ប្រែក្លាយការសន្យាទៅជាសកម្មភាពជាក់ស្តែង
កប.អនឡាញ - នាថ្ងៃទី ២២ សីហា នៅច្រកសមុទ្រ Malacca ក្នុងប្រទេសម៉ាឡេស៊ី នាវាចម្បាំងចំនួន ១០ គ្រឿង របស់កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម។ ប្រទេសនីមួយៗបញ្ជូននាវាចំនួន ១ គ្រឿង ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីបញ្ជូននាវាចំនួន ៣ គ្រឿង បានចូលរួមក្នុងបណ្តាសកម្មភាពនៃក្របខណ្ឌ នៃ AMNEX 3 ។
នៅថ្ងៃទី ២២ ខែសីហា នាវាទាំងឡាយដែលចូលរួមក្នុង AMNEX 3 បានអនុវត្តសកម្មភាពមួយចំនួនដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយក្រុម និងការផ្គត់ផ្គង់នៅសមុទ្រ ការឆ្លើយតបទៅនឹងសន្តិសុខនៅសមុទ្រពីទូកល្បឿនលឿន ការថតរូបទ្រង់ទ្រាយក្រុមពីលើអាកាស និងការស្វាគមន៍គ្នាទៅវិញទៅមកនៅសមុទ្រ។ សមយុទ្ធនេះមានកងទ័ពសរុបជាង ១.២០០ នាក់ ដោយមានការចូលរួមពីឧទ្ធម្ភាគចក្រ ៣ គ្រឿង និងទូកល្បឿនលឿន ១ គ្រឿង របស់កងទ័ពជើងទឹកម៉ាឡេស៊ី។
នាវាលេខ 016-Quang Trung នៃកងពលតូចលេខ១៦២ តំបន់លេខ ៤ កងទ័ពជើងទឹក បានបង្ហាញជំនាញវិជ្ជាជីវៈរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។ លើសពីនេះ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់នាវា 016-Quang Trung និងគណៈប្រតិភូដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Vinh Nam មេបញ្ជាការរងតំបន់លេខ៤ កងទ័ពជើងទឹក នៅ AMNEX 3 បានរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសដែលចូលរួម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
    |
 |
នាវាកងទ័ពជើងទឹករបស់បណ្តាប្រទេសអាស៊ានដែលចូលរួមក្នុង AMNEX 3 |
ការហាត់សមមួយក្នុងចំណោមបណ្តាការហាត់សមលើកនេះ គឺឆ្លើយតបទៅនឹងការវាយប្រហារដោយទូកល្បឿនលឿន ដែលជាវិធីសាស្ត្រវាយប្រហារមិនថ្មី ប៉ុន្តែមាននិន្នាការកើនឡើងនាពេលថ្មីៗនេះ ដោយមានការគាំទ្រពីបច្ចេកវិទ្យាថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រដែលកងទ័ពជើងទឹកអាស៊ានកំពុងជួបប្រទះគឺមានច្រើនជាងនេះទៅទៀត។ ថ្នាក់ដឹកនាំកងទ័ពជើងទឹកអាស៊ាន បានលើកឡើងពីកង្វល់ដែលកំពុងកើតមានចំពោះការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្រោមទឹក ដូចជា ខ្សែកាបទូរគមនាគមន៍ បំពង់បង្ហូរប្រេង ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅឯលំហរសមុទ្រ។ល។ ការការពារនេះមានការលំបាក ដោយសារតែទីតាំងនៃហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ហើយមានការចូលរួមពីពហុជាតិ និងឯកជន ក៏ដូចជាភាពស្មុគស្មាញនៃច្បាប់។
យោងតាមលោកឧត្តមនាវីឯក Datuk Zulhelmy Ithnain មេបញ្ជាការកងទ័ពជើងទឹកម៉ាឡេស៊ី ផ្លូវឆ្ពោះទៅមុខគឺច្បាស់ណាស់៖ បច្ចេកវិទ្យាគឺជាកត្តាជំរុញ ហើយការរួបរួមគឺជាកម្លាំង និងមនុស្សគឺជាកម្លាំងចលករ។ ការរួមបញ្ចូលរវាងនវានុវត្តន៍ជាមួយនឹងកិច្ចសហប្រតិបត្តិការនោះ កងទ័ពជើងទឹកបណ្តាប្រទេសអាស៊ានអាចបង្កើតរចនាសម្ព័ន្ធសន្តិសុខប្រកបដោយចីរភាព មានភាពបត់បែន និងត្រៀមខ្លួនសម្រាប់អនាគត។
AMNEX 3 បានបញ្ចប់ដោយបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកអាស៊ាន។ បញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រក្នុងតំបន់កាន់តែស្មុគស្មាញ។ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តដើម្បីសមុទ្រប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការតាមរយៈសកម្មភាពជាក់លាក់របស់កងទ័ពជើងទឹកអាស៊ាននឹងជួយរក្សាតួនាទីកណ្តាលរបស់អាស៊ាន ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ៕
បកប្រែដោយ Duy Hoan