ក្នុងសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី៧ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជាបានផ្តល់សំឡេងគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០ រូប ទេសរដ្ឋមន្ត្រីចំនួន ២១ រូប  និងរដ្ឋមន្ត្រីក្រសួងនិងស្ថាប័នស្មើក្រសួងចំនួន ៣០រូប ដែលភាគច្រើនជាថ្នាក់ដឹកនាំវ័យក្មេងជាអ្នកបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា (CPP)។

ប្រជាជនកម្ពុជាមានការរំពឹងទុកជាច្រើនចំពោះសមាសភាពអ្នកដឹកនាំថ្មីស្វាហាប់ មានសមត្ថភាព មានភាពច្នៃប្រឌិត ឈ្លាសវៃ និងហ៊ានគិត និងហ៊ានធ្វើ ធានាឲ្យបាននូវសន្តិភាព ស្ថិរភាព វិបុលភាពប្រកបដោយចីរភាព និងផលប្រយោជន៍ជាតិ និងប្រជាជន។

ពេលវេលាផ្លាស់ប្តូរអ្នកដឹកនាំបានមកដល់ហើយ!

ដើម្បីឆ្ពោះឈានទៅការផ្លាស់ប្តូរជំនាន់អ្នកដឹកនាំប្រទេសជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់ និងមានការត្រៀមខ្លួនរៀបចំយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសគឺការបណ្តុះបណ្តាល និងការជ្រើសរើស "គ្រាប់ពូជ" ល្អបំផុតរបស់គណបក្សប្រជាជន។

អំឡុងពេលជាង ៤០ ឆ្នាំកន្លងមក ក្នុងនាមជាគណបក្សកាន់អំណាចនៅកម្ពុជា គណបក្សប្រជាជនកម្ពុជាបានទាក់ទាញអ្នកមានសមត្ថភាព និងបញ្ញាវ័ន្តវ័យក្មេងៗជាច្រើនដែលពួកគេសុទ្ធតែជាអនាគតភ្លឺស្វាងរបស់គណបក្ស។ ដូច្នេះ ច្បាស់ណាស់ថា គណបក្សប្រជាជនមិនមែនមានបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីតែមួយនោះទេ ប៉ុន្តែមានបេក្ខជនផ្សេងៗច្រើន ណាស់ ។

leftcenterrightdel
គណបក្សប្រជាជនកម្ពុជាបានមានការត្រៀមខ្លួនរៀបចំយ៉ាងហ្មត់ចត់ក្នុងការបណ្តុះបណ្តាល និងការជ្រើសរើស "គ្រាប់ពូជ" ល្អបំផុតរបស់គណបក្សប្រជាជន
 

ទោះជាយ៉ាងនេះក្តី តែដើម្បីទទួលបានតំណែងដ៏សំខាន់ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ គឺត្រូវតែមានលក្ខណសម្បត្តិលើសលប់ ពោលគឺវាមិនមែនត្រឹមតែជាសមត្ថភាព ចំណេះដឹងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះទេ។ ហើយចំពោះបញ្ហានេះអាចអះអាងបានថា គឺគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានទេ ព្រោះឈ្មោះ ហ៊ុន ម៉ាណែត ពេញនិយមដល់ថ្នាក់គេស្គាល់ទាំងអស់គ្នា មិនថានៅទីក្រុង មិនថានៅតំបន់ជនបទប៉ុណ្ណោះទេ ថែមទាំងនៅក្រៅប្រទេសទៀតផង។ គណបក្សប្រជាជនកម្ពុជាត្រូវការមេដឹកនាំខ្លាំង ដើម្បីអាចប្រកួតប្រជែង និងយកឈ្នះលើគូប្រកួតក្នុងការបោះឆ្នោត។ អញ្ចឹងហើយ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាអ្នកដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជន!

លើសពីនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សម្នាក់ដែលមានភាពទាក់ទាញខ្លាំងនៅកម្ពុជា។ ជាក់ស្ដែង គាត់គឺជាអ្នកនយោបាយម្នាក់មានសមត្ថភាពពិតប្រាកដ រូបរាងស្អាត ស្ទីលឆើតឆាយ រួសរាយរាក់ទាក់ ជាពិសេសគាត់ចេះបំផុសគំនិត យកឈ្នះចិត្តមនុស្ស និងទាក់ទាញការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនកម្ពុជាតែងតែចាត់ទុកគាត់ជានិមិត្ដរូបនៃការផ្លាស់ថ្មី ហើយជាមនុស្សម្នាក់ដែលបានប្រជាជនពិតជាស្រឡាញ់ គោរពនិងមានបំណងចង់គាត់នឹងក្លាយជាមេដឹកនាំថ្មី ដឹកនាំប្រទេស នាពេលអនាគត។

តាំងពីយូរហើយ ប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្ដរជាតិបានផ្សព្វផ្សាយយ៉ាងសន្ធឹកសន្ធាប់អំពីផែនការផ្ទេរថ្នាក់ដឹកនាំនៅកម្ពុជា ហើយសុទ្ធតែសន្និដ្ឋានថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកជំនួសសក្តិសមបំផុតតំណែងឪពុករបស់គាត់គឺសម្ដេចតេជោ ហ៊ុន សែន។

ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសពិសេសមួយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ គឺត្រឹមតែ៣ថ្ងៃក្រោយការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា បានធ្វើឲ្យសាធារណមតិមានការភ្ញាក់ផ្អើល ទោះបីជាពួកគេដឹងថា ការផ្ទេរតំណែងនេះយូរឬឆាប់នឹងមកដល់ក៏ដោយ។ អាស្រ័យហេតុនេះ សម្តេចតេជោ បានប្រកាសថា គាត់នឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនោះទេ ដែលជាតំណែងដែលគាត់បានកាន់កាប់អស់រយៈពេលជាង ៣៨ ឆ្នាំកន្លងមក ហើយនឹងផ្ទេរជូនអ្នកស្នងបន្តគឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងដ៏ឆ្នើមរបស់គាត់។

leftcenterrightdel
បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីលេចធ្លោបំផុតនៃគណបក្សប្រជាជនកម្ពុជា

សាធារណមតិភ្លាមៗបានចោទជាសំណួរថា "តើអ្វីបានធ្វើឱ្យគាត់ធ្វើការសម្រេចចិត្តខាងលើ? ហើយហេតុអ្វីបានជាសម្ដេចតេជោដាក់ចេញការសម្រេចចិត្ដត្រឹមតែ ៣ ថ្ងៃបន្ទាប់ពីការបោះឆ្នោតសកលប៉ុណ្ណោះ?" សំណួរងឿងឆ្ងល់ទាំងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បានអធិប្បាយយ៉ាងច្បាស់ថា ការសម្រេចចិត្ដខាងលើគឺជាពេលវេលាសមស្របបំផុត  ដោយផ្អែកទៅលើហេតុផលចំនួន ៤ យ៉ាង រួមមាន៖

ទីមួយ ការផ្ទេរជំនាន់នៅពេលនេះគឺសមស្របបំផុត វាធានាបានភាពនឹងនរស្ថិរភាព និងមានសុវត្ថិភាពជាងពេលដែលយើងជំនាន់មុនៗកាន់តែចាស់ទៅៗ សុខភាពមិនដូចពីមុន។

ទីពីរ ជំនាន់វ័យក្មេងក្រោយបានចូលកាន់តំណែងសំខាន់ៗក្នុងរាជរដ្ឋាភិបាល  គណបក្ស និងបានឆ្លងកាត់ការលុតដំមួយរយៈពេលយូរ ហើយពួកគេក៏បានរៀបចំខ្លួនបានយ៉ាងល្អមានសមត្ថភាពគ្រប់គ្រាន់អាចទទួលអំរែកពីមនុស្សចាស់ៗបានហើយដែរ។

ទីបី ជំនាន់ចាស់ៗមិនទាន់ចាកចេញពីឆាកនយោបាយទេ ប៉ុន្តែបន្តកាន់តំណែងសំខាន់ៗក្នុងគណបក្សកាន់អំណាច ជាតំណាងរាស្រ្តរដ្ឋសភា ព្រឹទ្ធសភាជាដើម។ ហើយនៅតែមានសិទ្ធិតាមដាន ឃ្លាំមើលនិងតម្រង់ទិសរាជរដ្ឋាភិបាល។

ទីបួន ដោយសារតែសភាពការណ៍មានភាពអនុគ្រោះ និងមានគ្រប់លក្ខណសម្បត្តិហើយ អនុញ្ញាតឱ្យក្រុមបន្តវេនចេញដំណើរភ្លាមៗ ព្រោះតែសំឡេងគាំទ្រនៃការបោះឆ្នោតទទួលបានយ៉ាងច្រើនលើសលប់ អត្រាសំឡេងគាំទ្រខ្ពស់បំផុតដែលមិនធ្លាប់មាន ប្រការនេះបានបង្ហាញថា ប្រជាជនគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេន។

អាចរួមសេចក្តីមកថា រាល់កត្ដាចាំបាច់បំផុតសម្រាប់ការផ្លាស់ប្តូរអ្នកដឹកនាំបានគ្រប់គ្រាន់ ហើយជាមូលដ្ឋានសម្រាប់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមការផ្លាស់ប្តូរអ្នកដឹកនាំជាប្រវត្តិសាស្ត្រនេះ។

leftcenterrightdel
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការ

ប្រទេសកម្ពុជា និងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ

ការផ្លាស់ប្ដូរអ្នកដឹកនាំគឺក្រឹត្យក្រមចៀសមិនផុតរបស់គ្រប់គណបក្សកាន់អំណាចនៅលើពិភពលោក របបនយោបាយខុសគ្នា និងលក្ខណៈខុសគ្នានឹងនាំឱ្យមានវិធីសាស្ត្រក៏ខុសគ្នាដែរ ហើយនៅកម្ពុជាក៏មិនស្ថិតក្រៅពីក្រឹត្យក្រមនេះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប៉ុន្មានថ្ងៃកន្លងមក បានចាត់ទុកការផ្លាស់ប្តូរអ្នកដឹកនាំនៅកម្ពុជាជាប្រវត្តិសាស្ត្រ ពីព្រោះរហូតរយៈពេលជាង ៥០០ ឆ្នាំកន្លងមកនេះ កម្ពុជាទើបឆ្លងកាត់ការផ្ទេរអំណាចក្នុងសន្ដិភាព និងទទួលបានការរំពឹងទុកពីប្រជាជនគ្រប់ស្រទាប់។ ហើយនេះក៏ជាការផ្លាស់ប្ដូរអ្នកដឹកនាំមិនធ្លាប់មានពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។

ដូច្នេះ ការផ្ទេរនេះមិនគ្រាន់តែជាការផ្ទេរតំណែងក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្ដិថ្មី ឬ ការផ្ទេរការងារដែលមិនទាន់បានបញ្ចប់ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិមុនប៉ុណ្ណោះទេ ប៉ុន្តែអត្ថន័យរបស់វាក៏ជាការទទួលខុសត្រូវដ៏ធំធេងចំពោះប្រវត្តិសាស្ត្រប្រទេសជាតិចំពោះគុណបំណាច់ដ៏ធំធេង និងការលះបង់សាច់ស្រស់ឈាមស្រស់របស់ជំនាន់មុនៗ និងការឈឺចាប់របស់ប្រទេសជាតិដើម្បីជួយសង្រ្គោះប្រជាជនឱ្យរួចផុតពី “មាត់ជ្រោះមរណៈ” គ្រោះប្រល័យពូជសាសន៍ ស្ដារប្រទេសឡើងវិញពីគំនរបាក់បែកដើម្បីសម្រេចបានសមិទ្ធផលអស្ចារ្យដូចបច្ចុប្បន្ន។

ដូច្នេះរាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ក្រៅពីការទទួលតំណែងក៏មានកាតព្វកិច្ចបន្តការពារថែរក្សា “មរតកសន្តិភាព និងស្ថិរភាពនយោបាយ” ផងដែរ។ នេះជាមរតកដ៏ធំធេងបំផុតក្នុងអាជីពនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ តម្លៃនៃសន្តិភាព និងស្ថិរភាពនយោបាយគឺច្បាស់លាស់ដែលគ្មានអ្វីអាចជំនួសបានឡើយ ហើយជាគោលដៅសំខាន់ដែលមនុស្សគ្រប់ជំនាន់ត្រូវតែឆ្ពោះទៅរក។

បន្ទាប់មកគឺការផ្ទេរទំនុកចិត្ដ និងការគាំទ្ររបស់ប្រជាជនកម្ពុជាជូនគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន រួមទាំងរាជរដ្ឋាភិបាលដែលលោកបានដឹកនាំអស់ជាច្រើនទសវត្សរ៍មកហើយ។ បើមានទំនុកចិត្ត និងការគាំទ្រពីប្រជាជនហើយ គ្មានអ្វីៗទាំងអស់អាចរារាំង "ទូកកម្ពុជា" ឈានទៅមុខបានឡើយ។

leftcenterrightdel
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានបង្ហាញជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសកម្ពុជាទៅកាន់មានអនាគតដ៏រុងរឿង

បើចង់មានទំនុកចិត្ត និងការគាំទ្រពីប្រជាជនគឺដាច់ខាតមិនត្រូវផ្ដាច់ចេញពីគោលដៅគន្លឹះ ៣ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសរយៈពេល ៤៤ ឆ្នាំមកនេះ គឺផ្តោតសំខាន់លើ ៣ ចំណុចប៉ុណ្ណោះនោះ គឺជីវិត ក្រពះ និងមុខមាត់។

"ជីវិត" គឺរាជរដ្ឋាភិបាលប្រកាន់យកអាយុជីវិតប្រជាពលរដ្ឋជាធំដោយចាប់ផ្តើមពីការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍​ប៉ុលពត និងបង្រួមបង្រួមជាតិ បង្កើតសន្តិភាពពេញលេញឱ្យកម្ពុជា។

ចំណែក ក្រពះ គឺសំដៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើឱ្យកាន់តែធូរធារប្រសើរឡើង ដែលក្នុងនោះមានការហូបចុក ការរៀនសូត្រ ការរស់នៅ និងសុខភាពជាដើម។

រីឯង មុខមាត់ សំដៅលើការផ្តល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងខិតខំស្វែងរកកិត្តិយសឱ្យកម្ពុជានៅលើឆាកអន្តរជាតិជាដើម។

ប្រកាន់យកគោលដៅទាំងនេះជាមូលដ្ឋានគ្រឹះ និងជាឧត្តមគតិដើម្បីបម្រើប្រជាជន បម្រើប្រទេសជាតិ ប្រកាន់យកប្រជាជនជាស្នូលក្នុងការអភិវឌ្ឍ ការពារផលប្រយោជន៍របស់ប្រជាជន  និងផលប្រយោជន៍ប្រកបដោយសុខដុមរមនារបស់ប្រទេសជាតិ។

ជាចុងក្រោយ មិនអាចរំលងចោលការផ្ទេរ “ខឿនឯករាជ្យភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី” បានទេ។ ទាំងនេះគឺជាមរតកដែលត្រូវការការពារជារៀងរហូត ហើយជាគោលដៅដ៏ពិសិដ្ឋដែលប្រជាជាតិចង់បាន។ អស់រយៈពេលជាង​បួនទស្សវត្សរ៍មកហើយដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនជំនាន់ រួមនិងប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានមិនខ្លាចក្រែងរអែពលីជីវិតក្នុងការតស៊ូបដិវត្តន៍ដ៏យូរអង្វែង និងលំបាកលំបិន ដើម្បីការពារបានខឿនឯករាជ្យភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិឡើយ។

ជាមួយនឹងការរៀបរាប់ខាងលើនេះ ទោះបីវាហាក់ដូចជាមិនទាន់សព្វគ្រប់ក្តី ប៉ុន្តែវាពិតជាគ្រប់គ្រាន់ហើយសម្រាប់ជំនាន់ក្រោយរបស់កម្ពុជាមានមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីនាំប្រទេសជាតិឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី។

leftcenterrightdel
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថតរូបជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី

ការផ្តល់ទំនុកចិត្តដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ

ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី ១ នៃរដ្ឋសភាកម្ពុជា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានសំដែងនូវជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង និងបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជីរភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង និងធានាបាននូវប្រព័ន្ធសន្តិសុខសង្គម។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាគប្បីតែមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។

សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីចូលរួមសម័យប្រជុំលើកទី១ នៃរដ្ឋសភាកម្ពុជានីតិកាលទី៧ ក៏បានលើកឡើងនូវគោលដៅធំៗចំនួនពីរ និងមានបំណងចង់ឱ្យថ្នាក់ដឹកនាំជំនាន់ក្រោយសម្រេចបាន នោះគឺការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងនាំប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ រួមជាមួយនឹងការកាត់បន្ថយភាពក្រីក្រដល់កម្រិតទាបបំផុត។

សម្តេចតេជោ ហ៊ុន សែន មានបំណងចង់ថា៖ “ជំនាន់យើងខ្ញុំបន្សល់កេរមរតកទុកឲ្យអ្នកជំនាន់ក្រោយអំពីសន្តិភាព និងស្ថិរភាពនយោបាយ។ យើងខ្ញុំក៏ចង់ឃើញពួកគេបន្តរក្សាទុកមរតកនេះ។ ទន្ទឹមនឹងនោះ សម្រេចបាននូវគោលដៅប្រែក្លាយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រាក់ចំណូលខ្ពស់តាមផែនទីបង្ហាញផ្លូវដែលបានកំណត់”។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែសីហា អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន ក៏សំដែងការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត “យើងនឹងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងប្រជាជនអាស៊ាន”។ លោក កៅ គឹមហួន ក៏បានបញ្ជាក់ពីការត្រៀមខ្លួនបន្តជួយគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក៏ដូចជាសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងលើសពីនេះទៀត។

leftcenterrightdel
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញពីចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មីក្នុងការការពារ និងកសាងប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង

ការធានា ៥ យ៉ាងនិងគោលនយោបាយអាទិភាពចំនួន ៦ ពីនាយករដ្ឋមន្ត្រីកម្ពុជាថ្មី

ក្នុងសុន្ទរកថាលើកដំបូងចំពោះមុខរដ្ឋសភា ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញពីចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មីក្នុងការការពារ និងកសាងប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ដូចការរំពឹងទុករបស់ប្រជាជន។

តាមនោះ នាយករដ្ឋមន្ត្រីកម្ពុជាថ្មីបានប្រកាស “ការធានា ៥យ៉ាង នោះ រួមមាន៖ (១) ធានាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសុវត្ថិភាព, (២) ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា, (៣) ធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន, (៤) ធានានូវសុវត្ថិភាព សង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន ក៏ដូចជាទៅអនាគត និងទី(៥) ធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសន្យា និងប្តេជ្ញាចិត្តចំពោះប្រជាជនទូទាំងប្រទេសថា ខ្ញុំនឹងដឹកនាំស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសជាតិអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះក៏ជាការសន្យារបស់គណបក្សប្រជាជនកម្ពុជាចំពោះប្រជាជនក្នុងការឃោសនាបោះឆ្នោត”។

ដើម្បីអនុវត្តការសន្យាខាងលើនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញ “កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី (២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងកម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្មនៅទូទាំងប្រទេសដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕

អត្ថបទសរសេរដោយកាសែតកងទ័ពប្រជាជន