នាវាលេខ២០ នៃកងទ័ពជើងទឹកវៀតណាមមកដល់ប្រទេសឥណ្ឌា ចូលរួមការហាត់សម MILAN ឆ្នាំ២០២៤
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នាវាលេខ ២០ ក្រុមនាវាលេខ១៣២ កងពលតូចលេខ១៧២ តំបន់លេខ៣ កងទ័ពជើងទឹក និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែក្រុង Visakhapatnam របស់ឥណ្ឌា ដើម្បីត្រៀមចូលរួមការហាត់សមកងទ័ពជើងទឹកពហុភាគី MILAN ឆ្នាំ២០២៤។
ពិធីទទួលស្វាគមន៍នាវាលេខ២០ និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកដោយកងទ័ពជើងទឹកឥណ្ឌានៅកំពង់ផែ។
|
|
កងទ័ពជើងទឹកឥណ្ឌារៀបចំពិធីទទួលស្វាគមន៍នាវាលេខ២០ និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាមនៅកំពង់ផែ |
លោកវរសេនីយ៍ឯក Doan Bao Anh មេបញ្ជាការរង តំបន់លេខ៣ កងទ័ពជើងទឹកវៀតណាម បានឲ្យដឹងថា តាមរយៈការចូលរួមការហាត់សម MILAN ឆ្នាំ២០២៤ កងទ័ពជើងទឹកប្រជាជនវៀតណាមបន្តលើកកម្ពស់សមត្ថភាពសហការក្នុងការឆ្លើយតបនឹងបញ្ហាសន្តិសុខនាវាចរណ៍ ពង្រឹងចំណងមិត្តភាព លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសនានា ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ ការចូលរួមក្នុងការហាត់សម MILAN ក៏ជាឱកាសមួយសម្រាប់កងទ័ពជើងទឹកវៀតណាម ហ្វឺកហាត់ការធ្វើដំណើរនាវាចរណ៍ចម្ងាយឆ្ងាយ លើកកម្ពស់សមត្ថភាពរៀបចំ ការត្រៀមខ្លួនប្រយុទ្ធជាស្រេច និងការប្រើគ្រឿងសព្វាវុធ និងឧបករណ៍ក្នុងគ្រប់លក្ខណៈអាកាសធាតុអាក្រក់ ព្រមទាំងការប្រមូលផ្តុំបទពិសោធន៍ក្នុងការចូលរួម និងរៀបចំព្រឹត្តិការណ៍អន្តរជាតិ។ល។
ក្នុងសារស្វាគមន៍ដែលបានផ្ញើទៅកាន់បណ្តាប្រទេសដែលចូលរួមក្នុងការហាត់សម លោកឧត្តមនាវីឯក R. Hari Kumar មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌា បានឲ្យដឹងថា ក្រោមប្រធានបទ "មិត្តភាព-ការតភ្ជាប់-កិច្ចសហប្រតិបត្តិការ" ការហាត់សម MILAN 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុង Visakhapatnam។ តាមគម្រោង ពិធីបើកការហាត់សម MILAN 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកុម្ភៈ៕
បកប្រែដោយ Thanh Cong