លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលជានិច្ចសម្រាប់អធិការកិច្ចរដ្ឋាភិបាលវៀតណាម សហប្រតិបត្តិការ និងជួយគាំទ្រអធិការកិច្ចកម្ពុជា។  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវជំនឿជាក់ថា លោករដ្ឋមន្ត្រី ហួត ហាក់ នឹងរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់; រួមជាមួយប្រទេសឡាវពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ ម្ចាស់ការ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា

លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងសង្ឃឹមថា​ ភាគីកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ធ្វើជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការងារអប់រំ និងផ្សព្វផ្សាយ ដើម្បីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ថែរក្សា ពូនជ្រំនិងបន្តពង្រឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងជិតស្និទ្ធយូរអង្វែងរវាងប្រជាជាតិទាំងពីរ; ខិតខំដោះស្រាយការបោះបង្គោលព្រំដែនគោកប្រមាណ ១៦% នៃព្រំដែនដែលនៅសេសសល់ កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយអគ្គអធិការរដ្ឋាភិបាលវៀតណាម ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថ្មីរវាងស្ថាប័នទាំងពីរ និងចំណុចសំខាន់ៗមួយចំនួននៃស្ថានការណ៍សេដ្ឋកិច្ចសង្គមកម្ពុជា។

លោករដ្ឋមន្ត្រី ហួត ហាក់ បានព្រមព្រៀងជាមួយមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្តីពីការពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ លោកបានអះអាងថានឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ស្របតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

* នាព្រឹកថ្ងៃដដែល លោក Doan Hong Phong អគ្គអធិការរដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា។ បន្ទាប់ពីជំនួប អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រសួងអធិការកិច្ចកម្ពុជា។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទាំងពីរ៕

បកប្រែដោយ Huyen Trang