ក្នុងបរិយាកាសសប្បាយរីករាយនឹករលឹកអំពីស្រុកកំណើតនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​នោះ តាងនាមបក្ស រដ្ឋ ក្រសួងការបរទេស កម្មាភិបាល និងបុគ្គលិកនៃស្ថានតំណាងការទូត ស្ថានអគ្គកុងស៊ុលរបស់វៀតណាម ប្រចាំខេត្តចំនួន ៦ នៃភាគ​ពាយព្យ ប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង សៀមរាប ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន លោកអគ្គកុងស៊ុល Le Tuan Khanh បានផ្ញើសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អបវរជូន​ចំពោះសហគមន៍ជនជាតិវៀតណាមទាំងមូលនៅក្នុងភូមិភាគ ។

ក្នុងឱកាសនេះ លោក Le Tuan Khanh បានជម្រាបអំពីសមិទ្ធផលគួរឲ្យមោទនរបស់វៀតណាមក្នុងឆ្នាំ ២០២០ កន្លងមក។ ក្នុងបរិបទពិភពលោក និងតំបន់កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាត Covid-19 ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ការគ្រប់គ្រងយ៉ាងប្តូរផ្តាច់ និងមានភាពបត់បែនរបស់រដ្ឋាភិបាល និងស្មារតីមហាសាមគ្គីភាពជាតិ ប្រទេសវៀតណាមបានជំនះលើរាល់​ការលំបាក និងបញ្ហាប្រឈម គ្រប់គ្រងស្ថានការណ៍រាតត្បាតបានល្អ រក្សាស្ថិរភាពនយោបាយ និងសង្គម ពង្រឹងកិច្ចការការពារជាតិ និងសន្តិសុខ និងពង្រីកកិច្ចការបរទេស។

leftcenterrightdel
លោកអគ្គកុងស៊ុល  Le Tuan Khanh ថ្លែង​នៅពិធីជួបសំណេះសំណាល

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា លោកអគ្គកុងស៊ុល Le Tuan Khanh មានប្រសាសន៍ថា ទំនាក់ទំនងនយោបាយទ្វេភាគីកាន់តែមានភាពស៊ីជម្រៅ។ ដោយសារតែការរីករាលដាលនៃ Covid-19 ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រវាងភាគីទាំងពីរមិនអាចធ្វើទៅបាន ប៉ុន្តែការជួបសន្ទនាតាមទូរស័ព្ទនៅតែធ្វើឡើងជាប្រចាំដែលបានចូលរួមចំណែកជាក់ស្តែងក្នុងការកសាង និងការអភិវឌ្ឍប្រទេសរៀងៗខ្លួន។ ជាពិសេស ភាគីទាំងពីរបានផ្តល់សច្ចាប័ន និងចេញផ្សាយផែនទីឋានលេខាព្រំដែនគោក និងបណ្ដាឯកសារគតិយុត្តិដែលបានទទួលស្គាល់នូវសមិទ្ធផលនៃការបោះបង្គោល និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ។ នេះជាមូលដ្ឋានគតិយុត្តិយ៉ាងសំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរដើម្បីរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ទោះបីមានការលំបាកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅឆ្នាំ ២០២០ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៥,៣ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ វៀតណាមគឺជាវិនិយោគិនធំទី៥ ក្នុងចំណោមបណ្តាប្រទេសដែលវិនិយោគនៅកម្ពុជាដោយមាន ២១៦ គម្រោង និងមានដើមទុនចុះបញ្ជីសរុបជាង ៣,២ ពាន់លានដុល្លារអាមេរិក។

ក្រឡេកមើលកាលពីមួយឆ្នាំកន្លងទៅ លោកអគ្គកុងស៊ុល លោក Le Tuan Khanh បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពរបស់គណៈកម្មាធិការនៃសមាគមខ្មែរ-វៀតណាម នៅតាមបណ្តាខេត្តភាគ​ពាយព្យនៃប្រទេសកម្ពុជា ជួយប្រជាជនឱ្យរួបរួមគ្នារក្សាអត្តសញ្ញាណវប្បធម៌ជាតិ តែងតែឆ្ពោះទៅស្រុកកំណើត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសាមី។ ជាមួយគ្នានេះលោកបានវាយតម្លៃខ្ពស់ចំពោះសហគ្រាសវៀតណាមក្នុងតំបន់ដែលបានធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម និងកម្ពុជា។

ក្នុងឱកាសនេះ តាងនាមប្រជាជនដើមកំណើតវៀតណាមនៅក្នុងភូមិភាគ លោក Le Tuan Khanh បានថ្លែងអំណរគុណចំពោះសហគ្រាសទាំងឡាយ ជាពិសេសសាខារបស់ក្រុមហ៊ុនមិត្តហ្វូន (Viettel កម្ពុជា) នៅតាមបណ្តាខេត្ត ដែលបានរួមដំណើរជាមួយអគ្គកុងស៊ុលក្នុងការជួយគាំទ្រសហគមន៍ជនជាតិវៀតណាមជំនះការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃ Covid-19 និងទឹកជំនន់នាពេលថ្មីៗនេះ។

មុននេះ នារសៀលថ្ងៃដដែល តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងសហការជាមួយសមាគមខ្មែរ - វៀតណាម ប្រចាំខេត្តបាត់ដំបង និងក្រុមហ៊ុនមិត្តហ្វូននៅមូលដ្ឋាន បានប្រគល់អំណោយរួមមានអង្ករ និងសាច់ប្រាក់ជូនគ្រួសារវៀតណាមចំនួន ៥០ គ្រួសារដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕

បកប្រែដោយ Thanh Cong