លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ បានចូលរួម និងថ្លែងមតិក្នុងកិច្ចប្រជុំនេះ។

ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅអាកាសយានដ្ឋាន Gia Lam (ខ័ណ្ឌ Long Bien ទីក្រុងហាណូយ) ក្រោមប្រធានបទ “សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ” ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងទាក់ទាញជាច្រើន។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការពារប្រទេស ដើម្បីចែករំលែកសមិទ្ធិផល និងបទពិសោធន៍ក្នុងការស្រាវជ្រាវ ការផលិត ការកេងប្រវ័ញ្ច និងការប្រើប្រាស់សព្វាវុធ និងឧបករណ៍បច្ចេកទេស ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិរវាងវៀតណាម និងបណ្តាប្រទេសដែលចូលរួមពិព័រណ៍នេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ជូនផ្កា និងរូបសញ្ញាដល់តំណាងអ្នកឧបត្ថម្ភការតាំងពិព័រណ៍

នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានឲ្យដឹងថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ត្រូវបានប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។ នេះជាព្រឹត្តិការណ៍សំខាន់ជាពិសេស ជាព្រឹតិ្តការណ៍កត់សម្គាល់ដំណើរការកសាង និងអភិវឌ្ឍន៍នៃកងទ័ពប្រជាជនវៀតណាមនិយាយរួម និងខឿនឧស្សាហកម្មការពារជាតិវៀតណាមនិយាយដោយឡែក។

មកទល់បច្ចុប្បន្ននេះ ពិព័រណ៍ទាក់ទាញការចូលរួមពីក្រុមហ៊ុនជាង ៤០ នៃប្រទេស និងដែនដីចំនួន ១៩។ ក្រុមហ៊ុនជាង ៤០ មានសក្តានុពលចូលរួម ហើយដៃគូផ្សេងទៀតកំពុងបន្តផ្លាស់ប្តូរព័ត៌មាន។ លើសពីនេះ ក្រសួងការពារប្រទេសវៀតណាមគ្រោងនឹងអញ្ជើញគណៈប្រតិភូអន្តរជាតិជាង ១២០ មកពីប្រទេសចំនួន៥០។

លោកឧត្តមសេនីយ៍ត្រី Le Quang Tuyen អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានឲ្យដឹងថា ក្នុងពិធីបើកការតាំងពិព័រណ៍នេះ នឹងមានការបង្ហាញការហោះហើរស្វាគមន៍ដោយកងទ័ពជើងអាកាស និងការបង្ហាញដោយកងកម្លាំងពិសេស។ ពិព័រណ៍នេះនឹងមានស្តង់តាំងបង្ហាញ និងណែនាំផលិតផលការពារជាតិ និងសន្តិសុខរបស់ក្រុមហ៊ុនឧស្សាហកម្មការពារជាតិ រួមទាំងផលិតផលស្រាវជ្រាវ និងផលិតដោយវៀតណាម; សព្វាវុធ និងបរិក្ខារបច្ចេកទេសដ៏ឆ្នើម និងទំនើបរបស់កងទ័ពប្រជាជនវៀតណាម។ ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៍នេះ ក៏មានសកម្មភាពផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គភាព និងអង្គភាពអាជីវកម្ម; សិក្ខាសាលាបច្ចេកទេសយោធា; សកម្មភាពណែនាំសមិទ្ធិផលសេដ្ឋកិច្ចរួមជាមួយនឹងការការពារជាតិ; ការសម្តែង និងណែនាំវប្បធម៌ និងសិល្បៈពិសេសរបស់វៀតណាម។ល៕

បកប្រែដោយ Huyen Trang