បន្ទាប់ពីមកដល់ខេត្តសៀមរាប លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីស្ថានភាពតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា និងទិសដៅជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពស្នើឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីររៀបចំសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយជោគជ័យ រួមចំណែកជាក់ស្តែងដល់ជោគជ័យរួមរបស់ “ឆ្នាំមិត្តភាព វៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២” ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឲ្យសក្តិសមជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជួបពិភាក្សាទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីបានអបអរសាទរក្រសួងការពារជាតិកម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំយោធាការពារជាតិអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ ព្រមទាំងជឿជាក់ថា កិច្ចប្រជុំ ADMM ចង្អៀត និងកិច្ចប្រជុំ ADMM+ លើកទី៩ ប្រព្រឹត្តទៅដោយជោគជ័យ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាតួនាទីជាមជ្ឈភាពរបស់អាស៊ាន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងឱកាសនៃការតាំងពិព័រណ៍ការពារជាតិអន្តរជាតិលើកដំបូង ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម នៅខែធ្នូខាងមុខ នៅទីក្រុងហាណូយ។

*  នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាទ្វេភាគីជាមួយលោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងចិននាពេលកន្លងមក នៅតែបានរក្សាតាមទម្រង់ផ្លាស់ប្តូរប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព។ អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់។ ទាក់ទិននឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និងឯកភាពគ្នាដោះស្រាយដោយសន្តិវិធី និងដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីបានអះអាងថា គោលជំហរឥតងាករេរបស់វៀតណាមគឺដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ក្នុងស្មារតីគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ព្រមទាំងដោះស្រាយបញ្ហានៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២; អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ផងដែរ៕

បកប្រែដោយ Thanh Cong