ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវនៃកងទ័ពវៀតណាម និងកងទ័ពចិន
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូវិទ្យាស្ថានវិទ្យាសាស្ត្រយោធា កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Huang Wen Tao ប្រធានវិទ្យាស្ថានស្រាវជ្រាវពីកិច្ចការនយោបាយផ្នែកយោធា នៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា ក្នុងឱកាសគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃថា នាពេលកន្លងមក ដោយផ្អែកលើទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានភាគីទាំងពីរជំរុញឲ្យកាន់តែស៊ីជម្រៅ និងសម្រេចបាននូវប្រសិទ្ធភាព គុណភាព ជាពិសេស ក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា ក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម យកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះគោលបំណង សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិវៀតណាម និងវិទ្យាស្ថានវិទ្យាសាស្ត្រយោធាចិន ព្រមទាំងចាត់ទុកថា នេះជាភារកិច្ចអាទិភាពមួយក្នុងចំណោមភារកិច្ចអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ នេះនឹងក្លាយជាឯកសារដ៏មានតម្លៃ និងមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងអប់រំសម្រាប់ជំនាន់ក្រោយអំពីប្រពៃណីនៃសាមគ្គីភាព មិត្តភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើថា ភាគីទាំងពីរពង្រីកលទ្ធផលដែលសម្រេចបាន បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងបំពេញល្អភារកិច្ចសហប្រតិបត្តិការ តាមរយៈនោះ ក្លាយជាសកម្មភាពជាក់ស្តែងក្នុងឆ្នាំផ្លាស់ប្ដូរមនុស្សធម៌វៀតណាម-ចិន ឆ្នាំ២០២៥ និងខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន (ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០ / ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥)។
លោកឧត្តមសេនីយ៍ត្រី Huang Wen Tao បានឲ្យដឹងថា ភាគីទាំងពីរសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការស្រាវជ្រាវ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តសម្រេចរបាយការណ៍គម្រោងឲ្យបានឆាប់ៗ។
*សូមរំលឹកថា នាព្រឹកថ្ងៃដដែល គណៈប្រតិភូវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ បានជួបពិភាក្សាជាមួយគណៈប្រតិភូវិទ្យាស្ថានយោធាចិន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការ ឯកភាពលើខ្លឹមសារជាមូលដ្ឋាន និងទម្រង់នៃកិច្ចការសហការ៕
បកប្រែដោយ Thuy Anh