គម្រោងវិនិយោគរបស់វៀតណាម ជួយបង្កើតការងារជាច្រើននៅកម្ពុជា
កប.អនឡាញ - ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា គណៈប្រតិភូបច្ចេកទេសនៃក្រសួងការពារជាតិកម្ពុជា បានសហការជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា រៀបចំកម្មវិធីទស្សនាស្វែងយល់ពីគម្រោងវិនិយោគលើវិស័យកសិកម្ម របស់ Thaco Agri ដែលជាក្រុមហ៊ុនចំណុះសម្ព័ន្ធក្រុមហ៊ុន Truong Hai (THACO) នៅខេត្តក្រចេះ និងខេត្ដរតនគិរី។
ក្នុងនាមជាក្រុមហ៊ុនវៀតណាម ដែលវិនិយោគលើវិស័យកសិកម្មទ្រង់ទ្រាយធំដោយឈរលើមូលដ្ឋានសរីរាង្គ ការគ្រប់គ្រងតាមបែបឧស្សាហកម្ម ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន Thaco Agri បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំនះការលំបាកជាច្រើន ជាពិសេសក្នុងកំឡុងជំងឺរាតត្បាត Covid-19 ដែលបានរក្សាផលិតកម្ម និងស្ថិរភាពការងារធ្វើសម្រាប់កម្មករប្រមាណ ១៤.០០០ នាក់នៅកម្ពុជា។
    |
 |
ប្រតិភូទាំងឡាយស្តាប់ការណែនាំអំពីគម្រោងវិនិយោគរបស់ Thaco Agri នៅកម្ពុជា (រូបថត៖ nhandan.vn) |
គិតដល់ចុងឆ្នាំមុន ក្រុមហ៊ុននេះបានវិនិយោគប្រមាណ ៧២០ លានដុល្លារអាមេរិក លើគម្រោងដាំដើមឈើហូបផ្លែក្នុងផ្ទៃដី ១៥.០០០ ហិកតា និងកៅស៊ូជាង ៧.០០០ ហិកតា ក្នុងខេត្តក្រចេះ និងខេត្ដរតនគិរី។ ចាប់ពីឆ្នាំ ២០២០-២០២២ ក្រុមហ៊ុន Thaco Agri បាននាំចេញផ្លែឈើប្រហែល ៥០០,០០០ តោន និងរកប្រាក់ចំណូលបានដល់ ២៤៦ លានដុល្លារ។
យោងតាម លោក Tran Bao Son អគ្គនាយកក្រុមហ៊ុន Thaco Agri បានឲ្យដឹងថា កម្មវិធីទស្សនារបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា និងស្ថានទូតវៀតណាម ទៅកាន់គម្រោងរបស់អង្គភាពនៅមូលដ្ឋាននេះ មានសារសំខាន់ខ្លាំងណាស់ រួមចំណែកបើកទូលាយទិសដៅ សហប្រតិបត្ដិការជាក់ស្តែង និងកែលំអជីវភាពរស់នៅរបស់ពលករ។
ទន្ទឹមនឹងការអភិវឌ្ឍដាំដើមឈើហូបផ្លែដូចជា ចេក ម្នាស់ និងស្វាយ ក្រុមហ៊ុនកំពុងជំរុញគម្រោងការចិញ្ចឹមគោពូជ និងគោយកសាច់ តាមរយៈនោះ ចូលរួមចំណែកដល់ការបង្កើតការងាររាប់ពាន់កន្លែងដល់កម្មករនៅប្រទេសសាមី រួមទាំងអតីតយុទ្ធជនក្រសួងការពារជាតិដែលចូលនិវត្តន៍ជាច្រើននាក់ និងគ្រួសាររបស់ពួកគេផងដែរ។
    |
 |
លោក Tran Bao Son អគ្គនាយកក្រុមហ៊ុន Thaco Agri បានណែនាំគម្រោងចិញ្ចឹមគោ (រូបថត៖ nhandan.vn) |
ទស្សនាគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាម លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រធានគណៈប្រតិភូបានវាយតំលៃថា ទំហំកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត លំនៅដ្ឋាន រោងចក្រវេចខ្ចប់សម្រាប់បំរើដល់ផលិតកម្មរបស់ក្រុមហ៊ុន Thaco Agri បង្កើតទំនុកចិត្ត និងក្តីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រុមហ៊ុន និងប្រជាជន ក៏ដូចជាអតីតយុទ្ធជនដែរ។
យោងតាមថ្នាក់ដឹកនាំក្រុមហ៊ុន Thaco Agri ដើម្បីបំពេញតម្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្មកសិកម្មនៅឆ្នាំ ២០២៧ ក្រុមហ៊ុនគ្រោងនឹងផ្តល់ការងារដល់កម្មករចំនួន ៣ ម៉ឺននាក់នៅកម្ពុជា ដែលក្នុងនោះផ្តោតលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូរការងារធ្វើសម្រាប់កម្មករជាង ៦ ពាន់នាក់ ពីបឹងទន្លេសាប។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សេវាប្រើប្រាស់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ និងសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករដែលកំពុងបម្រើការងារក្នុងគម្រោងនានា៕
បកប្រែដោយ Pham Diep