ថ្លែងក្នុងពិធីខួបលើកទី ១៥ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) ដែលជាអង្គភាពសមាជិកនៃធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) នាល្ងាចថ្ងៃទី ៦ ខែកញ្ញា នៅរាជធានីភ្នំពេញ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា វត្តមានរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាមនៅកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ បង្ហាញពីការជឿទុកចិត្តរបស់អ្នកវិនិយោគវៀតណាមក្នុងវិស័យធនាគារនៅកម្ពុជា និងការតភ្ជាប់ទីផ្សារហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការគាំទ្រសម្រាប់ធុរកិច្ច នៃប្រទេសទាំងពីរ។

leftcenterrightdel
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្លែងក្នុង​ពិធី (រូប​ថត៖ vov.vn)

ថ្លែង​ក្នុងពិធីនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់ BIDC ក្នុងការធ្វើអាជីវកម្មដែលផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវចំពោះសង្គម និងតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយក៏បានចូលរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

leftcenterrightdel
លោក Lam Van Hai អគ្គនាយក BIDC ថ្លែងក្នុង​ពិធី

យោងតាម លោក Lam Van Hai អគ្គនាយក BIDC  បន្ទាប់ពីការកសាង និងរីកចម្រើនរយៈពេល ១៥ ឆ្នាំ កន្លងមកនោះ BIDC បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបជាង ៩២០ លានដុល្លារអាមេរិក កើនឡើងជាមធ្យម ១៣% ក្នុងមួយឆ្នាំ និង​មាន​ប្រព័ន្ធបណ្តាញកំពុងពង្រីកកាន់តែខ្លាំងជាមួយនឹងសាខាចំនួន ១០ នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនៃប្រទេសកម្ពុជា និងវៀតណាម។

BIDC ចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើននៃទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ដែលបច្ចុប្បន្នសម្រេច​បាន​ប្រមាណ ១០ ពាន់លានដុល្លារ/ឆ្នាំ ​បាន​ធ្វើឲ្យវៀតណាមក្លាយជាប្រទេសដែលមានប្រតិបត្តិការពាណិជ្ជកម្មនាំមុខគេជាមួយកម្ពុជា។ ទន្ទឹមនឹងនោះ រួមចំណែកបើកលំហូរទុន និងជំរុញសកម្មភាពវិនិយោគរបស់វៀតណាមនៅកម្ពុជា ដែលបច្ចុប្បន្នមានទុនចុះបញ្ជីជិត ៣ពាន់លានដុល្លារអាមេរិក និង​ស្ថិត​ក្នុងចំណោមប្រទេសវិនិយោគធំជាងគេទាំង ៥ នៅកម្ពុជា។

leftcenterrightdel
 

ក្នុងឱកាសគម្រប់ខួប ១៥ឆ្នាំនៃប្រតិបត្តិការនេះ BIDC មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ជូនអង្គភាព និងថ្នាក់ដឹកនាំរបស់ធនាគារ BIDV និង BIDC។

បកប្រែដោយ Duy Hoan