ក្នុងជំនួបនេះ តាងនាមអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្វាគមន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយនិងអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រកបដោយជោគជ័យ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍ​ដោយឥតឈប់ឈរនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ នាពេលកន្លងមក ប្រទេសទាំងពីរបានសហការរៀបចំសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២” ដូចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កម្ពុជារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងដំណើរទស្សនកិច្ចមក​កាន់​វៀតណាម និងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានប្រារព្ធឡើងដោយស្របនឹងទំហំ និងអត្ថន័យនៃព្រឹត្តិការណ៍នេះ ដែលមានអត្ថន័យផ្សព្វផ្សាយឃោសនា ជាពិសេសចំពោះយុវជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងពិសេស និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរតាមរយៈសម័យកាលប្រវត្តិសាស្ត្រទាំងឡាយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជួបពិភាក្សាការងារជាមួយលោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃ​កងទ័ពប្រជាជនវៀតណាម និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានកត់សម្គាល់នូវការសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់កងទ័ពនៃប្រទេសទាំងពីរក្នុងការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ ២០២២ និងខ្លឹមសារផ្លាស់ប្តូ និងឯកភាពរវាងប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងខែមីនា កន្លងមក។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអបអរសាទរកងយោធពលខេមរភូមិន្ទដែលបានរៀបចំកិច្ចប្រជុំយោធាការពារជាតិទាំងឡាយក្នុងឆ្នាំប្រធានអាស៊ាន ឆ្នាំ២០២២ ប្រកបដោយជោគជ័យ។ វៀតណាមតែងតែគាំទ្រកម្ពុជាទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ចំណែកខ្លួនវិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលតែងតែគាំទ្រ និងសម្របសម្រួលរៀបចំពិធីរំលឹកខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយជោគជ័យ តាយរយៈនោះបានរួមចំណែកក្នុងការអប់រំប្រជាជននៃប្រទេសទាំងពីរ និងវាយកម្ទេចនូវឧបាយកលបំភ្លៃការពិតរបស់ពួកអរិភាព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតែងប្រកៀកស្មាគ្នាដើម្បីអភិវឌ្ឍរួមគ្នា ដែលក្នុងនោះ កម្លាំងកងទ័ពនៃប្រទេសទាំងពីរ បាន និងកំពុងសហប្រតិបត្តិការគ្នាដើម្បីការពារសន្តិសុខព្រំដែន និងជួយប្រជាជននៅព្រំដែនអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត រួមចំណែកដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យ​កាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង។ ទន្ទឹមនឹងនោះ លោកបានស្នើថា នាពេលខាងមុខ ប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានផ្តាំផ្ញើការសួរសុខទុក្ខតាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនចំពោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ  ហើយ​និងអញ្ជើញលោក​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចូលរួមពិព័រណ៌ការពារជាតិអន្តរជាតិ ដែលរៀបចំដោយប្រទេសវៀតណាម នៅចុងឆ្នាំ២០២២៕

បកប្រែដោយ Duy Hoan