សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទូរស័ព្ទអបអរសាទរលោកនាយករដ្ឋមន្រ្តី Pham Minh Chinh
កប.អនឡាញ - ក្នុងឱកាសដែលលោក Pham Minh Chinh ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទូរស័ព្ទអបអរសាទរលោកនាយករដ្ឋមន្រ្តី Pham Minh Chinh។ គួររំលឹកថា នៅថ្ងៃទី ៥ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយជឿជាក់ថាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh រដ្ឋាភិបាល និងប្រជាជនវៀតណាមនឹងបន្តទទួលបានជោគជ័យជាច្រើនទៀតនៅក្នុងការផ្លាស់ប្តូរ ការកសាង និងការអភិវឌ្ឍប្រទេស ព្រមទាំងលើកកំពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ។
    |
 |
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh (baochinhphu.vn) |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិត និងទូរស័ព្ទអបអរសាទរ។ លោកបញ្ជាក់ពីបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ ដើម្បីនាំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ឲ្យបន្តអភិវឌ្ឍប្រកបដោយចីរភាព និងមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបង្ហាញជំនឿថា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ Covid-19 ក្នុងពេលឆាប់ៗនេះ និងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើនថែមទៀត។
នាយករដ្ឋមន្រ្តីទាំងពីរមានសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការឆ្លងរីករាលដាល Covid-19 ក្នុងរយៈពេលកន្លងមក ដោយរក្សាការសន្ទនាតាមទូរស័ព្ទ និងការផ្លាស់ប្តូរយលបល់តាមប្រព័ន្ធវីដេអូទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន និងបង្កើនប្រសិទ្ធភាពនៃបណ្តាយន្តការសហប្រតិបត្តិការទ្វេភាគី។
ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទាំងឡាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិខុសការពារជាតិ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែន សម្របសម្រួលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតផង និងធានាចរាចរទំនិញយ៉ាងងាយស្រួលនៅតាមច្រកទ្វារព្រំដែននានាផង។
ភាគីទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី និងរួមជាមួយបណ្តាប្រទេសសមាជិកដទៃទៀតរក្សាសាមគ្គីភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រវៀតណាមឱ្យបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ដោយជោគជ័យ និងបានបញ្ជាក់អំពីការគាំទ្ររបស់វៀតណាមចំពោះកម្ពុជាក្នុងការបំពេញតួនាទីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ ដោយបានជោគជ័យ ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន មកបំពេញទស្សនកិច្ចវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវបំណងចង់ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងពេលវេលាសមស្របដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ញើសារជូនពរដ៏ល្អបំផុតជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា៕
បកប្រែដោយ Duy Hoan