិកម្ពុជា ។

អរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះ ឈ្នះ!

នៅកម្ពុជាសព្វថ្ងៃ ពាក្យស្លោក “អរគុណសន្តិភាព អរគុណគោលនយោបាយ ឈ្នះ-ឈ្នះ” បានបន្លឺឡើងពេញផ្ទៃប្រទេស ក្លាយជាស្មារតីនៃសង្គមដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងគួរឱ្យរំភើបក្នុងការកសាង និងការពារមាតុភូមិ និងក្លាយជាពាក្យស្លោកមួយដែលស្ទើរតែគ្រប់ព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស និងរបស់គណបក្សប្រជាជនកម្ពុជា នៅពេលចាប់ផ្តើមកម្មវិធី ឬសុន្ទរកថា ឬកិច្ចពិភាក្សា ពាក្យស្លោកនេះត្រូវបានបន្លឺឡើង។

សន្តិភាពតែងតែជាក្តីប្រាថ្នារបស់ប្រជាជនជុំវិញពិភពលោក ដែលជា "ត្រីវិស័យ" សម្រាប់ការគិតគូរពីការអភិវឌ្ឍ ហើយប្រជាជាតិណាដែលចង់ឆ្ពោះទៅរកភាពរុងរឿង គឺសុទ្ធតែត្រូវការសន្តិភាពជាមូលដ្ឋានគ្រឹះ។

leftcenterrightdel
ពិធីសម្ពោធវិមានឈ្នះ-ឈ្នះ (រូបថត៖ mod.gov.kh / khmerpostasia.com / pressocm.gov.kh)

ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងរយៈពេលជាង ៥០០ ឆ្នាំកន្លងមក ប្រទេសនេះមិនធ្លាប់មានសន្តិភាព សាមគ្គីភាព និងសុខដុមរមនាជាតិពេញលេញដូចសព្វថ្ងៃនេះទេ។ ដោយឆ្លងកាត់ជម្លោះ ការបែកបាក់ និងសង្គ្រាមស៊ីវិលជាច្រើនសតវត្សមកហើយ ប្រជាជនកម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព និងបូរណភាពទឹកដី ដែលខ្លួនទទួលបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ដែលទាំងអស់នេះបានមកពីគោលនយោបាយ ការលះបង់ដ៏អស្ចារ្យ ជារបត់ប្រវត្តិសាស្ត្រ និងអាស្រ័យដោយគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រជាពលរដ្ឋខ្មែរ មិនថាពួកគេជានរណា មិនប្រកាន់បក្សនយោបាយ ឬវណ្ណៈសង្គម សុទ្ធតែរស់នៅក្នុងបរិយាកាសសុខសាន្ត និងស្ថិរភាព មានសិទ្ធិកំណត់ជោគវាសនាដោយខ្លួនឯង និងរីករាយគ្រប់ឱកាសទាំងអស់ ដែលទទួលបានលទ្ធផលពីការអភិវឌ្ឍរបស់ប្រទេស។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញចូលរួមពិធីសម្ពោធវិមានឈ្នះ-ឈ្នះ (រូបថតកាលពីឆ្នាំ ២០១៨) (រូបថត៖ mod.gov.kh)

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាពនេះគឺសម្រាប់កម្ពុជាទាំងមូល។ មិនថាអ្នកណាជានិន្នាការនយោបាយ ឬមានការយល់ដឹងយ៉ាងណាទេ អ្នកទាំងអស់គ្នាកំពុងទទួលបានសន្តិភាពប្រកបដោយនិរន្តរភាពពីគោលនយោបាយ ឈ្នះ-ឈ្នះ។

នៅកម្ពុជា វិមានឈ្នះ-ឈ្នះ ជានិមិត្តរូបនៃសមិទ្ធផលរបស់គោលនយោបាយ ឈ្នះ-ឈ្នះ ភាពសុខដុមរមនាជាតិ និងការបង្រួបបង្រួមជាតិ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ វិមានមានកម្ពស់ ៥៤ ម៉ែត្រ ដែលជាការរំឭកអំពីការលះបង់ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដែលហាក់ដូចជាមិនចេះចប់ក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។

រចនានៃវិមាននេះ ក៏ពោរពេញដោយអត្ថន័យដ៏ជ្រាលជ្រៅ និងគួរឲ្យចាប់អារម្មណ៍ផងដែរ ជាមួយនឹងមូលដ្ឋានប៉ង់តាហ្គោននៃវិមានឈ្នះ-ឈ្នះ តំណាងឱ្យយុទ្ធសាស្ត្រ "បែងចែកដើម្បីគ្រប់គ្រង" (DIFID) របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាពាក្យកាត់សម្រាប់ឃ្លាជាភាសាអង់គ្លេសថា “បែងចែក (Divide)  ឯកោ (Isolate) បញ្ចប់ (Finish) រួមបញ្ចូល (integrate) និងអភិវឌ្ឍន៍ (Develop)”។

leftcenterrightdel
វិមានឈ្នះ-ឈ្នះ ជានិមិត្តរូបនៃអត្តសញ្ញាណជាតិថ្មី និងឯកភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា

ផ្នែកខាងលើគឺជាប្លុកថ្មរាងត្រីកោណកម្ពស់ ៣៣ ម៉ែត្រ ដែលតំណាងឱ្យការប្តេជ្ញាចិត្តចំនួន ៣ ដែលបានធ្វើឡើងចំពោះប្រជាជនខ្មែរក្រហមនៅពេលចុះចាញ់នឹងរដ្ឋាភិបាលគឺ "ជីវិត ជីវភាពរស់នៅ និងទ្រព្យសម្បត្តិ"។

ដោយលើកតម្កើងនិមិត្តរូបនៃវិមានឈ្នះ-ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍ថា វិមានឈ្នះ-ឈ្នះ ជានិមិត្តរូបនៃអត្តសញ្ញាណជាតិថ្មី និងឯកភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដណ្តើមបានសន្តិភាពពេញលេញ។ វិមាននេះប្រៀបដូចជាកេរដំណែលរបស់ជាតិ ហើយនឹងត្រូវបានបន្សល់ទុកដល់ជំនាន់ក្រោយ។

អាចរួមសេចក្តីមកបានថា សម្រាប់ប្រជាជនកម្ពុជានិយាយរួម ពេលនិយាយពាក្យសន្តិភាព អ្នកដែលពួកគេគិតភ្លាមគឺសម្ដេចតេជោ ហ៊ុន សែន។ សម្រាប់ប្រជាជនកម្ពុជា សម្ដេចពិតជានិមិត្តរូបនៃសន្តិភាព សម្ដេចគឺជាអ្នកដែល យកជីវិតជាដើមទុនក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្ដេចក៏ត្រូវបានគេប្រដូចទៅនឹង "ស្ថាបត្យករ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាឆ្នាំ ១៩៩១ “បិតា” នៃគោលនយោបាយ ឈ្នះ-ឈ្នះ និងជាទង់ឈានមុខគេក្នុងបុព្វហេតុនៃសាមគ្គីភាពជាតិ ភាពសុខដុមរមនា ការបង្រួបបង្រួមទឹកដី ដឹកនាំជោគវាសនាអនាគតរបស់ប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើនក្នុងសុខសន្តិភាពយូរអង្វែងរបស់កម្ពុជា៕

អត្ថបទសរសេរដោយក្រុមអ្នកកាសែតកងទ័ពប្រជាជន