ជម្លោះនៅមជ្ឈិមបូព៌ា៖ ប្រទេសជាច្រើនអំពាវនាវឱ្យមានការអត់ធ្មត់និងជំរុញដំណោះស្រាយការទូត
ថ្ងៃ ១៦ ខែមីនានេះ ដែលជាថ្ងៃទី ១៧ នៃជម្លោះនៅមជ្ឈិមបូព៌ា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រកាសថា កងទ័ពអាកាសរបស់ខ្លួនបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាច្រើនលើកប្រឆាំងនឹងអ៊ីរ៉ង់ ដោយកំណត់គោលដៅមូលដ្ឋានយោធាអ៊ីរ៉ង់ និងទីតាំងរដ្ឋាភិបាល រួមទាំងមជ្ឈមណ្ឌលបញ្ជាការស៊ើបការណ៍សម្ងាត់នៅទីក្រុងតេអេរ៉ង់ផងដែរ។
នៅថ្ងៃដដែលនោះ មន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានបញ្ជាក់ថា ជម្លោះជាមួយអ៊ីរ៉ង់គ្រោងនឹងអូសបន្លាយបន្ថែមយ៉ាងហោចណាស់មួយខែទៀត។
ទន្ទឹមនឹងនេះ ការវាយប្រហារតប់តរវិញរបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសឈូងសមុទ្រ ក៏ដូចជាការបិទច្រកសមុទ្រហ័រមូស កំពុងប៉ះពាល់ដល់ការផលិត និងការនាំចេញប្រេងឆៅរបស់តំបន់។
    |
 |
|
ទិដ្ឋភាពនៃការវាយប្រហារលើអគារលំនៅដ្ឋានមួយ ក្នុងអំឡុងពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ (រូបថត៖ Majid Asgaripour/WANA តាមរយៈ REUTERS) |
កាលពីម្សិលមិញ ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានបន្តអំពាវនាវឱ្យមានការអត់ធ្មត់ និងលើកកម្ពស់ដំណោះស្រាយការទូត ដើម្បីទប់ស្កាត់ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បានសង្កត់ធ្ងន់កាលពីម្សិលមិញថា ការសន្ទនាការទូតជាមួយអ៊ីរ៉ង់អាចកើតឡើងបានលុះត្រាតែ ទីក្រុង តេអេរ៉ង់បញ្ឈប់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងរដ្ឋឈូងសមុទ្រ ហើយបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពយោធារបស់ខ្លួនជាបន្ទាន់។ ក្នុងពេលជាមួយគ្នានោះ ក្នុងកិច្ចពិភាក្សា លោក Badr Abdelatty រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងលោក Sayyid Badr bin Hamad Al Busaidi សមភាគីអូម៉ង់ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលកាន់តែប្រសើរឡើងដើម្បីទប់ស្កាត់ភាពតានតឹង។ ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយការទូតដើម្បីរាំងស្កាត់ការរីករាលដាលនៃជម្លោះ។
នៅទីក្រុងមូស្គូ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់អរិភាព និងបន្តការចរចាយ៉ាងឆាប់រហ័ស ខណៈពេលដែលបានសង្កត់ធ្ងន់លើតម្រូវការដើម្បីជៀសវាងការវាយប្រហារដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ និងរដ្ឋឈូងសមុទ្រអារ៉ាប់។ រុស្ស៊ីក៏បានបង្ហាញពីការត្រៀមខ្លួនដើម្បីគាំទ្រដំណើរការផ្សះផ្សាប្រសិនបើភាគីនានាមានសំណើ៕
តាម vovworld.vn