នាយទាហានវ័យក្មេងម្នាក់នៃកងទ័ពការពារព្រំដែនមានចិត្តសប្បុរសធម៌
កប.អនឡាញ - នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Thuan ពេលនិយាយដល់លោកអនុសេនីយ៍ឯកបំរុង Cao Minh Quoc កម្មាភិបាលនៃការិយាល័យនយោបាយ មនុស្សគ្រប់គ្នានឹកដល់ភ្លាមៗអំពីរូបភាពរបស់នាយទាហានវ័យក្មេងម្នាក់ដែលមិនត្រឹមតែមានជំនាញល្អប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ នាំមកនូវក្តីស្រឡាញ់ដល់ប្រជាជនដែលជួបការលំបាកនៅតំបន់ដាច់ស្រយាលទៀតផង។
តាំងពីគាត់ជានិស្សិតនៅវិទ្យាស្ថានការពារព្រំដែន Cao Minh Quoc បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្តដែលរៀបចំដោយសម្ព័ន្ធយុវជនរបស់សាលា។ បញ្ចប់ការសិក្សានៅឆ្នាំ ២០១៧ នាយទាហានវ័យក្មេងរូបនេះត្រូវបានចាត់តាំងឱ្យបំពេញការងារនៅប៉ុស្តិ៍កងទ័ពការពារព្រំដែន Tan Thanh (កងទ័ពការពារព្រំដែនខេត្ត Binh Thuan)។ ដើម្បីបំពេញភារកិច្ចបានយ៉ាងល្អ Cao Minh Quoc បានចំណាយពេលស្រាវជ្រាវ ស្វែងយល់អំពីតំបន់ និងជិតស្និទ្ធជាមួយប្រជាជនដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទំនៀមទម្លាប់របស់ពួកគេ។ល។ ក្នុងរយៈពេលដ៏ខ្លី នាយទាហានវ័យក្មេងរូបនេះបានរៀនសូត្របទពិសោធន៍ដ៏មានតម្លៃជាច្រើន មានភាពថាមវន្ត និងរីករាយនៅពេលចូលរួមក្នុងសកម្មភាព និងចលនារបស់អង្គភាព និងមូលដ្ឋាន។ ក្រោយមក ក្នុងឋានៈជាប្រធានក្រុមផ្តល់យោបល់រដ្ឋបាល និងជាលេខាធិការរងនៃសហភាពយុវជន គាត់បានផ្តល់យោបល់យ៉ាងសកម្មដល់គណៈកម្មាធិការបក្ស និងដឹកនាំការរៀបចំសកម្មភាពសប្បុរសធម៌ ចលនាមហាជន និងជួយមនុស្សវ័យចំណាស់ និងសិស្សានុសិស្សដែលជួបការលំបាកនៅក្នុងតំបន់។
    |
 |
លោកអនុសេនីយ៍ឯកបំរុង Cao Minh Quoc តែងតែរៀបចំពិធីផ្តល់អំណោយជូនកុមារដែលជួបការលំបាកនៅខេត្ត Binh Thuan |
នៅខែមករា ឆ្នាំ២០២៤ លោកអនុសេនីយ៍ឯកបំរុង Cao Minh Quoc ត្រូវបានចាត់តាំងឲ្យបំពេញការងារនៅការិយាល័យនយោបាយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Thuan។ ក្នុងមុខតំណែងថ្មី ដោយមានបំណងចង់រួមចំណែកជួយគ្រួសារដែលជួបការលំបាក ជាពិសេសសិស្សក្រីក្រនៅតំបន់ដាច់ស្រយាល មនុស្សវ័យចំណាស់ឯកោ និងជនពិការ Minh Quoc បានអំពាវនាវដល់សាច់ញាតិ មិត្តភ័ក្តិ និងយកមួយចំណែកនៃប្រាក់បៀវត្សរ៍របស់ខ្លួន ដើម្បីរៀបចំកម្មវិធី “ពិធីបុណ្យពាក់កណ្តាលសរទរដូវសម្រាប់កុមារ” ដែលក្នុងនោះ ផ្តល់អំណោយចំនួន ៤០០ កញ្ចប់ជូនសិស្សានុសិស្សនៅតំបន់ដាច់ស្រយាលនៅស្រុក Bac Binh និងអំណោយចំនួន ២០០ កញ្ចប់ជូនកុមារដែលជួបការលំបាកនៅទីក្រុង Phan Thiet (ខេត្ត Binh Thuan)។ Minh Quoc និងមិត្តភ័ក្តិក៏បានរៀបចំកម្មវិធី “ចែករំលែកអង្ករ” ដើម្បីជួយឧបត្ថម្ភសម្ភារៈចាំបាច់ប្រចាំខែសម្រាប់មនុស្សវ័យចំណាស់ឯកកោ និងជនពិការចំនួន ១០ នាក់នៅទីក្រុង Phan Thiet; ចូលរួមក្នុងកម្មវិធី “តភ្ជាប់សេចក្តីស្រឡាញ់” បរិច្ចាករបស់របរប្រើប្រាស់ចាំបាច់ សម្ភារៈសិក្សា និងបរិច្ចាគសំលៀកបំពាក់ចាស់ៗ ដើម្បីផ្តល់ជូនគ្រួសារដែលជួបការលំបាក និងកុមារក្រីក្រនៅតំបន់ភ្នំនៅខេត្ត Gia Lai ,ខេត្ត Kon Tum និងខេត្ត Quang Nam។ល។ លើសពីនេះ គាត់ក៏បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ជាច្រើននៅទីក្រុង Pleiku (ខេត្ត Gia Lai) និងស្រុក Nam Tra My (ខេត្ត Quang Nam)។
ក្រៅពីសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យនោះ លោកអនុសេនីយ៍ឯកបំរុង Cao Minh Quoc ក៏បានផ្តល់យោបល់យ៉ាងសកម្មជូនថ្នាក់ដឹកនាំការិយាល័យ រៀបចំសកម្មភាពជាច្រើន ដើម្បីជួយពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន កសាងតំបន់ព្រំដែនសមុទ្រឱ្យកាន់តែរឹងមាំថែមទៀត ដូចជាកម្មវិធី៖ បុណ្យដាំដើមឈើ “ដឹងគុណលោកអ៊ំ ហូ ជារៀងរហូត”; "មនោសញ្ជេតនានៅតំបន់ព្រំដែនសមុទ្រ"; "ដំណើរទៅកាន់ប្រភព"; យុទ្ធនាការ "ការធ្វើដំណើរបៃតង"; "យុវជនស្ម័គ្រចិត្តនៅរដូវក្តៅ"។ល។ ... លោកអនុសេនីយ៍ឯកបំរុង Cao Minh Quoc បានចែករំលែកថា៖ "សម្រាប់ខ្ញុំ យុវជនត្រូវតែរួមចំណែក។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលដែលខ្ញុំអាចពួតដៃជួយប្រជាជនដែលជួបលំបាកជាងខ្លួនខ្ញុំ រួមចំណែកផ្សព្វផ្សាយសេចក្តីស្រឡាញ់នៅក្នុងសហគមន៍"៕
បកប្រែដោយ Huyen Trang