លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Tat Thang ប្រធានសមាគម VASEAN បានដឹកនាំគណៈប្រតិភូទៅជូនពរលោកស្រី ជា គឹមថា ឯកអគ្គរាជទូត មន្ត្រី និងបុគ្គលិកទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំវៀតណាម រួមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ និងសុភមង្គលក្នុងឆ្នាំថ្មី។ ទន្ទឹមនឹងនោះ លោក Bui Tat Thang ក៏បានអបអរសាទរលោកស្រី ជា គឹមថា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតស្ត្រីដំបូងរបស់កម្ពុជាប្រចាំប្រទេសវៀតណាម។

លោក Bui Tat Thang បានសម្តែងការចាប់អារម្មណ៍ និងអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គម ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរក្សាជំនួប និងការផ្លាស់ប្តូរលើគ្រប់វិស័យ ជាពិសេសការតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ Quach Son - Mekong ASEAN)

ចំណែកឯលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគម VASEAN ដែលបានមកជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយចាត់ទុកថានេះជាកិត្តិយសមិនត្រឹមតែសម្រាប់ឯកអគ្គរាជទូតប៉ុណ្ណោះទេ ថែមទាំងសម្រាប់មន្ត្រី និងបុគ្គលិកនៃស្ថានទូតទៀតផង។ លោកស្រីឯកអគ្គរាជទូតក៏បានអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលវៀតណាមសម្រេចបាននៅពេលកន្លងមក។

លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានបញ្ជាក់ថា ស្ថានទូតត្រៀមខ្លួនជាស្រេចសហការជាមួយសមាគម VASEAN ក្នុងការជំរុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរសម្រេចបាននាពេលកន្លងមក ចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែង” រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្ដែង។ ជាពិសេស បង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរមានឱកាសផ្លាស់ប្តូរ និងសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏រឹងមាំនៃប្រទេសទាំងពីរ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានជូនពរដល់ថ្នាក់ដឹកនាំសមាគមន៍ VASEAN រួមជាមួយនឹងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ក្នុងឆ្នាំថ្មីនេះ៕

បកប្រែដោយ Thuy Anh