អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្រ្តីឲ្យដឹងថា តើពិធីផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា មានអត្ថន័យនិងសារៈសំខាន់ដូចម្ដេច?

លោកអនុរដ្ឋមន្ដ្រី Le Hoai Trung៖  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័នលើ "សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា" (សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩) និង “ពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក” រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រោមការធ្វើជាសាក្សីនៃនាយករដ្ឋមន្រ្តីទាំងពីរ។

leftcenterrightdel
ពិធីផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា

យោងតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ឯកសារច្បាប់ទាំងពីរនេះនឹងចូលជាធរមានភ្លាមៗបន្ទាប់ពីភាគីទាំងពីរបញ្ចប់ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័ន។ ដូច្នេះ ចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ “សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ២០០៥ រវាងសាធារណរដ្ឋសង្គមនិយម​វៀតណាម និងព្រះរាជាណាចក្រកម្ពុជា” និង “ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក” រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមចូលជាធរមាន។

ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញពីជ័យជំនះដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ និងមានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាង ៣៦ ឆ្នាំនៃការដោះស្រាយបញ្ហាព្រំដែនគោក វៀតណាម-កម្ពុជា ដែលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង​វៀតណាម-កម្ពុជា ឈានដល់កម្រិតថ្មីមួយទៀត តាមពាក្យស្លោក "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង" ដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

យោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានថ្លែងក្នុងពិធីផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ន ឲ្យដឹងថា  ឯកសារច្បាប់ទាំងពីរនេះចូលជាធរមានបានបង្ហាញពីការប្តេជ្ញាចិត្ត និងសុឆន្ទៈរបស់ប្រទេស វៀតណាម និងកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរួម។

ឯកសារច្បាប់ទាំងពីរ និងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ នឹងបង្កើតក្របខ័ណ្ឌច្បាប់សំខាន់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ខ្សែព្រំដែនគោកវៀតណាម - កម្ពុជា ក្នុងស្ថានភាពថ្មី រក្សាឲ្យបានរឹងមាំនូវសន្ដិសុខ ការការពារជាតិ និងធានាសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការផ្លាស់ប្តូរមិត្តភាព ការធ្វើឱ្យប្រសើរនូវជីវភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែន កសាងខ្សែព្រំដែនគោកវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកសាមគ្គីភាពអាស៊ាន លើកកម្ពស់តួនាទី និងកិត្យានុភាពរបស់អាស៊ានលើឆាកអន្តរជាតិ​។ ជាមួយគ្នានេះ ឯកសារច្បាប់ទាំងពីរនេះក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវតម្លៃនៃសន្ធិសញ្ញា កិច្ចព្រមព្រៀងនានាអំពីព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងរយៈពេលកន្លងមក ហើយជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរសម្របសម្រួលគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងព្រំដែន និងឈានដល់បញ្ចប់ទាំងស្រុងនូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រីឲ្យដឹងថា បន្ទាប់ពីឯកសារច្បាប់សំខាន់ទាំងពីរនេះចូលជាធរមាន តើស្ថាប័នមានសមត្ថកិច្ចវៀតណាម និងកម្ពុជា នឹងបន្ដអនុវត្ដការងារអ្វីៗទៀត?

លោកអនុរដ្ឋមន្រ្តី Le Hoai Trung៖ នាពេលខាងមុខនេះ ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរចាំបាច់ត្រូវសម្របសម្រួលដើម្បីអនុវត្ដការងារសំខាន់ៗដែលទាក់ទិនដល់ឯកសារច្បាប់ទាំងពីរនេះ។

យោងតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិឆ្នាំ ២០១៦ ក្រសួងការបរទេសវៀតណាមក្នុងនាមជាស្ថាប័នស្នើសុំចុះហត្ថលេខា និងទទួលខុសត្រូវក្នុងការកសាងផែនការធ្វើឯកសារច្បាប់ទាំងពីរនេះដើម្បីសូមការសម្រេចលើផែនការពីនាយករដ្ឋមន្ដ្រី។ នេះជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់ក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវឯកសារច្បាប់ទាំង ២ នេះ ។

នាពេលខាងមុខនេះ ភាគីទាំងពីរនឹងសម្របសម្រួលគ្នាគ្រប់គ្រងខ្សែព្រំដែន និងបោះបង្គោលព្រំដែនឲ្យស្របតាមពិធីសារនៃការខណ្ឌសីមា និងបោះបង្គោលព្រំដែន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងចរចាដើម្បីបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីបទប្បញត្ដិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែន ក៏ដូចជាបន្តចរចាដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេស​សល់ចំនួន ១៦%​​ផងដែរ។

អាចបញ្ជាក់ផងដែរថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារច្បាប់ទាំងពីរនេះមានសារសំខាន់ក្នុងការការពាររឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាង​វៀត​ណាម​និងកម្ពុជា៕

សូមអរគុណលោកអនុរដ្ឋមន្រ្តី!

បកប្រែដោយ​ Pham Diep