អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានវត្តមានរដ្ឋមន្ត្រីការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិ តំណាងរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសដៃគូរួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក។

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងប្រតិភូនៃបណ្តាប្រទេសក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងសុន្ទរកថាគន្លិះនៅមុនពិធីបើក ADMM+ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ត្រូវមានយ៉ាងហោចណាស់កត្តាចំនួន៥ ដើម្បីសម្រេចបាននូវ “សន្តិសុខប្រកបដោយភាពសុខដុម” នៅក្នុងតំបន់។ នោះគឺ ទី១ ជំរុញមជ្ឈភាពរបស់អាស៊ាន; ទី២ លើកកំពស់និម្មាបនកម្មសន្តិសុខតំបន់ដោយបើកចំហ បរិយាប័ន្ន និងដោយផ្អែកលើច្បាប់; ទី៣ បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ដែលប្រកាន់យកប្រជាជនជាស្នូល និងផ្អែកលើការជឿទុកចិត្ត; ទី៤ ជំរុញសន្តិសុខលើគ្រប់ជ្រុងជ្រោយ; ទី៥ ជំរុញសន្តិសុខសហប្រតិបត្តិការ។

បន្ទាប់ពីសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន កិច្ចប្រជុំ ADMM+ លើកទី ៩ បានបើកដោយសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធាន ADMM+។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានគូសបញ្ជាក់ពីតួនាទីនៃយន្តការសហប្រតិបត្តិការពហុភាគី រួមជាមួយការគោរពច្បាប់អន្តរជាតិ ភាពអត់ធ្មត់ ការស្វែងរកដំណោះស្រាយដោយសន្តិវិធី គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតក្នុងការដោះស្រាយរាល់ហានិភ័យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ក្នុងនាមជាប្រធាន ADMM, ADMM+ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំនេះ ក្រសួងការពារជាតិកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំ ចំពោះគោលការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិភាព សមភាព មជ្ឈភាពរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៅក្នុងតំបន់ ដើម្បីធានាសន្តិភាព ភាពសុខដុម និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ សំដៅជំរុញសន្តិសុខប្រកបដោយភាពសុខដុមនិងវិបុលភាពនៅក្នុងតំបន់។

កិច្ចប្រជុំ ADMM+ លើកទី៩ បានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពី "កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីបង្កើនសាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ក៏ដូចជាតម្រូវការបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ការអត់ធ្មត់ក្នុងសកម្មភាព ជៀសវាងរាល់សកម្មភាពដែលអាចធ្វើឱ្យស្មុគស្មាញដល់ស្ថានការណ៍និងបន្តការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់លើការរក្សានូវតួនាទីសំខាន់ក្នុងការអនុវត្តវិធានការកសាងទំនុកចិត្ត និងបង្កើនស្មារតីនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងជាមួយប្រទេសជាដៃគូ ដើម្បីសម្រេចបាននូវសន្តិសុខប្រកបដោយភាពសុខដុម ដើម្បីជំរុញសន្តិភាព ស្ថិរភាព វិបុលភាព និងភាពខ្លួនទីពឹងខ្លួនក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខដែលកំពុងកើតមាននៅក្នុងតំបន់។

* នារសៀល ថ្ងៃដដែល ពិធីប្រគល់តំណែងប្រធាន ADMM និង ADMM+ បានប្រារព្ធឡើងយ៉ាងឱឡារិកនៅខេត្តសៀមរាប។ ក្រសួងការពារជាតិឥណ្ឌូនេស៊ីបានក្លាយជាប្រធាន ADMM និង ADMM+ ជាផ្លូវការនៅឆ្នាំ ២០២៣៕

បកប្រែដោយ Huyen Trang