កិច្ចពិភាក្សារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី ១២ ឧសភា នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Hoa Lu (កងទ័ពការពារព្រំដែនខេត្ត Binh Phuoc) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា។
លោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាមនិងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។
លោកឧត្តមសេនីយ៍ទោ Le Duc Thai បានសម្តែងនូវក្តីរីករាយ ដោយបានទទួលបដិសណ្ឋារកិច្ច និងជួបធ្វើការជាមួយលោកនាយឧត្តមសេនីយ៍ សៅ សុខា និងគណៈប្រតិភូនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងការសម្របសម្រួល ការគ្រប់គ្រង ការការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែននៃប្រទេសនីមួយៗ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកនាយឧត្តមសេនីយ៍ សៅ សុខា បានឯកភាពថា ទោះបីមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នាពេលកន្លងមកក៏ដោយ ក៏ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសម្របសម្រួលគ្រប់គ្រងការពារព្រំដែន រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅសងខាងព្រំដែន រួមចំណែកកសាងព្រំដែនរវាងវៀតណាម និងកម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើការសម្របសម្រួលក្នុងការរៀបចំសកម្មភាពធំៗដ៏មានអត្ថន័យក្នុងរយៈពេលថ្មីៗនេះប្រកបដោយជោគជ័យ រួមចំណែកផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការដែលបានកំណត់ក្នុងផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ២០២២ រវាងក្រសួងការពារជាតិទាំងពីរ។ កងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃភាគីទាំងពីរមានភាពម្ចាស់ការក្នុងការសម្របខ្លួនទៅនឹង "ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី" ក្រោយពីការរីករាលដាលនៃ Covid-19; រក្សានិងលើកកម្ពស់យន្តការផ្លាស់ប្តូរទ្វេភាគី និងការយាមល្បាតទ្វារភាគីប្រកបដោយប្រសិទ្ធភាព ...។
    |
 |
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកនាយឧត្តមសេនីយ៍ សៅ សុខា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីខ្លឹមសារនៃកិច្ចពិភាក្សា (រូបថត៖ bienphong.com.vn) |
ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពថានឹងដឹកនាំអង្គភាពក្រោមឱវាទឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការជួបជុំ ការផ្លាស់ប្តូរ និងការជួបប្រាស្រ័យទាក់ទងគ្នាដើម្បីពង្រឹងសាមគ្គីភាព និងភាពជិតស្និទ្ធ បន្ទាប់ពីររងការរំខានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋនៅសងខាងព្រំដែនក្នុងធ្វើដំណើរទៅមក ពិនិត្យសុខភាពនិងព្យាបាលជំងឺ សួរសុខទុក្ខសាច់ញាតិទិញ-លក់ដោះដូរទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ភាគីទាំងពីរឯកភាពថានឹងបន្តផ្តល់យោបល់យ៉ាងសកម្មជូនអាជ្ញាធរមូលដ្ឋានក្នុងការជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជន និងប្រជាជននៅសងខាងព្រំដែន ហើយនិងសម្របសម្រួលជំរុញការឃោសនាផ្សព្វផ្សាយឱ្យប្រជាជនគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន និងច្បាប់នៃប្រទេសនីមួយៗ ព្រមទាំងចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការចេញ-ចូលខុសច្បាប់ ប្រឆាំងបទល្មើស និងការរត់ពន្ធឆ្លងដែន និងច្រកព្រំដែន...។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកនាយឧត្តមសេនីយ៍ សៅ សុខា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីខ្លឹមសារនៃកិច្ចពិភាក្សា៕
បកប្រែដោយ Duy Hoan