leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន អំពីសមិទ្ធផលលេចធ្លោរបស់វៀតណាម-កម្ពុជា ក្នុងរយៈពេលកន្លងមក

ទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្ររួមនៃប្រទេសទាំងពីរ

អ្នកយកព័ត៌មាន ៖ ក្នុងឱកាស “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២” និងខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា តើលោករដ្ឋមន្ត្រីការបរទេស អាចចែករំលែកអំពីប្រវត្តិ និងអត្ថន័យនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង កម្ពុជា បានទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងសតវត្សន៍ទី ២០ ត្រូវបានលេចឡើងជារូបរាង និងផ្តើមចេញពីតម្រូវការរួម និងគោលដៅរួមក្នុងការតស៊ូរំដោះជាតិនៃប្រទេសទាំងពីរ។ ចំណងយុទ្ធសាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងអំឡុងឆ្នាំនៃសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយមដែលត្រូវបានផ្តួចផ្តើមដោយលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំនៃចលនារំដោះជាតិកម្ពុជា បង្កើតកម្លាំងរួមដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរឱ្យសម្រេចបានគោលដៅនៃការទទួលបានឯករាជ្យ និងសេរីភាព។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារទូរលេខផ្ញើជូនប្រមុខរដ្ឋកម្ពុជា សម្តេច នរោត្តម សីហនុ លោកប្រធានហូជីមិញ បានបញ្ជាក់ថា៖ “ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺជាការបង្ហាញដ៏ត្រចះត្រចង់នៃចំណងមិត្តភាពជិតស្និត និងយុទ្ធសាមគ្គីភាព។ នោះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍”។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្ររួមនៃប្រជាជនទាំងពីរ។

បន្ទាប់ពីបង្កើតទំនាក់ទំនងការទូត វៀតណាម និងកម្ពុជាបានឈរប្រកៀកស្មាគ្នា ទទួលបានជ័យជំនះជាច្រើនទាំងលើវិស័យយោធា និងការទូត ហើយបានរួមគ្នាទទួលបានជ័យជំនះជា ប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥។ ចំណងសាមគ្គីភាព ការជួយគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរត្រូវបានបង្ហាញកាន់តែច្បាស់ និងស៊ីជម្រៅនៅពេលដែល ប្រទេសទាំងពីររួមគ្នាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ ព្រៃផ្សៃ ជួយស្តារប្រទេសកម្ពុជាឡើងវិញពីបាទដៃទទេរ។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកអគ្គលេខាបក្ស Nong Duc Manh កាលពីខែមីនា ឆ្នាំ ២០០៥ ភាគីទាំងពីរបានឯកភាពពង្រឹង និងអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។

ជាមួយនឹងការតម្រង់ទិសនោះ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានបង្រួបបង្រួម និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជុំវិញពិភពលោក។

អាចនិយាយបានថារយៈពេល ៥៥ ឆ្នាំកន្លងទៅ គឺជារយៈពេលដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា ដែលត្រូវបានកត់សម្គាល់ដោយ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន នៅពេលដែលប្រទេសទាំងពីរបានរួបរួមគ្នាគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ ការតស៊ូទាមទារឯករាជ្យពីអាណានិគម និង ពួកចក្រពត្តិនិយម ប្រកៀកស្មាគ្នាផ្ដួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនីមួយៗ។

ខួបលើកទី ៥៥ ទិវានៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរគឺជាឱកាសមួយសម្រាប់យើងពិនិត្យមើលដំណើរអតីតកាល ដើម្បីឱ្យប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានយល់ដឹង និងមានការទទួលខុសត្រូវកាន់តែស៊ីជម្រៅថែមទៀត ក្នុងការថែរក្សា និងពូនជ្រំជានិច្ចនូវតម្លៃដ៏ល្អនៃចំណងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រជាជនទាំងពីរ។

ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយនាបផលប្រយោជន៍ទៅវិញទៅមក

អ្នកយកព័ត៌មាន៖ តើអ្វីៗជាសមិទ្ធផលលេចធ្លោនៃទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ជាពិសេសនាពេលថ្មីៗនេះ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ដូចបានជម្រាបជូនខាងលើ បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតរួចមក វៀតណាម និងកម្ពុជា រួមជាមួយឡាវ បានប្រកៀកស្មាគ្នាក្នុងការតស៊ូទាមទារឯករាជ្យ និងរំដោះជាតិសម្រេចបាននូវជ័យជម្នះជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងបីក្នុងនិទាឃរដូវឆ្នាំ ១៩៧៥ ។

ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងផ្តើមចេញពីប្រពៃណីនៃ សាមគ្គីភាព ការភ្ជាប់ទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ បន្ទាប់ពីបានបញ្ឈប់សកម្មភាពគឃ្លើនរបស់ពួក ប៉ុល ពត តំបន់ព្រំដែនភាគនិរតី វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តមកជួយកងកំលាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ធ្វើឡើងជ័យជំនះថ្ងៃ ៧ មករា ១៩៧៩ រំដោះប្រទេស និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ហើយបន្ទាប់មកបានបញ្ជូនអ្នកជំនាញជាច្រើនមកជួយមិត្តកសាងប្រទេសឡើងវិញ អនុវត្តកាតព្វកិច្ចអន្តរជាតិដ៏រុងរឿង បរិសុទ្ធ ។ 

សព្វថ្ងៃនេះ វៀតណាម និងកម្ពុជា មានសន្តិភាព និងឯករាជ្យពេញលេញ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែឈានចូលដំណាក់កាលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងមានផលប្រយោជន៍ទៅវិញទៅមក។  ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងល្អ។

រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកទាន់ពេលនិងមានប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិបានបន្តត្រូវបានពង្រឹង។ ភាគីទាំងពីរបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍មិនអនុញ្ញាតិឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ភាគីម្ខាងដើម្បីបំផ្លាញសន្តិសុខ និងផលប្រយោជន៍របស់ភាគីម្ខាងទៀតជាដាច់ខាត។

ឈរលើមូលដ្ឋាននៃសន្ធិសញ្ញា កិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្ថាប័នមុខងារ អាជ្ញាធរ និងប្រជាជន នៅតាមមូលដ្ឋានព្រំដែននៃភាគីទាំងពីរបានខិតខំកសាងព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងឆ្នាំ ២០១៩ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២  កត់ត្រានូវសមិទ្ធផលនៃការបោះបង្គោលព្រំដែនបានប្រហែល ៨៤% ហើយបច្ចុប្បន្នភាគីទាំងពីរកំពុងបន្តការចរចាដើម្បីដោះស្រាយនៅសល់ ១៦% ។

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនាពេលថ្មីៗនេះ បានអភិវឌ្ឍជាវិជ្ជមាន និងសម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្ត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីររស់នៅលើទឹកដីរៀងៗខ្លួន ស្របតាមច្បាប់នៃប្រទេសនីមួយៗ និងស្មារតីនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺរាតត្បាត សកម្មភាពផ្លាស់ប្តូរ និងទេសចរណ៍រវាងប្រទេសទាំងពីរបានចាប់ផ្តើមមានសកម្មភាពដ៏សកម្មឡើងវិញ។ រាល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការអប់រំ-បណ្តុះបណ្តាល ការថែទាំសុខភាព វប្បធម៌-កីឡា... បន្តទទួលបានយកចិត្តទុកដាក់ និងលើកកម្ពស់។

ក្នុងដំណើរការអនុវត្តគោលនយោបាយការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ប្រទេសទាំងពីរក៏បានសម្របសម្រួលគ្នាយ៉ាងល្អនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសនៅឆ្នាំ២០២២ ដែលកម្ពុជាកំពុងកាន់តួនាទីជាប្រធានអាស៊ាន។

និមិត្តរូបដ៏ពិសិដ្ឋនៃប្រទេសទាំងពីរ

អ្នកយកព័ត៌មាន៖ ឈរលើមូលដ្ឋាននៃសមិទ្ធផលនានាដែលត្រូវបានលើកឡើងខាងលើ ក្នុងឋានៈជាប្រមុខការទូតវៀតណាម តើលោកយល់យ៉ាងណាចំពោះទស្សនវិស័យនៃទំនាក់ទំនងវៀតណាម-កម្ពុជានាពេលខាងមុខ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ក្រឡេកទៅមើលអតីតកាល ៥៥ឆ្នាំកន្លងមក ទោះបីជួបប្រទះនឹងបញ្ហាប្រឈម និងការធ្លាក់ចុះនៃប្រវត្តិសាស្ត្រក៏ដោយ ក៏ចំណងសាមគ្គីភាពជាប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយល្អរវាងវៀតណាម និងកម្ពុជា ត្រូវបានរឹតបន្តឹង អភិវឌ្ឍដោយមិនឈប់ឈរ  ក្លាយទៅជានិមិត្តរូប និងទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងថែរក្សា និងលើកកម្ពស់។

សព្វថ្ងៃនេះ ក្នុងបរិបទនៃការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងពិភពលោក និងក្នុងតំបន់ ប្រទេសទាំងពីរត្រូវតែពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកដើម្បីស័ក្តិសមនឹងការលះបង់របស់ជំនាន់មុនៗក៏ដូចជាបំពេញសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយល្អ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ ខ្ញុំមានជំនឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនឹងបន្តអភិវឌ្ឍបានល្អ នាំមកនូវផលប្រយោជន៍ជាច្រើន លទ្ធផលជាក់ស្តែងស្របតាមទិសស្លោក "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង"។

នេះក៏ជាការចង់បាននិងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ដូចដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានមានប្រសាសន៍ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ ២០១៧ថា៖ “ទោះបីជាស្ថានភាពលើពិភពលោក និង ក្នុងតំបន់មានការវិវឌ្ឍប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយនឹងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន រួមជាមួយកម្ពុជា ដើម្បីរក្សា និងពូនជ្រំទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យស្រស់បំព្រងជារៀងរហូត”។

អ្នកយកព័ត៌មាន៖ អរគុណច្រើនលោករដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung