ចូលរួមយុទ្ធនាការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី ជួយប្រទេសមិត្តពង្រឹងតំបន់រំដោះ (១៩៧៩-១៩៨១)

នៅឆ្នាំ ១៩៧៨ លោក Le Kha Phieu (ពីមុនជាប្រធានស្នងការដ្ឋាននយោបាយ នៃកងពល២) ត្រូវបានតំឡើងឋានៈជាវរសេនីយ៍ឯក ហើយត្រូវបានផ្ទេរដោយគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសទៅកាន់តំណែងជាប្រធានស្នងការដ្ឋាននយោបាយ នៃយោធភូមិភាគទី ៩  បន្ទាប់មកបានកាន់តំណែងជាអនុប្រធានទទួលបន្ទុកនយោបាយ និងជាប្រធានស្នងការដ្ឋាននយោបាយ នៃយោធភូមិភាគទី ៩។

នៅដើមឆ្នាំ ១៩៧៩ ឆ្លើយតបទៅនឹងការអំពាវនាវផ្តល់ជំនួយពីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (បានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨) កងទ័ពស្ម័គ្រចិត្តវៀតណាម (ប្រហែល ២៥០,០០០ នាក់) ដោយរួមមានកងពលស្រួចចំនួន ៣ (២ ៣ ៤) និងយោធភូមិភាគចំនួន ៣ (៥ ៧ ៩) បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជា ដើម្បីបើកការវាយលុកជាទូទៅ ផ្ដួលរំលំរបប ប៉ុល ពត - អៀង សារី រំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍។

ក្នុងការវាយលុកជាទូទៅនេះ សមមិត្ត Le Kha Phieu បានចូលរួមជាមួយបញ្ជាការដ្ឋានសមរភូមិមុខនៃយោធភូមិភាគទី ៩ ដើម្បីដឹកនាំ កម្លាំងប្រដាប់អាវុធនៃយោធភូមិភាគដោយផ្ទាល់ (រួមមានកងពលថ្មើរជើងចំនួន ៤៖ កងពល ៤ កងពល ៨ កងពល ៣៣០ និងកងពល ៣៣៩) បានសម្របសម្រួលជាមួយកងពល ២ និងអង្គភាពមិត្តមួយចំនួនដើម្បីប្រយុទ្ធក្នុងទិសដៅសំខាន់គឺរំដោះបណ្តាខេត្តភាគអាគ្នេយ៍ និងភាគខាងត្បូង នៃប្រទេសកម្ពុជា ក្នុងនោះរួមទាំងគោលដៅសំខាន់ៗមួយចំនួនគឺកំពង់ផែក្រុងព្រះសីហនុ អាកាសយានដ្ឋានពោធិចិនតុង រាជធានីភ្នំពេញ (៧ មករា ១៩៧៩) បានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះរួមនៃការវាយលុកទូទៅ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាទាំងមូលត្រូវបានរំដោះ។

នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយថា៖ លុបបំបាត់ចោលនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី ទាំងស្រុង ដើម្បីបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា។

នេះគឺជារយៈពេលដំបូងនៃការរំដោះ ដូច្នេះបដិវត្តន៍កម្ពុជានៅតែប្រឈមមុខនឹងការលំបាក និងឧបសគ្គជាច្រើនដែលរាប់មិនអស់ទេ។ ប្រទេសនេះបានទទួលរងនៃការបំផ្លាញដោយអំពើប្រល័យពូជសាសន៍ ហើយស្ទើរតែអ្វីៗទាំងអស់ក៏ត្រូវកសាងឡើងវិញពីបាតដៃទទេដែរ។ ទន្ទឹមនឹងនេះដែរ កម្លាំងបាក់ទ័ព ប៉ុល ពត - អៀង សារី មិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងទេ បានជាពួកវាបានដកខ្លួនទៅធ្វើសកម្មភាពនៅតាមតំបន់ភ្នំជាប់នឹងព្រំដែន កម្ពុជា - ថៃ ហើយដោយសារតែពឹងផ្អែកលើជំនួយយ៉ាងសកម្មពីខាងក្រៅនោះដើម្បីបន្តសកម្មភាពប្រឆាំងបំផ្លាញកម្ពុជាតទៀត។

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៩ នៅទីក្រុងភ្នំពេញ ប្រទេសវៀតណាមដែលតំណាងដោយនាយករដ្ឋមន្រ្តី លោក Pham Van Dong និងប្រទេសកម្ពុជា តំណាងដោយលោក ហេង សំរិន ជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺផ្នែកមួយនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាម នឹងបន្តបំពេញបេសកកម្មអន្តរជាតិដើម្បីជួយប្រជាជនកម្ពុជាការពារបដិវត្តន៍ក្មេងខ្ចី និងស្តារប្រទេសជាតិឡើងវិញ។

ផ្អែកលើតម្រូវការជួយមិត្តក្នុងស្ថានភាពថ្មី និងអនុវត្តតាមបញ្ជាណែនាំពីគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសនោះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី៩ បានប្រគល់ភារកិច្ចឲ្យបញ្ជាការដ្ឋានសមរភូមិមុខ (ក្រោយមកហៅថា ទីចាត់ការសមរភូមិមុខ) ដឹកនាំ បញ្ជា ដោយផ្ទាល់លើកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ អនុវត្តភារកិច្ចនៅសមរភូមិកម្ពុជា។

លោក Le Kha Phieu ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកលើរាល់ការងារទាំងអស់ផ្នែកការងារបក្ស ការងារនយោបាយ (២/១៩៧៩ - ៥/១៩៨០) ហើយនិងកាន់តំណែងជាមេបញ្ជាការទីចាត់ការសមរភូមិមុខចាប់ពី ៥/១៩៨០ - ៥/១៩៨១។ ក្នុងតំណែងរបស់ខ្លួន លោក Le Kha Phieu បានរួមគ្នាជាមួយទីចាត់ការសមរភូមិមុខទាំងមូល បញ្ជាឱ្យកម្លាំងយោធភូមិភាគទី​ ៩ លើកកម្ពស់ស្មារតីសាមគ្គីភាពអន្តរជាតិយ៉ាងស្មោះសរ ជំនះលើគ្រប់ឧបសគ្គ និងបញ្ហាប្រឈម ដើម្បីផ្តោតសំខាន់លើការបំពេញឲ្យបានល្អនូវភារកិច្ចសំខាន់ៗទាំង៣៖

ទីមួយ ត្រូវបើកយុទ្ធនាការយ៉ាងសកម្មដើម្បីកម្ទេចលុបចោលកម្លាំងបាក់ទ័ពនៅសេសសល់ បង្ក្រាបបណ្តាមូលដ្ឋានបញ្ជាការ  មូលដ្ឋានផលិតកម្ម ភ័ស្តុភារ របស់ខ្មាំងជាដើម។  ការពារសុវត្ថិភាពលើគោលដៅសំខាន់ៗ សុវត្ថិភាពនៃខ្សែផ្លូវមានសារៈសំខាន់ ការពារអាយុជីវិត និងទ្រព្យសម្បត្តិនៃប្រជាជន។

ទីពីរ ជួយមិត្តធ្វើចលនាមហាជនឲ្យបានទូលំទូលាយ ដើម្បីពង្រីកសមត្ថភាពពិតនៃបដិវត្តន៍ ធ្វើឲ្យបរាជ័យឧបាយកលរបស់ខ្មាំងដែលប្រើចារកម្មមុខពីរនៅក្នុងរដ្ឋអំណាចបដិវត្តន៍ ជំរុញផលិតកម្ម ធ្វើឲ្យលំនឹង និងប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនដើម្បីជំនះលើផលវិបាកដែលបណ្តាលមកពីខ្មាំង។

ទីបី បង្កើនល្បឿនជួយមិត្តកសាង ពង្រឹង និងលើកកម្ពស់គុណភាពនយោបាយសម្រាប់កងកម្លាំង ពង្រឹងសាមគ្គីភាព ឯកភាព រវាងមិត្ត និងយើង ពង្រឹងសម្ព័ន្ធប្រយុទ្ធរវាងកងទ័ពទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

leftcenterrightdel
លោក Le Kha Phieu នៅសមរភូមិកម្ពុជា ឆ្នាំ ១៩៨៦ (រូបថត៖ vov.vn)

 

ចូលរួមបញ្ជាការដ្ឋាន ៧១៩ ដឹកនាំកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមទាំងមូលនៅកម្ពុជា (១៩៨១-១៩៨៨)

នៅខែឧសភា ឆ្នាំ១៩៨១ គណៈកម្មាធិការបក្សយោធាមជ្ឈិមបានចេញសេចក្តីសម្រេចចិត្តបង្កើតបញ្ជាការដ្ឋានកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា (បញ្ជាការដ្ឋាន ៧១៩) ដែលស្ថិតនៅក្រោមឱវាតក្រសួងការពារប្រទេសដោយផ្ទាល់ និងក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក Le Duc Anh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសធ្វើជាមេបញ្ជាការ។ គ្រានោះលោក Le Kha Phieu ត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានស្នងការដ្ឋាននយោបាយ នៃបញ្ជាការដ្ឋាន ៧១៩ ។ បន្ទាប់មក លោក Le Kha Phieu ត្រូវបានតែងតាំងជាមេបញ្ជាការរងទទួលបន្ទុកនយោបាយ និងជាប្រធានស្នងការដ្ឋាននយោបាយនៃបញ្ជាការដ្ឋាន ៧១៩ (សីហា ឆ្នាំ១៩៨៧)។

នៅចុងឆ្នាំ ១៩៨៨ បន្ទាប់ពីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមភាគច្រើនត្រូវបានចាកចេញពីប្រទេសកម្ពុជាត្រឡប់មកមាតុភូមិវិញនោះ លោក Le Kha Phieu ត្រូវបានតំឡើងឋានន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ហើយត្រូវបានបង្វិលឲ្យត្រឡប់មាតុភូមិវិញនិងធ្វើជាអនុប្រធាននៃអគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម។

ក្នុងរយៈពេល ៨ ឆ្នាំ (១៩៨១-១៩៨៨) លោក Le Kha Phieu គឺជាមេដឹកនាំ និងជាឧត្តមសេនីយ៍ម្នាក់ដែលកាន់តួនាទីស្នូលក្នុងបញ្ជាការដ្ឋានកងទ័ពស្ម័គ្រចិត្តវៀតណាម នៅកម្ពុជា។ ដូច្នេះគុណបំណាច់ និងការចូលរួមចំណែករបស់លោក Le Kha Phieu ចំពោះបុព្វហេតុបដិវត្តន៍នៅកម្ពុជាក្នុងដំណាក់កាលនេះ គឺផ្សាភ្ជាប់នឹងការរួមចំណែកដ៏ធំធេងនៃសមូហភាពរបស់បញ្ជាការដ្ឋានទាំងមូល។

ក្នុងដំណើរការបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជាទោះបីស្ថិតក្នុងតួនាទីណាក្តី ក៏លោក Le Kha Phieu ស្មោះត្រង់ជានិច្ចនឹងបក្ស មាតុភូមិ និងប្រជាជន។ លោកបានបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួនប្រកបដោយលទ្ធផលផ្លែផ្កា សក្តសមជាសមាជិកដ៏ស្មោះត្រង់របស់បក្ស ហើយក៏ជាយុទ្ធជនកុម្មុយនិស្តគំរូមួយរូបទៀតផង។

ក្នុងសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មរណភាពរបស់លោក Le Kha Phieu គឺជាការបាត់បង់ដ៏ធំធេងនូវមេដឹកនាំដ៏វាងវៃមួយរូបដែលបានធ្វើពលិកម្មពេញមួយជីវិតក្នុងការតស៊ូដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំងសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម។ សម្តេចបានរំលឹកថា លោក Le Kha Phieu ក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតមិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ តែរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរផងដែរ៕

បកប្រែដោយ Minh Trung