ថ្នាក់ដឹកនាំខេត្ត Dong Thap ទទួលជួប និងធ្វើការជាមួយគណៈប្រតិភូសមាគមខ្មែរ-វៀតណាមនៅកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ១២ ខែមិថុនា លោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dong Thap និងតំណាងនៃស្ថាប័័ន សមាគមមួយចំនួនរបស់ខេត្ត បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដែលដឹកនាំដោយលោក ស៊ឹម ឈី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា។
ក្នុងជំនួបនោះ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្តអំពីសកម្មភាពរបស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជា។ បច្ចុប្បន្ន សមាគមមានគណៈកម្មការប្រតិបត្តិសាខានៅខេត្ត-ក្រុងចំនួន ២២ និងមានសមាគមជាសមាជិកចំនួន ៥ (សមាគមធុរកិច្ច សមាគមនារី សមាគមយុវជន សមាគមគ្រូពេទ្យ និងសមាគមមនុស្សចាស់) ហើយនៅខេត្តប៉ៃលិន ខេត្តកែប ខេត្តឧត្តរមានជ័យ មានតែតំណាងសមាគមប៉ុណ្ណោះ។ ចំពោះវិស័យវប្បធម៌ និងអប់រំ ក្នុងរយៈពេលកន្លងមក សមាគមបានកៀរគរខេត្ត ក្រុងនានាក្នុងប្រទេសវៀតណាម ដើម្បីជួយឧបត្ថម្ភថវិកាទិញដី និងសាងសង់សាលារៀន ព្រមទាំងជាកន្លែងសម្រាប់រៀបចំសកម្មភាពសហគមន៍ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៖ តាកែវ ស្វាយរៀង សៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ស្ពឺ។
    |
 |
លោក Huynh Minh Tuan ជូនវត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (រូបថត៖ baodongthap.vn) |
លោក ស៊ឹម ជី ក៏បានឲ្យដឹងថា បច្ចុប្បន្ន ជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរនិយាយរួម និងសហគមន៍ជនដើមកំណើតវៀតណាម នៅកម្ពុជាកំពុងមានការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យថ្នាក់ដឹកនាំខេត្ត ជួយជួសជុលសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមក្នុងខេត្តព្រៃវែង; ផ្តល់អាហារូបករណ៍ពេញលេញដល់កុមារនៃសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ដែលកំពុងសិក្សានៅសាលាឧត្តមសិក្សាវេជ្ជសាស្ត្រ Dong Thap…
ថ្លែងមតិក្នុងជំនួបនេះ លោក Huynh Minh Tuan បានថ្លែងអំណរគុណចំពោះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដែលបានបំពេញតួនាទីជាស្ពានតភ្ជាប់ក្នុងការជួយឧបត្ថម្ភជនជាតិវៀតណាមនៅកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលស្គាល់នូវអនុសាសន៍របស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជា ហើយបានបញ្ជាឲ្យមន្ទីរ ស្ថាប័នពាក់ព័ន្ធផ្ដល់សេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីឆ្លើយតបសមាគមខ្មែរ-វៀតណាមនៅកម្ពុជានាពេលខាងមុខនេះ៕
បកប្រែដោយ Thanh Cong