គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសហ្វីលីពីន
កប.អនឡាញ - នាថ្ងៃទី ១ ខែតុលា ដោយទទួលការផ្ទេរសិទ្ធិពីថ្នាក់ដឹកនាំនៃកងឆ្មាំសមុទ្រវៀតណាម បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ បានប្រារព្ធពិធីជូនដំណើរនាវាកងឆ្មាំសមុទ្រលេខ៨០០២ នៃកងនាវាលេខ ២១ រួមជាមួយគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់កងឆ្នាំសមុទ្រលេខ ២ ទៅបំពេញទស្សនកិច្ចដើម្បីចែករំលែកបទពិសោធន៍ និងធ្វើសមយុទ្ធរួមជាមួយកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន។ លោកវរសេនីយ៍ឯក Le Huy លេខាគណៈកម្មការបក្ស និងជាប្រធាននយោបាយនៃបញ្ជាការដ្ឋានតំបន់កងឆ្នាំសមុទ្រលេខ ២ បានអញ្ជើញជាអធិបតីក្នុងពិធី។
ក្នុងពិធី លោកវរសេនីយ៍ឯក Le Huy បានសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាកងឆ្មាំសមុទ្រវៀតណាមទៅកាន់ហ្វីលីពីនក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងសុច្ឆន្ទៈរបស់កងកម្លាំងទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ សកម្មភាពដ៏សំខាន់នេះនឹងរួមចំណែកដល់ការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាម និងហ្វីលីពីនក្នុងការកសាងសមុទ្រប្រកបដោយសន្តិភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់កងឆ្នាំសមុទ្រលេខ ២ ជូនផ្កាដល់គណៈប្រតិភូក្នុងពិធី |
ក្នុងឱកាសស្នាក់នៅហ្វីលីពីន គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងមេបញ្ជាការតំបន់នៃមជ្ឈមណ្ឌល Visayas ទៅទស្សនានិងចូលរួមក្នុងការប្រកួតកីឡានៅទីស្នាក់ការតំបន់កងឆ្មាំសមុទ្រហ្វីលីពីន កិច្ចប្រជុំទ្វេភាគីជាមួយកងឆ្មាំសមុទ្រហ្វីលីពីន ចូលរួមការប្រកួតកីឡាជាមួយកម្មាភិបាល បុគ្គលិក និងនាវិកនៃកងឆ្មាំសមុទ្រហ្វីលីពីន។ល។
តាមរយៈដំណើរទស្សនកិច្ចការងារនេះ កម្មាភិបាល និងបុគ្គលិកនៃកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រហ្វីលីពីនមានឱកាសផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តច្បាប់នៅសមុទ្រ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងកម្លាំងទាំងពីរ។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចការងារនេះក៏ត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពនៅសមុទ្រ តាមរយៈនោះដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងទាំងពីរនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh