មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ សម្តេច នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) បានបន្តរីកចម្រើន ដោយមានការបង្កើតយន្តការសហប្រតិបត្តិការថ្មី និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។ ទាំងនេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការពង្រឹងស្ថិរភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានក្នុងការកសាងអាស៊ានជាតំបន់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ សម្តេចនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា អាស៊ាននៅតែប្រឈមមុខនឹងបញ្ហាប្រឈម និងការគំរាមកំហែងផ្នែកសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ដែលគ្មានប្រទេសណាអាចដោះស្រាយបានដោយម្នាក់ឯងឡើយ។

leftcenterrightdel
រដ្ឋមន្ត្រីការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន Lim Jock Hoi អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានចែករំលែកជាមួយសេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសនានា និងបានលើកឡើងអំពីបញ្ហាមួយចំនួនដែលតំបន់កំពុងជួបប្រទះ។ យោងតាមលោកនាយឧត្តមសេនីយ៍ Phan Van Giang បរិយាកាសភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកកំពុងមានការវិវឌ្ឍយ៉ាងលឿន និងមិនអាចទាយទុកជាមុនបានទេ។ ការប្រកួតប្រជែងរវាងមហាអំណាចកំពុងតែកើតមានឡើងយ៉ាងខ្លាំងលើគ្រប់វិស័យ។ ចំពោះវិស័យការពារជាតិ និងសន្តិសុខ ការប៉ះទង្គិចនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃប្រទេសធំៗក្នុងតំបន់បាននាំមកនូវទាំងឱកាស និងគុណសម្បត្តិ ប៉ុន្តែក៏បង្កបញ្ហាប្រឈមសម្រាប់អាស៊ានផងដែរ។

leftcenterrightdel
លោក Phan Van Giang អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន

លោក Phan Van Giang បានវាយតម្លៃថា ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា អាស៊ានបានរក្សាការឯកភាពគ្នា និងសាមគ្គីភាព ដោយធានាថា រាល់យន្តការដឹកនាំដោយអាស៊ានត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព និងរក្សាបាននូវមជ្ឈភាពរបស់អាស៊ាន។ ដោយលើកឡើងពីប្រធានបទ “កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីសន្តិសុខប្រកបដោយសុខដុមរមនា” នៃបណ្តាកិច្ចប្រជុំក្នុងក្របខណ្ឌ ADMM, ADMM+ នៅកម្ពុជា លោក Phan Van Giang បានមានប្រសាសន៍ថា ភាពសុខដុមរមនាគឺជាវិធីសាស្រ្តប្រកបដោយតុល្យភាព រក្សាធានាបាននូវផលប្រយោជន៍របស់ប្រទេសសមាជិកអាស៊ាននីមួយៗផង និងធានាបាននូវផលប្រយោជន៍រួមនៃសហគមន៍អាស៊ានទាំងមូលផង ហើយក្នុងពេលជាមួយគ្នានេះក៏ធានាបាននូវការយកចិត្តទុកដាក់របស់ដៃគូខាងក្រៅ សំដៅជំរុញគំនិតផ្តួចផ្តើមតម្រង់ទិសដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

ឈរលើមូលដ្ឋាននោះ លោក Phan Van Giang បានចែករំលែក និងសង្កត់ធ្ងន់លើបញ្ហាចំនួនពីរ។ ជាដំបូង ការរក្សា និងធានាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងតំបន់សមុទ្រខាងកើត គឺជាក្តីកង្វល់ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់។ អាស៊ានត្រូវតែរឹងមាំ និងប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ជំរុញការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំប្រឹងប្រែងបង្កើតក្រមប្រតិបត្តិក្នុងសមុទ្រខាងកើត (COC) ឱ្យមានប្រសិទ្ធភាព ជាក់ស្តែង និងដោះស្រាយបញ្ហានានាក្នុងស្មារតីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

ក្នុងឱកាសនេះ លោក Phan Van Giang បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ កងទ័ព ក៏ដូចជាសហគ្រាសឧស្សាហកម្មការពារជាតិនៃប្រទេសអាស៊ាន បណ្តាប្រទេសដៃគូអាស៊ាន និងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកសម្រាប់ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២២ រៀបចំដោយក្រសួងការពារប្រទេសវៀតណាមក្នុងខែធ្នូខាងមុខនេះ៕

បកប្រែដោយ Minh Trung