អាមេរិក និងអ៊ីរ៉ង់អាចនឹងធ្វើការចរចាដោយផ្ទាល់នៅប្រទេសប៉ាគីស្ថាន នាប៉ុន្មានថ្ងៃខាងមុខ
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នាយប់ថ្ងៃទី ២៣ ខែមីនា បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងធ្វើការចរចាដោយផ្ទាល់លើការបញ្ឈប់ជម្លោះក្នុងប្រទេសប៉ាគីស្ថាននៅសប្តាហ៍នេះ។ បច្ចុប្បន្ន ប៉ាគីស្ថាន អេហ្ស៊ីប និងបណ្តាប្រទេសឈូងសមុទ្រកំពុងដើរតួជា "ស្ពាន" បញ្ជូនព័ត៌មានទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទាក់ទងនឹងការចរចា។
នាថ្ងៃដដែលលោក ដូណាល ត្រាំ ប្រធានាធិបតីអាមេរិក បានពន្យារពេលកំណត់សម្រាប់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងផ្អាក់ផែនការវាយប្រហារដែលគ្រោងនឹងធ្វើឡើងសំដៅទៅលើរោងចក្រថាមពលរបស់ទីក្រុងតេអេរ៉ង់ ក្នុងរយៈពេល ៥ ថ្ងៃ។ នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម Truth Social ត្រឹមតែប៉ុន្មានម៉ោងមុនថ្ងៃផុតកំណត់ថ្ងៃទី ២៣ ខែមីនា លោក ដូណាល ត្រាំ ប្រធានាធិបតី បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មាន "ការចរចាដ៏ល្អ និងមានប្រសិទ្ធភាព" ដែលអាចនាំឱ្យមាន "ដំណោះស្រាយដ៏ទូលំទូលាយ និងហ្មត់ចត់" សម្រាប់ជម្លោះបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់នៅតែបដិសេធព័ត៌មានថា ប្រទេសនេះបានចរចាជាមួយអាមេរិក ដូចដែលលោក ដូណាល ត្រាំ បានប្រកាស។
    |
 |
|
ទិដ្ឋភាពនៃឈូងសមុទ្រពែរ្ស ពីទីក្រុង Bushehr ប្រទេសអ៊ីរ៉ង់ (រូបថត៖ vnanet.vn) |
ក្នុងពេលជាមួយគ្នានោះ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា (CENTCOM) បានប្រកាស បន្តធ្វើការវាយប្រហារទៅលើគោលដៅយោធារបស់អ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា កងទ័ពជើងអាកាសរបស់ខ្លួន បានវាយប្រហារលើទីតាំងសន្តិសុខកំពូលរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏ដូចជាកងជីវពលប៉ារ៉ាយោធា Basij នៅក្នុងទីក្រុងតេអេរ៉ង់។
ផ្ទុយទៅវិញ អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកចំនួនប្រាំគ្រាប់ សំដៅទៅលើភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់និងរងរបួស ក៏ដូចជាការខូចខាត មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕
តាម vovworld.vn