គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien  អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលរួមពិធីបើក និងសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La លើកទី២០។

ចាប់ពីថ្ងៃទី ២ ខែមិថុនាដល់ថ្ងៃទី ៤ ខែមិថុនា កិច្ចសន្ទនា Shangri-La លើកទី ២០ មានសម័យប្រជុំពេញអង្គចំនួន ៧ និងសម័យប្រជុំពិសេសចំនួន ៦ ដែលមេដឹកនាំ និងអ្នកជំនាញការការពារជាតិនឹងថ្លែងសុន្ទរកថា និងពិភាក្សាអំពីបញ្ហាសន្តិសុខដែលកំពុងកើតមាននៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០ (រូបថត៖ vnanet.vn)

ការចូលរួមរបស់វៀតណាមក្នុងកិច្ចសន្ទនា Shangri-La មានគោលបំណងបន្តអះអាងនូវតួនាទីសកម្ម និងការទទួលខុសត្រូវខ្ពស់របស់វៀតណាមក្នុងបញ្ហាអន្តរជាតិ និងតំបន់ បង្ហាញពីសុច្ឆន្ទៈរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ជាមួយដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម។

ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La លើកទី ២០ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក Li Shangfu រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Li Shangfu បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីទទួលបានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងរយៈពេលកន្លងមក ដែលជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន; ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងឆ្នាំ ២០២៣ តាមពេលវេលាសមស្រប។

លោកឧត្តមសេនីយ៍ឯក Li Shangfu បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរបន្តអនុវត្តទៅតាមទស្សនៈរួមដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដូចតទៅ៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការគ្រប់គ្រង និងការពារព្រំដែន ដែនសមុទ្រ និងឆាប់រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម - ចិន កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ និងសកម្មភាពសហប្រតិបត្តិការផ្សេងៗទៀត៕

បកប្រែដោយ Duy Hoan