មន្ទីរពេទ្យ Nan Xishan៖ និមិត្តសញ្ញាដ៏ខ្ពង់ខ្ពស់នៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាពរវាងវៀតណាម និងចិន
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ តុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលទាក់ទិននឹងបដិវត្តន៍វៀតណាមនៅតំបន់ស្វយ័ត Guangxi Zhuang និងខេត្ត Guangdong ប្រទេសចិន តបតាមការអញ្ជើញរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិចិន គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅទស្សនកិច្ចមន្ទីរពេទ្យ Nan Xishan។
អមដំណើរគណៈប្រតិភូមានលោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម; រួមជាមួយនឹងថ្នាក់ដឹកនាំនៃបណ្តាអង្គភាពដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីចិន និងយោធភូមិភាគមានព្រំប្រទល់ជាប់នឹងខេត្តក្វាងស៊ី។
|
|
ថ្នាក់ដឹកនាំមន្ទីរពេទ្យ Nan Xishan ណែនាំរូបថតឯកសារជូនដល់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម |
គណៈប្រតិភូបានស្តាប់លោកវេជ្ជបណ្ឌិត Liu Honglin លេខាគណៈកម្មាធិការបក្សនៃមន្ទីរពេទ្យ Nan Xishan ណែនាំអំពីប៉ុន្មានថ្ងៃដំបូងដែលមន្ទីរពេទ្យ Nan Xishan Guilin ត្រូវបានសាងសង់ឡើង និងដំណើរការព្យាបាលជូនយុទ្ធជនពិការមកពីប្រទេសវៀតណាម។ លោកវេជ្ជបណ្ឌិត Liu Honglin ឲ្យដឹងថា ក្នុងគោលបំណងគាំទ្រការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក និងសង្គ្រោះជាតិរបស់ប្រជាជនវៀតណាម បន្ទាប់ពីរយៈពេលត្រៀមរៀបចំពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧ មន្ទីរពេទ្យបានចាប់ផ្តើមសាងសង់ និងបញ្ចប់នៅឆ្នាំ ១៩៦៨។ ចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៥ តាមរយៈមន្ទីរពេទ្យ E ខាងវៀតណាមនោះ មន្ទីរពេទ្យ Nan Xishan Guilin ដែលចំណុះក្រសួងសុខាភិបាលនៃប្រទេសចិនបានផ្តល់ការព្យាបាលដល់យុទ្ធជនពិការ យុទ្ធជនជំងឺមកពីភូមិភាគខាងត្បូងនៃប្រទេសវៀតណាម និងកម្មាភិបាលជាន់ខ្ពស់នៅតាមមូលដ្ឋាននានានៃប្រទេសវៀតណាម។
ក្នុងរយៈពេល ៧ ឆ្នាំ មន្ទីរពេទ្យបានព្យាបាលអ្នកជំងឺចំនួន ៥៤៣២ នាក់ ដែលក្នុងនោះបានធ្វើការវះកាត់ជាង ២០០០ ករណី និងបានចាក់បញ្ចូលឈាមចំនួន ៧៨០០០០ ml ដល់យុទ្ធជនពិការ យុទ្ធជនជំងឺ។ នៅឆ្នាំ ១៩៧៥ បន្ទាប់ពីអ្នកជំងឺចុងក្រោយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ មន្ទីរពេទ្យនេះត្រូវបានប្រគល់ទៅមន្ទីរសុខាភិបាលក្វាងស៊ី ដើម្បីគ្រប់គ្រង និងប្តូរឈ្មោះជាមន្ទីរពេទ្យ Nan Xishan នៃតំបន់ស្វយ័តក្វាងស៊ី។
លោកវេជ្ជបណ្ឌិត Liu Honglin ក៏បានណែនាំដល់គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមនូវរូបភាព វត្ថុតាង និងឧបករណ៍ជាច្រើនដែលមន្ទីរពេទ្យនៅតែរក្សាក្នុងអគាប្រពៃណី និងរៀបរាប់អំពីរឿងរ៉ាវដ៏រំជួលចិត្តអំពីគ្រូពេទ្យ និងបុគ្គលិកពេទ្យចិនដែលយកចិត្តទុកដាក់ថែទាំអ្នកជំងឺដែលជាយុទ្ធជនជំងឺរបស់វៀតណាម ក៏ដូចជាមនោសញ្ចេតនារបស់យុទ្ធជនពិការ យុទ្ធជនជំងឺវៀតណាម ជាមួយគិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យ...
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សរសេរលើសៀវភៅអនុស្សាវរីយ៍ |
បន្ទាប់ពីបានស្តាប់ការណែនាំរបស់លោកវេជ្ជបណ្ឌិត Liu Honglin លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវអារម្មណ៍រំភើបចិត្តចំពោះការលះបង់ របស់គ្រូពេទ្យ និងគិលានុបដ្ឋាយិកាចិនជាច្រើននាក់ ដែលបានយកចិត្តទុកដាក់ថែទាំយុទ្ធជនពិការរបស់វៀតណាម។ សម្បីតែបានបរិច្ចាគឈាមរបស់ខ្លួនជាច្រើនលើកដើម្បីជួយសង្រ្គោះយុទ្ធជនពិការ។
ដោយថ្លែងអំណរគុណចំពោះ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យគ្រប់ជំនាន់ ដែលបានព្យាបាលជូនកម្មាភិបាល និងយុទ្ធជន នៃកងទ័ពប្រជាជនវៀតណាមក្នុងដំណាក់កាលតស៊ូរំដោះជាតិ និងឯកភាពទឹកដី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសរសេរលើសៀវភៅអនុស្សាវរីយ៍ថា៖ “គណៈប្រតិភូក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានការរំភើបចិត្តនៅពេលដែលទៅទស្សនកិច្ចនៅមន្ទីរពេទ្យ Nan Xishan កាលពីមុនជាមន្ទីរពេទ្យ Nan Xishan Guilin ដែលជាកន្លែងបានជួយព្យាបាលជូនកម្មាភិបាល យុទ្ធជនពិការ យុទ្ធជនជំងឺ និងកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម។ នេះជាសក្ខីភាពដ៏រស់រវើកចំពោះទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងចិនក្នុងកិច្ចការរំដោះជាតិរបស់វៀតណាម។
បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមចងចាំ និងដឹងគុណជានិច្ចចំពោះចំណងសាមគ្គីភាព និងការគាំទ្រដ៏ធំធេង និងប្រកបដោយប្រសិទ្ធភាព ដែលបក្ស រដ្ឋាភិបាល ប្រជាជនចិន និងជាពិសេសវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកនៃមន្ទីរពេទ្យ Nan Xishan បានជូនចំពោះវៀតណាម។ ជូនពរមន្ទីរពេទ្ស Nan Xishan កាន់តែរីកចម្រើន និងក្លាយជាផ្កាដ៏ស្រស់ស្អាតនៅក្នុងសួនផ្កានៃចំណងមិត្តភាពវៀតណាម-ចិន។ ជូនពរចំណងមិត្តភាពវៀតណាមនិងចិនស្រស់បំព្រងជានិច្ចកាលស្ថិតស្ថិរជារៀងរហូត៕
បកប្រែដោយ Duy Hoan