នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យសមាជិកព្រឹទ្ធសភា Patrick Leahy ជួយគាំទ្រថវិកាបន្ថែមទៀតដើម្បីបញ្ចប់យ៉ាងឆាប់ៗនូវគម្រោងបោសសំអាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa និងស្រាវជ្រាវក្នុងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការក្រៅពីខេត្តចំនួន ៨ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារធាតុគីមីពុលពណ៌លឿង (dioxin) ព្រមទាំងបន្តសហការក្នុងការស្វែងរកកងទ័ពវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងសមាជិកព្រឹទ្ធសភា Patrick Leahy

លោក Patrick Leahy បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គាមចំពោះទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយឲ្យដឹងថា ក្នុងឋានៈរបស់ខ្លួន លោកនឹងបន្តស្នើឲ្យសភា និង​រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបធ្វើការជាមួយលោកស្រី Samantha Power អគ្គនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានពិភាក្សាជាមួយអគ្គនាយិកា USAID អំពីសំណើទាក់ទងនឹងការជំនះផលវិបាកនៃសង្គ្រាម ហើយស្នើឲ្យ USAID ជួយកំណត់អត្តសញ្ញាណនៃកងទ័ពវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាម ក៏ដូចជាលើកកម្ពស់សមត្ថភាពរបស់​វៀតណាមក្នុងវិស័យនេះ។ លោកស្រី Samantha Power បានបញ្ជាក់ពីការគាំទ្រចំពោះសំណើទាំងនេះរបស់វៀតណាម។

ក្រៅពីជំនួបទាំងពីរនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានជួបធ្វើការជាមួយលោកបណ្ឌិត Ely Ratner ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានឯកភាពអនុវត្តខ្លឹមសារដែលរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Lloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកនាចុងខែកក្កដាកន្លងមក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានស្នើឲ្យភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ហើយស្នើឲ្យសហរដ្ឋអាមេរិកជួយវៀតណាម ក្នុងការទទួលវ៉ាក់សាំង ជួយឧបត្ថម្ភមន្ទីរពិសោធន៍ ទូទឹកកកផ្ទុកវ៉ាក់សាំងឲ្យវៀតណាម។ ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តីក៏ស្នើឲ្យសហរដ្ឋអាមេរិកជួយគាំទ្រវៀតណាម នៅអង្គការសហប្រជាជាតិក្នុងការបញ្ជូនក្រុមវិស្វកម្មវៀតណាមទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

* នាថ្ងៃទី២១ ខែកញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបជាមួយលោក Atul Khare អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកជួយគាំទ្របេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា វៀតណាមបានត្រៀមជាស្រេចសម្រាប់ការបញ្ជូនក្រុមវិស្វកម្មទៅបំពេញភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការរងបានបញ្ជាក់ពីការជួយគាំទ្រពីសំណើរបស់វៀតណាម។

សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានជួបជាមួយលោកនាយឧត្តមសេនីយ៍ Birame Diop ទីប្រឹក្សាយោធា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ក្រុមវិស្វកម្មវៀតណាមត្រៀមជាស្រេចទទួលភារកិច្ចបើត្រូវបានអង្គការសហប្រជាជាតិប្រគល់ឲ្យ។ ដោយមានជោគជ័យដែលកងពេទ្យកម្រិត ២ សម្រេចបានក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លោកនាយឧត្តមសេនីយ៍ Birame Diop ជឿជាក់ថា ក្រុមវិស្វកម្មវៀតណាមនឹងបំពេញល្អភារកិច្ចបើសិនត្រូវបានប្រគល់ឲ្យ៕

បកប្រែដោយ Thuy Anh