វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី
កប.អនឡាញ - នាថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុង Da Nang ភាគកណ្តាលវៀតណាម គណៈកម្មការជំនាញនៃរដ្ឋាភិបាលទាំងពីរវៀតណាម-កម្ពុជា បានបើកកិច្ចប្រជុំលើកទី២៣ ស្តីពីការបន្តសហការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញវៀតណាមដែលពលីជីវិតនៅប្រទេសកម្ពុជាក្នុងសម័យសង្រ្គាម សម្រាប់រដូវប្រាំងឆ្នាំ ២០២៤-២០២៥។
គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈកម្មការជំនាញរដ្ឋាភិបាល។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានតាមខ្លឹមសារនៃកំណត់ហេតុនៃកិច្ចប្រជុំលើកទី២២។ ក្នុងរដូវប្រាំងឆ្នាំ ២០២៣-២០២៤ ក្រុមប្រមូលអដ្ឋិធាតុរបស់វៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៨៣៤ អដ្ឋិធាតុ។
|
|
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី២៣ |
ក្នុងដំណើរការបំពេញភារកិច្ច គណៈកម្មការជំនាញរដ្ឋាភិបាល យោធភូមិភាគ ខេត្ត និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ បានសហការយ៉ាងជិតស្និទ្ធ និងដោះស្រាយការលំបាកដោយទាន់ពេលវេលា។ ជាពិសេស ភាគីកម្ពុជាតែងតែជួយគាំទ្រក្រុមប្រមូលអដ្ឋិធាតុរបស់វៀតណាមក្នុងគ្រប់សកម្មភាព ចលនាប្រជាជនដើម្បីផ្តល់ព័ត៌មានអំពីទីតាំងបញ្ចុះសពនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ ដកបទពិសោធន៍ ផ្តោតលើការដឹកនាំស្ថាប័ននានាក្នុងការពិនិត្យ ប្រមូលព័ត៌មានអំពីយុទ្ធជនពលី និងផ្នូរនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ហើយវាយតម្លៃលទ្ធផលនៃកិច្ចលហការរវាងកងកម្លាំងដែលបំពេញភារកិច្ចនៃភាគីទាំងពីរ ចូលរួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី។
ដោយទទួលការផ្ទេរសិទ្ធិពីនាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានប្រគល់ថវិកាឧបត្ថម្ភឆ្នាំ២០២៤ ពីរដ្ឋាភិបាលវៀតណាម ដល់គណៈកម្មការជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា៕
បកប្រែដោយ Thuy Anh