នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយទទួលបានដំណឹងផ្ទាល់ពីភាគីវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនាមឯកឧត្តមជាអ្នកធ្វើការងារជាមួយភាគីវៀតណាម ទាក់ទងនឹងការកសាងតំបន់ប្រវត្តិសាស្ដ្រតាមព្រំដែន និងត្រៀមបើកច្រកព្រំដែនអន្ដរជាតិ ដែលជាតំបន់ប្រវត្តិសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា៖ «ភាគីវៀតណាម បានប្រាប់មកខ្ញុំថា គ្រាន់តែអ្នកចុះឈ្មោះ មកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់ ២ម៉ឺននាក់ហើយពេលនេះ ។ នេះគ្រាន់តែវៀតណាមផង ។ អ៊ីចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន ដើម្បីទទួលភ្ញៀវ នោះគឺជាបញ្ហា នៃការទទួលភ្ញៀវទាក់ទងទៅនឹងកន្លែងសម្រាក កន្លែងហូបចុក នៅដល់បញ្ហារឿងសន្ដិសុខ រឿងសណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់»។

leftcenterrightdel
អ្នកគាំទ្រកីឡាវៀតណាមប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមស៊ីហ្គេម នៅកម្ពុជា (រូបថត៖ thethao247.vn)

អនុប្រធានគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា គ្រាន់តែវៀតណាម ជាបណ្ដោះអាសន្នជាង ២ម៉ឺនទៅហើយ ស្របពេលស៊ីហ្គេមនៅសល់ជាង ៥០ថ្ងៃទៀត ។ ដូច្នេះអ្នកគាំទ្រវៀតណាម អាចនឹងមានសន្ទុះកាន់តែខ្លាំង ដែលត្រូវមកគាំទ្រកីឡាបាល់ទាត់ និងកីឡាផ្សេងៗរបស់ខ្លួន។ លើសពីនេះ បណ្ដាប្រទេសជិតខាង និងក្នុងតំបន់ ក៏បានចាប់អារម្មណ៍មកកម្ពុជាដែរ។ ហេតុនេះ ឯកឧត្តមរំពឹងថា នឹងមានមនុស្សរាប់ម៉ឺន-សែននាក់មកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។

ឯកឧត្តមបន្ដថា៖ «ចុះនៅថៃ និងឡាវ ដែលនៅជិតហ្នឹង ហើយអាចធ្វើដំណើរតាមរថយន្ដយ៉ាងស្រួល។ ខ្ញុំគិតថា ក៏មកយ៉ាងតិចរាប់ពាន់នាក់ដែរ ។ អ៊ីចឹងព្រឹត្តិការណ៍នេះ នឹងមានមនុស្សរាប់ម៉ឺន អាចថា ចូលរាប់សែននាក់ ។ នេះគឺជាកិត្តិយសធំធេង សម្រាប់កម្ពុជា គឺដោយសារកម្ពុជា មានលទ្ធភាពគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ។ បើមានកូវីដ-១៩ រៀបចំការប្រកួតម៉េចកើត? ដោយសារកម្ពុជា មានសន្ដិភាព កម្ពុជាគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩បាន កម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា» ។

គួរឱ្យដឹងថា បច្ចុប្បន្នគណៈកម្មាធិការជាតិ CAMSOC កំពុងយកចិត្តទុកដាក់ និងធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ពិសេសសណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកគាំទ្របណ្ដាប្រទេសនីមួយៗ រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងសុវត្ថិភាព ជូនប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ដែលត្រៀមមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ៕

បកប្រែដោយ Thanh Cong