ភាពទាក់ទាញពីវៀតណាម

នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២២ គណៈប្រតិភូដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជាប្រធានក្រុមការងារអន្តរស្ថាប័ន និងជាប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសទទួលបន្ទុកចូលរួមសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិបានដឹកនាំគណៈប្រតិភូទៅទស្សនា និងត្រួតពិនិត្យកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមនៅបេសកកម្ម UNISFA។ ពេលវេលាមិនមានច្រើនទេ ដូច្នេះហើយខ្ញុំចងចាំប្រសាសន៍របស់ឧត្តមសេនីយ៍ឯក Hoang Xuan Chien មុនពេលឡើងយន្តហោះរបស់អង្គការសហប្រជាជាតិ ដើម្បីដឹកគណៈប្រតិភូទៅបំពេញបេសកកម្ម៖ “យើងត្រូវឆ្លៀតពេលទៅដល់ទីតាំងដែលបងប្អូនទ័ពជាងកំពុងឈរជើង ឱ្យបានកាន់តែច្រើនកាន់តែល្អ” ។ ដូច្នេះ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយក្រុមទ័ពជាងលេខ ១ ក្រុមការងារ UNISFA របស់វៀតណាម និងថ្នាក់ដឹកនាំបេសកកម្ម រួមនិងគណៈប្រតិភូវៀតណាមបានចេញដំណើរយ៉ាងលឿនទៅកាន់គម្រោងមួយចំនួនដែលសាងសង់ដោយ ក្រុមទ័ពជាងលេខ ១នៅ Abyei ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិនិត្យវឌ្ឍនភាពនៃការខួងអណ្តូងទឹកនៅវិទ្យាល័យ Abyei 

ថ្វីត្បិតតែអាកាសធាតុ និងពន្លឺព្រះអាទិត្យដ៏ក្ដៅគគុកក៏ដោយ ក៏នៅការដ្ឋានកែលម្អផ្លូវពី Rumajak ដល់ Dukara ១ នោះ កងទ័ពជាងវៀតណាមនៅតែខិតខំប្រឹងប្រែងធ្វើការដោយមិនខ្វល់កំដៅថ្ងៃឡើយ។ នេះគឺជាកំណាត់មួយនៃផ្លូវទៅកាន់ព្រំដែនស៊ូដង់ ដែលមានប្រវែងប្រហែល ៥០ គីឡូម៉ែត្រ គឺជាសរសៃឈាមចរាចរណ៍មួយសម្រាប់អង្គភាពនៅបេសកកម្ម UNISFA ដើម្បីបំពេញបេសកកម្ម និងសម្រាប់ប្រជាជនក្នុងតំបន់ក្នុងការធ្វើដំណើរ និងធ្វើការជួញដូរ។ គួរតែរំលឹកដែរថា ផ្លូវដីពីមុនតែងតែស្ថិតក្នុងស្ថានភាពមិនងាយធ្វើដំណើរទេ។ រដូវប្រាំងមានហុយធូលី រីឯរដូវវស្សាគឺផ្លូវប៉ប៉ាច់ដោយមានភក់  យានជំនិះកាន់តែធំ និងធ្ងន់ ការធ្វើដំណើរកាន់តែពិបាក។ សូម្បីតែភ្លៀងមួយរំពេចក៏អាចធ្វើឱ្យផ្លូវនេះក្លាយជាវាលដីភក់ រារាំងយានជំនិះឆ្លងកាត់ ទោះបីជាកងកម្លាំងវិស្វកម្មរបស់ប្រទេសអេត្យូពីបានទទួលបន្ទុកពីមុនក៏ដោយ។ ប៉ុន្តែកងទ័ពជាងវៀតណាមត្រឹមតែចំណាយពេលតែពីរសប្តាហ៍ប៉ុណ្ណោះគឺ បានបញ្ចប់ការជួសជុលផ្លូវនេះទាំងស្រុងហើយដែរ។ ទទួលស្វាគមន៍គណៈប្រតិភូ លោក Hon Apach Deng Biong  អភិបាលក្រុង Abyei បានចាប់ដៃលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងនិយាយទាំងសំដីរំភើបចិត្តថា៖

  - ជីវភាពប្រជាជន Abyei មានជួបការលំបាកជាច្រើនជំនាន់មកហើយ ជាពិសេសបញ្ហាផ្លូវតែម្តង។ អរគុណកងទ័ព វៀតណាម! ហូជីមិញ វៀតណាម!

       - តើបងប្អូនចង់ឱ្យកងទ័ពវៀតណាមបន្តស្នាក់នៅទីនេះទេ?

       - បាទលោកឧត្តមសេនីយ៍ឯក យើងខ្ញុំពិតជាចង់បានពួកគាត់នៅទីនេះកាន់តែយូរកាន់តែល្អ។

       - អញ្ចឹងយើងខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាព។ កងទ័ពវៀតណាមមកទីនេះដើម្បីជួយប្រជាជន Abyei ។

ក្នុងឱកាសនេះ ក្នុងនាមប្រជាជនក្នុងតំបន់ លោក Hon អភិបាលក្រុង បានជូនគោមួយក្បាលជាអំណោយដល់ក្រុមទ័ពជាងលេខ ១ វៀតណាមដើម្បីបង្ហាញពីទឹកចិត្តរបស់ប្រជាជន Abyei ជាមួយនឹងស្នាដៃរបស់កងទ័ពជាងវៀតណាម។ សម្រាប់គ្រួសារជាច្រើននៅទីនេះ គោជាមធ្យោបាយប្រកបអាជីពចិញ្ចឹមជីវិតមានតំលៃដ៏ខ្ពស់។ ប្រហែលអភិបាលក្រុងគិតថា ជូនគោមួយក្បាលនេះទុកឱ្យកងទ័ពវៀតណាមអាចជប់លៀងបាន។ ប៉ុន្តែផ្ទុយនិងការគិតនេះទេ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក្នុងនាមកងទ័ពវៀតណាមបានទទួលយក និងថ្លែងអំណរគុណដល់បងប្អូននៅទីនេះ ហើយបានបញ្ជាក់ថា កងទ័ពវៀតណាមនឹងចិញ្ចឹមគោមួយក្បាលនេះឱ្យទៅជាហ្វូងគោមួយ។

លាលោកអភិបាលក្រុង និងបងប្អូនប្រជាជនទីនេះ គណៈប្រតិភូបានបន្តទៅទស្សនាវិទ្យាល័យ Abyei ។ ខណៈយើងមិនទាន់បានទៅដល់ទីធ្លាសាលាទេ ប៉ុន្តែសិស្សគ្រប់ថ្នាក់បានប្រញាប់ប្រញាល់ចេញមកអបអរសាទរ គ្រវីដៃស្វាគមន៍ ដោយនិយាយលាន់មាត់ថា៖ “វៀតណាម វៀតណាម”។ ថ្មីៗនេះ ក្រុមទ័ពជាងលេខ១ វៀតណាមទើបតែបានជួយធ្វើកំណាត់ផ្លូវមួយខ្សែចូលសាលារៀន និងប្រើប្រាស់ឈើពី ឡាំងផ្ទុកទំនិញធ្វើ តុ និងកៅអីមួយចំនួន ជួសជុលបន្ទប់រៀន ខួងអណ្តូងទឹកស្អាតក្នុងបរិវេណសាលា។ តាមរយៈការផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយគណៈនាយកសាលា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានយល់ច្បាស់អំពីតម្រូវការជាក់ស្តែង ហើយបានមានប្រសាសន៍ថា ក្រសួងការពារប្រទេសវៀតណាម នឹងបន្តបញ្ជាឱ្យក្រុមទ័ពជាងជួយឧបត្ថម្ភយ៉ាងសកម្មដល់សាលានាពេលខាងមុខ។

នៅតាមផ្លូវត្រឡប់ទៅមូលដ្ឋាន Highway ដែលជាកន្លែងឈរជើងរបស់ក្រុមទ័ពជាងលេខ១ លោកវរសេនីយ៍ទោ Nguyen Quang Tuyen អ្នកនយោបាយក្រុមបានចង្អុលទៅសងខាងផ្លូវ ដោយណែនាំថា៖ តំបន់លំនៅដ្ឋាន Abyei និងផ្សារ Dari មានប្រជាជនរស់នៅច្រើន និងមានសណ្ឋានដីរាបស្មើ ប៉ុន្តែស្ទើរតែគ្មានប្រព័ន្ធលូទេ។ នៅរដូវវស្សា កន្លែងទាំងនេះតែងតែជន់លិច ប្រជាពលរដ្ឋរស់នៅក្នុងទឹក និងភក់ បង្កជាជំងឺជាច្រើន និងមិនមានអនាម័យទេ។ អង្គភាពបានបញ្ជូនកម្លាំង និងគ្រឿងចក្រទៅជីក និងស្តារប្រឡាយលូប្រវែងជាង ២០គីឡូម៉ែត្រ ដែលតភ្ជាប់ទៅតំបន់ទាបរួចនាំទៅកាន់ទន្លេ។ អាស្រ័យហេតុនោះបានជួយដោះស្រាយបញ្ហាទឹកជំនន់នៅរដូវវស្សាបានយ៉ាដាច់ណាត់។

យើងខ្ញុំដឹងថា នេះគ្រាន់តែជាការងារមនុស្សធម៌មួយក្នុងចំណោមការងារមនុស្សធម៌ជាច្រើនដែលអង្គភាពទ័ពជាងលេខ១ បានអនុវត្តនាពេលកន្លងមក បើទោះបីជាពួកគេទើបតែមកដល់ Abyei ក៏ដោយ។ ខ្ញុំសូមសម្តែងការកោតសរសើរ តែលោក Tuyen បានត្រឹមតែនិយាយដោយបន្ទាបខ្លួនថា វាគឺជាការខិតខំប្រឹងប្រែងរបស់កងទ័ពជាង ប៉ុន្តែសំខាន់បំផុតគឺផ្តើមចេញពីប្រពៃណីនៃសាមគ្គីភាព ភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជនរបស់កងទ័ពវៀតណាមយើង។

"បង្ខូចតំលៃ"

ពេលរថយន្តជិះមកជិតមូលដ្ឋាន Highway ខ្ញុំបានសង្កេតឃើញក្មេងៗមួយក្រុមឈរនៅខាងក្រៅខ្លោងទ្វារធំ ពួកគេមិនមែនឈរទទួលស្វាគមន៍នោះទេ គឺដោយសារតែក្មេងតូចៗ មុខរបស់ពួកគេនៅតែប្រឡាក់ដោយភក់ ហើយដៃរបស់ពួកគេ លើកខ្ពស់ដោយកាន់ត្រី និងមាន់មួយក្បាល ប្រៀបដូចជាលើកពានជើងឯកបន្ទាប់ពីការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រអញ្ចឹង។ គ្រារថយន្តឈប់ ក្មេងៗក៏រត់មកព័តញធជំវិញ លោកស្រីវរសេនីយ៍ទោ Nguyen Thi Lien ជំនួយការខាងសម្របសម្រួលកងទ័ព និងប្រជាជនបើកទ្វារចុះពីរថយន្ត។ ហើយជាការពិតគឺក្មេងៗទាំងនោះចង់អញ្ជើញកងទ័ពវៀតណាមជួយទិញ។

លោកស្រី Lien បានរើសមាន់មួយក្បាល ហើយពន្យល់ថា មាន់នៅទីនេះមិនខុសពីមាន់ស្រែនៅវៀតណាមទេ ព្រោះវាចិញ្ចឹមតាមរបៀបប្រលែង ដូច្នេះសាច់គឺរឹង ស្វិត និងមានរស់ជាតិឆ្ងាញ់ណាស់។ បន្ទាប់ពីជ្រើសរើសមាន់មួយគូដែលពេញចិត្ត នាងបានសងប្រាក់ឱ្យក្មេងៗចំនួន 3,000 ផោនស៊ូដង់ខាងត្បូង (ស្មើនឹង ១១0,000 ដុងវៀតណាម) សម្រាប់មាន់នីមួយៗ និងត្រីមួយខ្សែ។ នៅមានគ្រាប់ស្កខ្លះនៅលើឡាននាងក៏យកមកចែកឱ្យក្មេងៗ ពួកវាលោតចុះឡើងដោយក្តីរីករាយ ហើយនិយាយថា "Cam on" ជាភាសាវៀតណាម ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល។ ខ្ញុំក៏ឆ្លៀតឱកាសថតរូបជាមួយក្មេងៗទុកជាអនុស្សាវរីយ៍។ ខ្ញុំបានលើកម្រាមដៃពីរ ពួកគេបានគ្រវីដៃមិនព្រម ហើយបន្ទាប់មក ធ្វើជាគំរូឱ្យខ្ញុំគឺលើកម្រាមដៃបី ដែលជានិមិត្តរូប "ខ្ញុំគឺ Abyei " ។

ឡើងរថយន្តត្រឡប់ទៅអង្គភាពវិញ ខ្ញុំបាននិយាយលេងជាមួយបងស្រី Lien ថា "កងទ័ពយើងក៏ចេះផ្សព្វផ្សាយភាសាវៀតណាមដល់អ្នកស្រុកទៀតផង"។ លោកវរសេនីយ៍ត្រី Nguyen Van Tu អនុប្រធានទទួលបន្ទុកផ្នែកបច្ចេកទេសបានចែករំលែកថា បន្ថែមពីលើអាហារដែលបែងចែកដោយ UN តាមបទប្បញ្ញត្តិ បងប្អូនរបស់ក្រុមការងារក៏បានដាំដុះថែមបន្លែបៃតង និងទិញអាហារស្រស់ៗមួយចំនួនពីប្រជាជនសម្រាប់ម្ហូបអាហារដ៏សម្បូរបែប។ ក្នុងនោះលោកស្រី Lien ជាអ្នកពូកែ “បង្ខូចតម្លៃ” ជាងគេពីព្រោះតែងតែទិញក្នុងតំលៃខ្ពស់ ។ លោកស្រី Lien និយាយថា ហៅថាតថ្លៃគ្នា ប៉ុន្តែជាការពិតក្មេងៗប្រាប់ខ្ញុំឲ្យប៉ុន្មានយើងនឹងឱ្យប៉ុណ្នឹង តែនេះជាឱកាសមួយល្អសម្រាប់យើងអាចខិតជិតនិងមនុស្សនៅតំបន់នេះ។ ក្រៅពីនោះក្មេងក៏សប្បាយចិត្តដោយសារពួកគេអាចជួយឪពុកម្តាយបាន ហើយយើងក៏សប្បាយចិត្តដែលបានជួយពួកគេផងដែរ។

leftcenterrightdel
ផ្លូវជាច្រើននៅ Abyei ត្រូវបានធ្វើឱ្យល្អប្រសើរជាងដោយកងទ័ពជាងវៀតណាម

"ធ្វើឱ្យរស់ឡើងវិញ" រថយន្តរបស់អភិបាលក្រុង

នៅរសៀលថ្ងៃមួយ ខ្ញុំបានទៅទីស្នាក់ការកណ្តាល ក្រុមទ័ពជាងលេខ១ ដែលតាមពិតគឺជាកុងតឺន័រចាស់ៗមួយជួរដែលបានបំប្លែងជាផ្ទះតភ្ជាប់និងគ្នា។ នៅពេលនេះ លោកវរសេនីយ៍ឯក Mac Duc Trong ប្រធានក្រុមទ័ពជាងលេខ១ និងអភិបាលក្រុង Abyei កំពុងពិភាក្សាអំពីការគាំទ្រ ជួយដោះស្រាយលើស្ថានភាពទឹកជំនន់នៅតំបន់ភាគខាងជើង។ រឿងនេះគឺបន្ទាប់ពីមានភ្លៀងធ្លាក់មួយរំពេចកាលពីយប់ថ្ងៃមុន តំបន់ដែលនៅខាងឆ្វេងផ្លូវឆ្ពោះទៅបេសកកម្ម UNISFA បានក្លាយជា "សមុទ្រទឹក"។ គ្រួសារទាំងអស់ត្រូវរើគ្រឿងសង្ហារឹម ហើយថែមទាំង... ធ្វើតង់បណ្តោះអាសន្ននៅលើតាមផ្លូវតែម្តងទៀតផង។ លោក Trong បានបញ្ជាក់ថា លោកនឹងរាយការណ៍ជូនបេសកកម្ម ហើយចុះទៅពិនិត្យទីតាំងជាបន្ទាន់ ដើម្បីធ្វើការអង្កេត។

អភិបាលក្រុង Abyei បាននិយាយលា ហើយចេញទៅមិនយូរប៉ុន្មានទេ តែទៅមិនរួចដោយសារតែរថយន្តមួយបាំងកន្លះសេរ៊ីចាស់របស់គាត់មិនអាចបញ្ជេះបានទេ បើចង់បញ្ជេះបានលុះត្រាតែពឹងឱ្យមានអ្នករុញ។ តាមរយៈអ្នកបកប្រែ លោក អភិបាលក្រុង បានឱ្យដឹងថា រថយន្តបានស្ថិតក្នុងស្ថានភាពបែបនេះមួយរយៈពេលហើយ យកទៅជួសជុលតែជាងឡានក្នុងក្រុងគ្រវីក្បាលធ្វើមិនបានឡើយ។ លោក Trong សើចខ្លាំងៗ ហើយទះស្មាលោកអភិបាលក្រុងថា៖ “សំណាងណាស់ថ្ងៃនេះ យើងមានអ្នកជំនាញខាងរថយន្ត-ម៉ាស៊ីន មកពីកងទ័ពប្រជាជនវៀតណាមនៅទីនេះ” រួចក៏ទៅរកដើម្បីសុំជំនួយពីលោកវរសេនីយ៍ឯក Tran Huu Ly , នាយកវិទ្យាស្ថានវិស្វកម្មមេកានិចយោធា - រួមដំណើរជាមួយគណៈប្រតិភូបានមកជួយបណ្តុះបណ្តាលបន្ថែមនូវជំនាញជួសជុលគ្រឿងចក្រដល់ក្រុមទ័ពជាងលេខ១ ។

បើកគម្របរថយន្ត រួចចុះក្រោមរថយន្តម្តងទៀត ដើម្បីត្រួតពិនិត្យ ក្នុងមួយរំពេច លោក Ly រកឃើញបាន “ជំងឺ” រថយន្តភ្លាមៗ  ហើយមិនដល់១៥នាទីក្រោយមក រថយន្តអាយុជាង២០ឆ្នាំមួយនេះ បញ្ជេះបានតែម្តងធ្វើឲ្យអ្នកទាំងអស់ឈរមើល ទះដៃសរសើរយ៉ាងរីករាយ។ លោកអភិបាលក្រុង Abyei ញញឹម ហើយលើកមេដៃម្តងហើយម្តងទៀត ហើយនិយាយថា៖ “cam on, cam on! អ្នកពូកែណាស់!” អរគុណច្រើន! អ្នកពិតជាល្អណាស់!។ លើកដៃលាលោកអភិបាលក្រុង លោក Ly បាននិយាយបែបកំប្លែងថា៖ “ចុងក្រោយយើងក៏អាចជួយធ្វើឱ្យឡានបុរាណនោះរស់ឡើងវិញបានហើយ”៕

បកប្រែដោយ Minh Trung