កាយវិការស្លូតត្រង់ ស្មោះសរបស់វៀតណាមក្នុងការជួយសង្គ្រោះប្រជាជាតិមួយរួចផុតពីគ្រោះនៃអំពើប្រល័យពូជសាសន៍ដែលរួមចំណែកដល់ការធ្វើឱ្យប្រទេសកម្ពុជារស់ឡើងវិញ ហើយនេះគឺជាអ្វីៗដែលប្រជាជនកម្ពុជាបានចារឹកទុកជារៀងរហូត រួមទាំងសហគមន៍អន្តរជាតិបានទទួលស្គាល់…

leftcenterrightdel
ប្រជាជនកម្ពុជាសម្តែងនូវក្តីអាលោះអាល័យពេលលាគ្នាពីកងទ័ពស្ម័គ្រចិត្តវៀតណាម

 

ការពិតប្រវត្តិសាស្រ្តអំពីការដែលវៀតណាមដើរតួនាទីកំណត់ក្នុងការជួយសង្គ្រោះប្រជាជននិងប្រទេសកម្ពុជាពីគ្រោះប្រល័យ​ពូជសាសន៍នៃរបបខ្មែរក្រហមតែងតែត្រូវបានលើកឡើង និងរំលឹកឡើងវិញដោយថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាក្នុងន័យថាសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅរដ្ឋ និងប្រជាជនវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដាក់សំណួរថា“តើនៅលើពិភពលោកនេះប្រទេសណាដែលបានជួយប្រជាជនកម្ពុជា ជាពិសេសបានរំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់របស់ពួកគេវិញទេ?” ហើយក៏ជាមេដឹកនាំកម្ពុជារូបនេះផ្ទាល់ដែលបានឆ្លើយថា នោះគឺជាប្រជាជននិងកងទ័ពប្រជាជនវៀតណាម។ យោងតាមប្រសាសន៍សម្តេចតេជោថា “គ្រាពេលដែលប្រជាជនកម្ពុជាជិតនឹងការស្លាប់ ពួកគេចេះតែលើកដៃសំពះព្រះពុទ្ធបន់ស្រន់សូមព្រះពុទ្ធជួយសង្គ្រោះពួកគាត់ ហើយកងទ័ពស្ម័គ្រចិត្តវៀតណាមបានមកដល់។ កងទ័ពវៀតណាមពិតជាកងទ័ពព្រះ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ជាក់ផងដែរថា“ ប្រសិនបើគ្មានថ្ងៃទី ៧ ខែមករា ទេនោះនឹងគ្មានថ្ងៃនេះទេ។ កងទ័ព​វៀតណាមបានមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩ ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជា និងបានវិលត្រឡប់មកមាតុភូមិវិញបន្ទាប់ពីបានបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា“ ប្រសិនបើវៀតណាមមិនជួយប្រទេសកម្ពុជាទេ គ្មានប្រទេសណាមួយដែលនឹងជួយកម្ពុជាឱ្យរួចផុតពីអំពើប្រល័យពូជសាសន៍ឡើយ”។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនៅកម្ពុជានាចុងខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមក ហើយថ្មីៗនេះគឺដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅចុងខែឧសភា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំកម្ពុជាសុទ្ធតែបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ធំធេងទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពដែលប្រទេសវៀតណាមបានផ្តល់ជូនដល់ប្រទេសកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាបុព្វហេតុក្នុងការកសាងនិងការពារជាតិសព្វថ្ងៃនេះ។

នៅថ្ងៃដែលកងទ័ពស្ម័គ្រចិត្តវៀតណាមវិលត្រឡប់មកមាតុភូមិវិញ កាសែតប្រជាជនកម្ពុជាបានចេញផ្សាយវិចារណកថាមួយដោយសរសេរថា៖ “ក្នុងប៉ុន្មានឆ្នាំដ៏សោកសៅវេទនាបំផុតក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត នៅលើពិភពលោកនេះ មានមនុស្សខ្លាំងនិងអ្នកមានជាច្រើនរាប់មិនអស់ទេ ប៉ុន្តែមានតែអ្នកជិតខាងក្រីក្រគឺវៀតណាមម្នាក់ទេដែលបានមកជួយ​សង្គ្រោះប្រជាជនរបស់យើងប៉ុណ្ណោះ។

យោងតាមសាស្រ្តាចារ្យអូស្ត្រាលី Carlyle Thayer នៅពេលនោះមានមន្រ្តីនិងយុទ្ធជន នាយទាហានខ្មែរក្រហមជាច្រើនរូបដែលរួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បច្ចុប្បន្ននេះ បានដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍ដែលត្រូវបានប្រព្រឹត្តទៅដោយរបបនេះ ដូច្នេះពួកគេបានបំបែកចេញរបបនេះនិងរត់គេចខ្លួនទៅប្រទេសវៀតណាម ហើយស្វែងរកការប្រមូលផ្តុំកម្លាំងដើម្បីសង្គ្រោះប្រទេស។ លោកសាស្ត្រាចារ្យ Carlyle Thayer មានប្រសាសន៍ថា“ បើគ្មានការគាំទ្រនិងជំនួយពីប្រទេសវៀតណាមទេនោះនឹងគ្មានសាធារណរដ្ឋប្រជាមានិតកម្ពុជា គ្មានរដ្ឋកម្ពុជានិងច្បាស់ជាគ្មានព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះទេ”។

កាសែត Canberra របស់អូស្ត្រាលីដែលចេញផ្សាយនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ១៩៨៩ បានអត្ថាធិប្បាយថា៖ “មនុស្សគ្រប់គ្នាត្រូវទទួលស្គាល់ថាការដែលវៀតណាមចូលមកប្រទេសកម្ពុជាបាននាំមកនូវលទ្ធផលយ៉ាងច្បាស់។ សកម្មភាពនោះត្រូវបាន ប្រជាជនកម្ពុជាទាំងមូលស្វាគមន៍នៅគ្រប់ទីកន្លែងហើយពួកគេបានចាត់ទុកជាការជួយរំដោះពួកគាត់។ គ្រប់គ្នាសុទ្ធតែយល់យ៉ាងច្បាស់ថា ខ្មែរក្រហមមិនអាចវិលត្រឡប់មកភ្នំពេញបានទេភាគច្រើនគឺដោយសារតែមានវត្តមានរបស់វៀតណាម។

លោកវេជ្ជបណ្ឌិត ឆាយ យីហាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា“របបប្រល័យពូជសាសន៍ ប៉ុល ពត មិនត្រឹមតែជាសត្រូវរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសត្រូវរបស់មនុស្សជាតិដែរ។ ការដែលប្រជាជន រដ្ឋាភិបាលនិងកងទ័ពស្ម័គ្រចិត្តវៀតណាមជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងជួយឱ្យប្រទេសជាតិរស់ឡើងវិញគឺជាបុព្វហេតុយុត្តិធម៌ប្រកបដោយឧត្តុងឧត្តមនៅសតវត្សរ៍ទី ២០។

លោក Paul Millar អ្នកនិពន្ធទស្សនាវដ្តី Southeast Asia Globe  អំពីអាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ក្នុងអត្ថបទអំពីការជួបជាមួយអតីតយុទ្ធជនវៀតណាមដែលបានចូលរួមសង្គ្រាមព្រំដែនភាគនិរតីនៃប្រទេសវៀតណាម និង ប្រឆាំងនឹងខ្មែរក្រហមនៅកម្ពុជា បានសរសេរថា កងទ័ពស្ម័គ្រចិត្តវៀតណាមបានមកប្រទេសកម្ពុជាតាំងពីអាយុវ័យក្មេងហើយបានប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ប៉ុល ពត យ៉ាងក្លាហាន។

តាមរយៈរឿងរ៉ាវរបស់សាក្សីអំពីភាពសាហាវឃោរឃៅនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា អត្ថបទនេះបញ្ជាក់ពីអត្ថន័យដ៏ថ្លៃថ្នូនៃបេសកកម្មអន្តរជាតិដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបានធ្វើនៅកម្ពុជា។ យោងតាមអត្ថបទនេះ បន្ទាប់ពីវាយឈះ​លើ​សង្រ្គាមឈ្លានពានចូលភាគនិរតីវៀតណាមនៃបក្ខពួកប៉ុល ពត អាស្រ័យលើការស្នើសុំរបស់បដិវត្តន៍កម្ពុជា កងទ័ពស្ម័គ្រចិត្​តវៀតណាមបានទៅជួយកងទ័ពបដិវត្តន៍រំដោះកម្ពុជារំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងស្តារប្រទេសឡើងវិញ។ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញត្រូវបានរំដោះ។

អ្នកនិពន្ធ Paul Millar បានសរសេរថា ប្រទេសវៀតណាមបានដកទ័ពរបស់ខ្លួនចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិ និងជួយប្រជាជនកម្ពុជាក្នុងការស្វែងរកចាប់ពួកខ្មែរក្រហម បង្រួបបង្រួមរដ្ឋាភិបាលបដិវត្តន៍ និងកសាងប្រទេសជាតិ៕

បកប្រែដោយ Minh Trung