លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា បានចាប់ផ្តើមបំពេញបេសកកម្មការទូតនៅវៀតណាមក្នុងបរិបទដែលលោកចាត់ទុកថា "ពិសេសណាស់" នោះគឺនៅពេលដែលមិនត្រឹមតែវៀតណាម និងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងពិភពលោកទាំងមូលកំពុងទប់ទល់នឹងជំងឺរាតត្បាត Covid-19។ ក្នុងគ្រាដ៏លំបាកនោះ ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង" រវាងវៀតណាម និងកម្ពុជា ដែល "លេចធ្លោខ្លាំង" ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កាន់តែភ្លឺស្វាងថែមទៀត។ បើតាមលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា វៀតណាម និងកម្ពុជា តែងតែផ្តល់ជំនួយខាងស្មារតី និងសម្ភារៈដល់គ្នាទៅវិញទៅមក ហើយមកទល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរអាចគ្រប់គ្រងជំងឺរាតត្បាតបាន។ លោក ចាយ ណាវុធ បានចែករំលែកជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនថា៖ “ខ្ញុំក៏ចង់សង្កត់ធ្ងន់ទៅលើការជឿទុកចិត្ត ការយោគយល់គ្នា និងសាមគ្គីភាពរវាងប្រជាជាតិទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលរស់នៅជាមួយគ្នានៅលើឧបទ្វីបឥណ្ឌូចិន។ ប្រពៃណីនោះមានប្រភពមកពីអតីតកាល បន្តរហូតដល់សព្វថ្ងៃ ហើយខ្ញុំប្រាកដថា នឹងបន្តទៅថ្ងៃអនាគត”។

leftcenterrightdel
លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា (ខាងឆ្វេង) ក្នុងពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

ក្នុងចំណាប់អារម្មណ៍របស់លោក ចាយ ណាវុធ មនុស្សដែលគាត់មានឱកាសប្រាស្រ័យទាក់ទង និងជួបធ្វើការ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានពង្រឹងបន្ថែមទៀតនូវរូបភាពប្រជាជាតិវៀតណាមជាមួយនឹងប្រពៃណីឧស្សាហ៍ព្យាយាម ឆ្លាតវៃ ច្នៃប្រឌិត និងហ៊ានគិត ហ៊ានធ្វើ។ ពួកគេជាសហសេវិកនៅក្រសួងការពារប្រទេស ក្រសួងការបរទេស សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រសួង និងស្ថាប័នជាច្រើនទៀត និងបុគ្គលិកជនជាតិវៀតណាមនៅស្ថានទូត។ ពួកគេតែងតែគាំទ្រ ជួយឧបត្ថម្ភ និងលើកទឹកចិត្តគាត់យ៉ាងច្រើន។ លោក ចាយ ណាវុធ បានចែករំលែកថា “បើគ្មានពួកគេ ខ្ញុំមិនអាចបំពេញបេសកកម្មរបស់ខ្ញុំបានទេ”។

នោះជាចំណាប់អារម្មណ៍របស់លោក ចាយ ណាវុធ ចំពោះប្រជាជនវៀតណាមនាពេលបច្ចុប្បន្ន។ រីឯក្នុងអតីតកាល នោះជារូបភាពនៃ "ទឹកមុខរួសរាយរាក់ទាក់" របស់កងទ័ពស្ម័គ្រចិត្តវៀតណាម បើគ្មានពួកគេទេ "ប្រជាជនកម្ពុជា រួមទាំងខ្ញុំផង មិនអាចរស់បានឡើយ" ដូចដែលលោក ចាយ ណាវុធ បានបញ្ជាក់។ អ្នកការទូតកម្ពុជារូបនេះមិនដែលភ្លេចរូបភាពកងទ័ពស្ម័គ្រចិត្តវៀតណាមដែលឈរជើងទល់មុខផ្ទះគ្រួសារគាត់ក្នុងទីក្រុងភ្នំពេញប៉ុន្មានទសវត្សរ៍មុន។ ដោយស្មារតីហ្វឹកហាត់ដោយខ្លួនឯង កងទ័ពស្ម័គ្រចិត្តវៀតណាមនៅតែធ្វើលំហាត់ប្រាណជាប្រចាំរៀងរាល់ព្រឹក។ នោះបានដក់ជាប់ក្នុងចិត្ត បង្កើតទម្លាប់ក្រោកពីព្រលឹម ហាត់ប្រាណរាល់ព្រឹក ដែលលោក ចាយ ណាវុធ នៅតែរក្សារហូតមកដល់បច្ចុប្បន្ន។ លោកបានចែករំលែកថា “ស្ទើរតែរៀងរាល់ព្រឹក ខ្ញុំជិះកង់ប្រហែលមួយម៉ោងជុំវិញបឹងខាងលិច។ ប្រជាជនជាច្រើនក៏ជ្រើសរើសតំបន់ជុំវិញបឹងខាងលិច ដើម្បីហាត់ប្រាណនៅពេលព្រឹកដែរ”។

ក្នុងរយៈពេលជិត ៣ ឆ្នាំក្នុងឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម លោក ចាយ ណាវុធ បានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ចំនួនពីរលើក ហើយការទទួលអំណរបុណ្យចូលឆ្នាំថ្មីទាំងពីរលើកនេះ បានជួយឱ្យគាត់យល់កាន់តែច្រើនអំពីអត្ថន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នោះគឺការជួបជុំគ្នា។ លោកចាយ ណាវុធ បានចែករំលែកថា “ប្រជាជនវៀតណាម មិនថាឆ្ងាយពីស្រុកកំណើត ឬនៅជិតនោះទេ សុទ្ធតែព្យាយាមជួបជុំជាមួយគ្រួសាររបស់ពួកគេក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ទោះនៅទីណាក៏ដោយ ក៏ពួកគេក៏តែងតែនឹករលឹកដល់ក្រុមគ្រួសារដែរ។ ប្រការនេះមានអត្ថន័យពិសេសណាស់។ ខ្ញុំក៏ឃើញផងដែរថា ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការគោរពចំពោះបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាមាតាបិតាវៀតណាមដែលបានចិញ្ចឹមបីបាច់ និងបណ្តុះបណ្តាលជំនាន់ប្រជាពលរដ្ឋដ៏ល្អសម្រាប់ប្រទេសជាតិ”។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃការទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសវៀតណាម លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា បានផ្ញើពាក្យជូនពរជាភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ៖ “ខ្ញុំសូមគោរពជូនពរថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច”៕

បកប្រែដោយ Huyen Trang