អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកអារម្មណ៍រួមអំពីសកម្មភាពធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិរបស់វៀតណាមនៅឆ្នាំ ២០២២ បានទេ?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ក្រោមការដឹកនាំរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស សកម្មភាពធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិរបស់វៀតណាមនៅឆ្នាំ ២០២២ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ចូលរួមចំណែកការពារឯករាជ្យភាព អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាងប្រទេសជាតិ លើកកំពស់កិត្យានុភាព តួនាទីរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ។

ដោយតាមដានយ៉ាងដិតដល់អំពីស្ថានភាពពិភពលោក និងតំបន់ វៀតណាមក៏បានផ្ដល់សេនាធិការយ៉ាងត្រឹមត្រូវដល់បក្ស និងរដ្ឋអំពីកម្រិត និងខ្លឹមសារនៃទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយដៃគូនានា ផ្តល់យោបល់លើគម្រោង និងឯកសារសំខាន់ៗ ដែលតម្រង់ទិសសម្រាប់កិច្ចការបរទេសរបស់បក្ស និងរដ្ឋ។ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស បានចូលរួមដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល ចូលរួមចំណែកបង្កើនទំនុកចិត្តផ្នែកនយោបាយជាមួយប្រទេសផ្សេងៗ។

ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ យើងបានជំរុញការអនុវត្តសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសនានា ជាពិសេសជាមួយប្រទេសជិតខាងដែលមានព្រំដែនរួមគ្នា និងប្រទេសមហាអំណាច; ធានាបាននូវតុល្យភាពក្នុងទំនាក់ទំនងទាំងឡាយ តាមគោលការណ៍សមភាព គោរពគ្នា នាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងគោរពច្បាប់អន្តរជាតិ។ ការអនុវត្តសកម្មភាពសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសនានា ត្រូវបានជម្រុញយ៉ាងសកម្មបន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំត្រូវរងផលប៉ះពាល់ដោយជំងឺ Covid-19 ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន សមស្របនឹងតម្រូវការនិងសមត្ថភាពរបស់វៀតណាម ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងដល់ការការពារមាតុភូមិ ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការជំនះផលវិបាកនៃសង្គ្រាម ការជួយសង្គ្រោះ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ល។ ក្នុងឆ្នាំ ២០២២ កន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសចំនួន ៨ ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសផ្សេងៗ បានបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម។ លោក Phan Van Giang រដ្ឋមន្ត្រីការពារប្រទេស បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ អមដំណើរមេដឹកនាំបក្ស និងរដ្ឋក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងសិង្ហបុរី; ចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្តិសុខអាស៊ី (កិច្ចប្រជុំ Shangrila នៅសិង្ហបុរី, កិច្ចប្រជុំ ADMM, ADMM+ នៅកម្ពុជា) ជាមួយគណៈប្រតិភូជាច្រើននៃក្រសួងការពារប្រទេស និងកងទ័ពវៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅបរទេស។ វៀតណាមក៏រក្សាបាននូវយន្តការសហប្រតិបត្តិការដែលបានបង្កើតឡើងជាមួយប្រទេសដទៃទៀត ដូចជា ការអនុវត្តកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជាមួយប្រទេសចំនួន ៦ (កម្ពុជា សហរដ្ឋអាមេរិក អ៊ីស្រាអែល កូរ៉េខាងត្បូង សិង្ហបុរី ថៃ) និងការសម្របសម្រួលរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ជាមួយប្រទេសចិន ឡាវ និងកម្ពុជា។

អំពីទំនាក់ទំនងពហុភាគី វៀតណាមបន្តបញ្ជាក់កិត្យានុភាព និងតួនាទីរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយការចូលរួមយ៉ាងសកម្ម និងលើកឡើងគំនិតផ្តួចផ្តើមនៅវេទិកាសហប្រតិបត្តិការការពារជាតិពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន។ ទន្ទឹមនឹងនោះ វៀតណាមបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនូវសកម្មភាពពហុភាគីសំខាន់ៗមួយចំនួនដូចជា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី ២៣ ការប្រកួតវិញ្ញាសាមួយចំនួនរបស់ការប្រកួត Army Games ឆ្នាំ២០២២ ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២២ និងកម្មវិធីផ្លាស់ប្តូរ “កងឆ្មាំសមុទ្រវៀតណាម និងមិត្តទាំងឡាយ” លើកទី១ ... ទទួលបានការកោតសរសើរពីមិត្តភក្តិអន្តរជាតិ។

ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២២ កងទ័ពធ្វើបានល្អក្នុងការបញ្ជូនក្រុមវិស្វករទី១ និងមន្ទីរពេទ្យកម្រិត២ លេខ៤ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅប្រទេសវៀតណាម រៀបចំដោយជោគជ័យនូវសន្និសីទអន្តរជាតិ “ស្ត្រីជាមួយសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ល។ វៀតណាមបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំមុខគេ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាព បង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគោលដៅសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃកងពេទ្យកម្រិតលេខ២ ទី៤

អ្នកយកព័ត៌មាន៖ យកឈ្នះការលំបាកទាំងនោះ ការទូតការពារជាតិមានចំណុចសំខាន់ៗ ដូចជាលើកដំបូងដែលវៀតណាមបានរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ជាមួយឡាវ និងកម្ពុជា ហើយក៏ជាលើកដំបូងដែលវៀតណាមបានរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិ កម្មវិធីផ្លាស់ប្តូរ “កងឆ្មាំសមុទ្រវៀតណាម និងមិត្តទាំងឡាយ” នៅទីក្រុងហាណូយ។ តើសញ្ញាទាំងនេះដែលបង្ហាញថា សកម្មភាពការទូតការពារជាតិកាន់តែសម្បូរបែប និងមានប្រសិទ្ធភាពជាងមុនឬទេ?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ការទូតព្រំដែនជាចំណុចភ្លឺ ក្នុងរយៈពេល ៦ ខែ ចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ២០២២ វៀតណាមបានរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ជាមួយប្រទេសទាំងបី ចិន ឡាវ និងកម្ពុជា រៀបចំកម្មវិធីផ្លាស់ប្តូរ “កងឆ្មាំសមុទ្រវៀតណាម និងមិត្តទាំងឡាយ” ដោយមានការចូលរួមពីកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសចិន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី។ សកម្មភាពទាំងនេះមានអត្ថន័យខាងនយោបាយ ចូលរួមចំណែកពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមតំបន់ព្រំដែន កងកម្លាំងការពារព្រំដែនគោក កងកម្លាំងអនុវត្តច្បាប់ដែនសមុទ្ររបស់វៀតណាមជាមួយប្រទេសនានា ព្រមទាំងជាដំណោះស្រាយកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងកសាងព្រំដែនគោក សមុទ្រប្រកបដោយសន្តិភាព និងមិត្តភាព ស្ថិរភាព និងអភិវឌ្ឍ ដើម្បីប្រទេសមានស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ឆ្នាំ២០២២ ក៏ជាឆ្នាំដែលបង្ហាញពីការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការក្នុងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម នៅពេលដែលយើងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ការពារជាតិអន្តរជាតិនៅទីក្រុងហាណូយជាលើកដំបូង។ ក្នុងឱកាសនេះ យើងបានស្វាគមន៍គណៈប្រតិភូអន្តរជាតិចំនួន៥២ ដែលជាអ្នកដឹកនាំក្រសួងការពារជាតិ កងទ័ពនៃប្រទេសចំនួន ២៨ និងសហគ្រាសឧស្សាហកម្មការពារជាតិជាង ១៧០ មកពីប្រទេសចំនួន ៣០ នៅជុំវិញពិភពលោក ដែលមានផលិតផលត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ នេះជាឱកាសសម្រាប់វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ ស្វែងរកឱកាសនាំចេញផលិតផលការពារជាតិរបស់វៀតណាម ព្រមទាំង ក៏ជាឱកាសសម្រាប់វៀតណាមសិក្សា ស្វែងយល់អំពីនិន្នាការអភិវឌ្ឍន៍អាវុធ និងឧបករណ៍បច្ចេកទេសក្នុងពិភពលោក ដោយហេតុនេះ ធ្វើពិពិធកម្មនូវកិច្ចសហប្រតិបត្តិការ ទទួល និងផ្ទេរបច្ចេកវិទ្យាបរទេសសម្រាប់ការផលិតអាវុធ និងភស្តុភារ បំពេញតម្រូវការការពារជាតិក្នុងស្ថានភាពថ្មី។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើការទូតការពារជាតិត្រូវអនុវត្តអ្វីខ្លះ ដើម្បីបន្តចូលរួមចំណែកក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងវៀតណាម និងប្រទេសផ្សេងៗ ព្រមទាំងបំពេញតម្រូវការការពារមាតុភូមិការពារមាតុភូមិតាំងពីដើម ពីឆ្ងាយ?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ក្នុងសកម្មភាពធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ យើងបន្តអនុវត្តមាគ៌ាការបរទេសឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម និងពហុភាគីនីយកម្ម។

នាពេលខាងមុខ ត្រូវបន្តអនុវត្តសកម្មភាពធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ យ៉ាងព្រមៗគ្នា ស្របតាមគោលនយោបាយ និងគោលការណ៍របស់បក្ស និងរដ្ឋ។ លើកកំពស់ប្រសិទ្ធភាពនៃការទូតការពារជាតិទ្វេភាគី បន្តជម្រុញឲ្យកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកាន់តែស៊ីជម្រៅ ចូលរួមចំណែកពង្រឹងជំនឿទុកចិត្ត លើកកំពស់តួនាទី និងកិត្យានុភាពរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ។

ចូលរួមយ៉ាងសកម្មក្នុងយន្តការ និងវេទិកាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ជាពិសេសយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងក្របខណ្ឌអាស៊ាន អាស៊ានដើរតួនាទីជាមជ្ឈភាព ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ និងលើពិភពលោក ជម្រុញការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ធ្វើជាម្ចាស់ផ្ទះ និងចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ការពារជាតិពហុភាគី។

ទន្ទឹមនឹងនោះ បន្តផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការក្ដាប់ស្ថានភាព ការស្រាវជ្រាវ និងការព្យាករណ៍ជាយុទ្ធសាស្ត្រ ដោយចាត់ទុកថានេះជាដំណោះស្រាយដ៏សំខាន់ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេនាធិការអំពីសកម្មភាពធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ សុក្រិតច្បាប់ទាក់ទងនឹងការទូតការពារជាតិដើម្បីស្របតាមតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី; លើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ក្នុងសកម្មភាពធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ បន្តបណ្ដុះបណ្ដាលសម្រាប់កម្មាភិបាល ដើម្បីបំពេញតាមតម្រូវការនៃការពង្រីក និងលើកកំពស់កម្រិតនៃសកម្មភាពធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ក្នុងស្ថានភាពថ្មី។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Thuy Anh