ខេត្ត Kien Giang និងខេត្ត An Giang ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ
កប.អនឡាញ - ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា គណៈកម្មការជំនាញខេត្ត Kien Giang សហការជាមួយគណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់ និងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមដែលស្វែងរក និងប្រមូលដោយក្រុម K៩២ (បញ្ជាការដ្ឋានយោធាខេត្ត Kien Giang) នៅរដូវប្រាំងឆ្នាំ ២០២២-២០២៣។
ក្នុងរដូវប្រាំង ២០២២-២០២៣ ក្រុមការងារ K៩២ បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥ អដ្ឋិធាតុ ដែលក្នុងនោះ នៅខេត្តកោះកុង ស្វែងរកបាន ១៩ អដ្ឋិធាតុ និងនៅខេត្តកំពត ស្វែងរកបាន ៦ អដ្ឋិធាតុ។ ទន្ទឹមនឹងនោះ ក្នុងដំណើរការបំពេញភារកិច្ច ក្រុម K៩២ បានចុះសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ១១០ កញ្ចប់ជូនអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋាន ហើយពិនិត្យ និងចែកថ្នាំពេទ្យដល់ប្រជាជនចំនួន ១០០ នាក់នៅខេត្តទាំង២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ល។
|
|
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់អដ្ឋិធាតុយុទ្ធជនពលី |
ថ្លែងមតិក្នុងពិធីនេះ តំណាងគណៈកម្មការជំនាញខេត្ត Kien Giang លោកវរសេនីយ៍ឯក Le Hoang Vu ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការសហការយ៉ាងជិតស្និទ្ធ និងការជួយគាំទ្ររបស់ថ្នាក់ដឹកនាំ អាជ្ញាធរ គណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៩២ បំពេញភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យ។
ក្នុងពិធីនេះ គណៈកម្មការជំនាញខេត្ត Kien Giang គណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត បានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញចំនួន ២៥ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាម នៅរដូវប្រាំងឆ្នាំ ២០២២-២០២៣។
ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Kien Giang បានប្រគល់អំណោយ ជូនថ្នាក់ដឹកនាំ អាជ្ញាធរ គណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត។
* សូមរំលឹកថា នាថ្ងៃទី ២៨ និងថ្ងៃទី២៩ ខែមិថុនា គណៈកម្មការជំនាញខេត្ត An Giang បានសហការជាមួយគណៈកម្មការជំនាញខេត្តតាកែវ និងខេត្តកំពង់ស្ពឺ រៀបចំពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ដែលត្រូវបានស្វែងរក និងប្រមូលដោយក្រុម K៩៣ (បញ្ជាការដ្ឋានយោធានខេត្ត An Giang) នៅរដូវប្រាំង ២០២២-២០២៣។
|
|
លោកវរសេនីយ៍ឯក Chau Chac ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តតាកែវ និងខេត្តកំពង់ស្ពឺ |
ដោយអនុវត្តតាមផែនការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៅរដូវប្រាំង ឆ្នាំ២០២២-២០២៣ កម្មាភិបាលនិងយុទ្ធជននៃក្រុម K៩៣ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥១ អដ្ឋិធាតុ។
តាងនាមគណៈកម្មការជំនាញខេត្ត An Giang លោកវរសេនីយ៍ឯក Chau Chac អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានអះអាងថា ដើម្បីសម្រេចបានលទ្ធផលនោះ ក្នុងដំណើរការបំពេញភារកិច្ចប្រមូលអដ្ឋិធាតុយុទ្ធជនពលី ក្រុម K៩៣ តែងតែទទួលបានការជួយគាំទ្រ ពីគណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ ជំនួយទាំងនេះបង្ហាញពីមនោសញ្ចេតនា និងសាមគ្គីភាពរវាងខេត្ត An Giang និងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និយាយដោយឡែក និងរវាងរដ្ឋទាំងពីរនិយាយរួម។ លោកអនុប្រធាននយោបាយរំពឹងថា គណៈកម្មការជំនាញខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នឹងបន្តផ្សព្វផ្សាយ និងចលនាស្ថាប័ន និងប្រជាជនឲ្យចូលរួមក្នុងការស្វែងរក និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា៕
បកប្រែដោយ Thuy Anh