ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣។

leftcenterrightdel
អ្នកគាំទ្រគណបក្សប្រជាជនប្រមូលផ្ដុំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅកណ្ដាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣ (រូបថត៖ vnanet.vn)

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រ-កម្ពុជា ព្រមទាំង ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិនិងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពង្រឹងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៨ មាត្រា និងត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១១ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី៦៕

បកប្រែដោយ Pham Diep