ដោយរួមដំណើរជាមួយកម្មាភិបាលនៃក្រុមចលនាមហាជន (ប៉ុស្តិ៍ការពារព្រំដែន Huong Nguyen) ចុះទៅភូមិសាស្ត្រ យើងបានឮការសន្ទនាជាភាសា Ta Oi របស់កងទ័ពការពារព្រំដែន ជាមួយប្រជាជន។ មានតែតាមរយៈស្នាមញញឹម និងក្រសែភ្នែកប៉ុណ្ណោះ ទើបយើងអាចមើលឃើញនូវក្តីស្រលាញ់ពិសេសដែលប្រជាជនផ្តល់ចំពោះកងទ័ព។

leftcenterrightdel
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Nham (កងទ័ពការពារព្រំដែនខេត្ត Thua Thien Hue) ណែនាំប្រជាជនអំពីបច្ចេកទេសដាំដុះម្នាស់ដើម្បីបង្កើនផលិតកម្ម

លោកវរសេនីយ៍ទោ Le Van Tuan ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Huong Nguyen បានឲ្យដឹងថា៖ “អង្គភាពគ្រប់គ្រងឃុំចំនួនពីរគឺឃុំ A Roang និងឃុំ Huong Nguyen នៃស្រុក A Luoi ដោយមានប្រជាជនចំនួន ១.០០៩ គ្រួសារ ក្នុងចំណោមប្រជាជនចំនួន ៤.១៤៤ នាក់ ក្នុងនោះជនជាតិ Ta Oi, Co Tu, Pa Co-Van Kieu មានចំនួនជាង ៩០% ដូច្នេះហើយ យើងមានការយកចិត្តទុកដាក់ជាពិសេស និងបង្កើតលក្ខខណ្ឌសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងអង្គភាពទៅរៀនភាសា និងស្វែងយល់អំពីទំនៀមទម្លាប់របស់បងប្អូនជនជាតិនៅភូមិសាស្ត្រដែលអង្គភាពទទួលបន្ទុកដើម្បីសម្រួលដល់ការបំពេញ​ភារកិច្ច”។

ព្រឹទ្ធាចារ្យភូមិ Nguyen Minh Sang ឃុំ Lam Dot ស្រុក A Luoi បានអះអាងថា៖ “ក្នុងដំណើរបំពេញការងារ បើកងទ័ពការពារព្រំដែន អាចនិយាយ និងយល់បានភាសាជនជាតិ ហើយតាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នកភូមិនោះ ពួកគេបានបង្កើតជំនឿជាក់ជាមួយសហគមន៍ ស្វែងយល់អំពីទំនៀមទម្លាប់ ហើយចាប់យកចិត្តគំនិត បំណងប្រាថ្នារបស់ប្រជាជន។ ពេលប្រជាជនយល់ និងជឿជាក់នោះ ការផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំងណែនាំប្រជាជនឱ្យចេះពីរបៀបរកស៊ី អភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកសាងរបៀបរស់នៅថ្មីនោះ វានឹងកាន់តែងាយស្រួលជាងមុន»។

A Luoi ជាស្រុកជាប់ព្រំដែនមួយមានព្រំប្រទល់ប្រវែង ៨០ គីឡូម៉ែត្រ មានឃុំចំនួន ១២ ជាប់ព្រំដែនឡាវ រួមទាំងជនជាតិភាគតិចជាង ៨០%។ នេះក៏ជាតំបន់សំខាន់ដែលបង្កប់ហានិភ័យនៃការជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ការធ្វើអាជីវកម្មរុក្ខផលនិងផលរ៉ែខុសច្បាប់ និងការធ្វើចំណាកស្រុកដោយសេរី។ ដូច្នេះ ការយល់ភាសា ការចេះសរសេរ និងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់របស់បងប្អូនជនជាតិនឹងក្លាយជាមធ្យោបាយដ៏ស្រួលបំផុត ដើម្បីទទួលបានការគាំទ្រពីប្រជាជន។

leftcenterrightdel
ដំណើរទស្សនកិច្ចសិក្សានៃថ្នាក់រៀនភាសាជនជាតិរបស់កងទ័ពការពារព្រំដែនខេត្ត Thua Thien Hue

លោកវរសេនីយ៍ឯក Pham Tung Lam ប្រធាននយោបាយនៃកងទ័ពព្រំដែនខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “អនុវត្តគម្រោងរៀនភាសាជនជាតិរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក A Luoi បើកថ្នាក់រៀនភាសាជនជាតិសម្រាប់កម្មាភិបាល និងយុទ្ធជនដែលកំពុងធ្វើការនៅតំបន់ព្រំដែននៃស្រុក A Luoi ។ អាស្រ័យហេតុនេះ មិនត្រឹមតែជួយកម្មាភិបាល និងយុទ្ធជនឱ្យយល់អំពីទំនៀមទម្លាប់របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងអាចស្តាប់យល់ និងនិយាយភាសា និងសរសេរអក្សររបស់ជនជាតិភាគតិចទៀតផង។ នេះជាស្ពានតភ្ជាប់រវាងកម្មាភិបាល យុទ្ធជន ជាមួយប្រជាជនដើម្បី “ស្តាប់ប្រជាជននិយាយ និងនិយាយឲ្យប្រជាជនយល់” បង្កើតទំនុកទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជន រួមចំណែកបំពេញភារកិច្ចបានល្អ។

ការការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មីតម្រូវឱ្យកងទ័ពការពារព្រំដែនអនុវត្តវិធានការណ៍ការងារឱ្យស្របគ្នា។ ជាពិសេស ការប្រើប្រាស់ភាសាជនជាតិយ៉ាងស្ទាត់ បានធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការឃោសនា និងការចលនាមហាជន។ ក្រៅពីនោះ ការងារកសាងចំណងសាមគ្គីភាពជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងជនជាតិភាគតិចនៅតំបន់ព្រំដែនជួយបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងការការពារជាតិ និងសន្តិសុខនោះ វានឹងកាន់តែងាយស្រួលនៅពេលកងទ័ព និងប្រជាជនមានសំឡេងដូចគ្នា៕

បកប្រែដោយ Duy Hoan