អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ដែលបានពង្រឹង និងអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ ហើយអះអាងថា ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាឲ្យរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជន នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន (រូប​ថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពថា នឹងបន្តសម្របសម្រួលអនុវត្តល្អនូវសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងឡាយ​រវាងភាគីទាំងពីរ រួមទាំងការផ្សព្វផ្សាយឃោសនអប់រំប្រជាជន ជាពិសេសយុវជនអំពីទំនាក់ទំនងរវាង ​វៀត​ណាម និង កម្ពុជា ហើយរៀបចំពិធី​រំលឹកព្រឹក្តិកាណ៍ប្រវត្តិសាស្ត្រទាំងឡាយឲ្យ​បានល្អ ​អនុវត្តល្អ​ពិធីសារ និងផែន​ការ​សហ​ប្រតិបត្តិការពារជាតិ​សន្តិសុខ ព្រម​ទាំង​ត្រៀមរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំគណៈកម្មការចំរុះ វៀតណាម - កម្ពុជា លើកទី ១៨ និងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែន វៀតណាម - កម្ពុជា លើកទី ១១ ហើយមានវិធានការជាក់លាក់ក្នុងការដោះស្រាយនូវរាល់ការលំបាកដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ​ឲ្យ​អភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យជាប្រវត្តិសាស្ត្រនៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ដែល​ទទួលស្គាល់សមិទ្ធិផល (៨៤%) នៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ និងបានឯកភាពពន្លឿន​នីតិវិធីសម្រាប់ឯកសារទាំងពីរនេះចូលជាធរមានក្នុងពេលឆាប់ៗ និងបន្តការចរចាដើម្បីដោះស្រាយបណ្តាតំបន់ព្រំដែននៅសេសសល់ដែលមិនទាន់បោះបង្គោលខ័ណ្ឌសីមាព្រំដែន រួម​ចំណែក​កសាងព្រំដែនវៀតណាម - កម្ពុជា ទៅជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និងការ​អភិវឌ្ឍ។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបណ្តាបញ្ហាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ានជាដើម៕

បកប្រែដោយ Duy Hoan