ប្រធាននយោបាយនៃបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong
កប.អនឡាញ - នាព្រឹកថ្ងៃទី៥ ខែធ្នូ លោកឧត្តមសេនីយ៍ទោ Víctor Rojo Ramos ប្រធាននយោបាយនៃបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែធ្នូ។
ដោយសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងគណៈប្រតិភូអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងវិស័យការងារបក្ស និងការងារនយោបាយក្នុងជួរកងទ័ព ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការការពារសមិទ្ធផលបដិវត្តន៍ និងការកសាងសង្គមនិយមនៃប្រទេសនីមួយៗ។
|
|
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកឧត្តមសេនីយ៍ទោ Víctor Rojo Ramos ប្រគល់វត្ថុអនុស្សាវរីយ៍ជាមួយគ្នាទៅវិញទៅមក |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឲ្យភាគីទាំងពីរ ជំរុញការកសាង និងចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ជាពិសេសផែនការសហប្រតិបត្តិការដំណាក់កាល ២០២៣-២០២៥ ជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផល និងដឹកនាំស្ថាប័ន និងអង្គភាពនានាដើម្បីអនុវត្តខ្លឹមសារដែលបានព្រមព្រៀងដោយភាគីទាំងពីរប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ Víctor Rojo Ramos បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដោយក្តីគោរព ដែលថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមបានផ្តល់ជូនគណៈប្រតិភូ។ លោកបានសង្កត់ធ្ងន់ថា “រដូវរងានៅទីក្រុងហាណូយគឺត្រជាក់ខ្លាំង ប៉ុន្តែមនោសញ្ចេតនារបស់ភាគីវៀតណាមចំពោះភាគីគុបាពិតជាកក់ក្តៅណាស់”។ លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់បក្ស រដ្ឋ រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមចំពោះគុយបាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ល៕
បកប្រែដោយ Huyen Trang