ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលអ្នកប្រាជ្ញឡាវ និងកម្ពុជា
កប.អនឡាញ - នាយប់ថ្ងៃទី ១៩ ខែកញ្ញា លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោកបណ្ឌិត Sonethanou Thammavong ប្រធាន បណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅទីក្រុង។
នៅក្នុងជំនួបនេះ លោក Phan Van Mai បានឲ្យដឹងថា សមិទ្ធផលស្រាវជ្រាវពីបណ្ឌិត្យសភានៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការដាក់ចេញទិសដៅ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឲ្យបានត្រឹមត្រូវ។ ព្រោះហេតុដូច្នោះ ទីក្រុងហូជីមិញសង្ឃឹមថា បណ្ឌិត្យសភានៃប្រទេសទាំងបីនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ត្រៀមខ្លួនជានិច្ចដើម្បីទទួលក្រុមអ្នកស្រាវជ្រាវ និងបំពេញតម្រូវការទាំងអស់ ដើម្បីសម្រេចឲ្យបានលទ្ធផលល្អបំផុតក្នុងការស្រាវជ្រាវ។
    |
 |
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
លោក Sonethanou Thammavong និងលោក សុខ ទូច ចាត់ទុកថា ការជ្រើសរើសទីក្រុងហូជីមិញ ដើម្បីរៀបចំសិក្ខាសាលាប្រចាំឆ្នាំស្តីពីវិទ្យាសាស្ត្រសង្គមរវាងប្រទេសទាំងបី នឹងជួយភាគីទាំងឡាយទទួលបានបទពិសោធន៍ដ៏មានតម្លៃពីទីក្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងយុគសម័យឌីជីថលសកល។
ឆ្នាំនេះ សិក្ខាសាលាប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា) នៅទីក្រុងហូជីមិញ ដោយពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងបីក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍទីក្រុងឆ្លាតវៃដើម្បីគោលដៅកំណើនបៃតង។ នេះជាឱកាសសម្រាប់ភាគីទាំងឡាយស្វែងយល់ និងចែករំលែកបទពិសោធន៍ រួមចំណែករឹតបន្តឹងទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា៕
បកប្រែដោយ Thanh Cong