អ្នកយកព័ត៌មាន៖ វៀតណាម និងបារាំងបានក្លាយជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ២០១៣ មក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិផង។ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្តេចចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិក្នុងរូបភាពរួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងបារាំង?

លោកឯកអគ្គរដ្ឋទូត Nicolas Warnery៖ ទំនាក់ទំនងវៀតណាម-បារាំងបានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន និងមានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យពិសេសមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺការបណ្តុះបណ្តាល និង​វេជ្ជសាស្ត្រយោធា។ ប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះជាយូរមកហើយដោយចាប់ផ្តើមពីគម្រោងបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅវៀតណាមមកម៉្លេះ។

បន្ទាប់មកទៀត ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាបារាំង។ ដើម្បីអាចចូលរួមវគ្គបណ្តុះបណ្តាលនានានៅប្រទេសបារាំង នាយទាហានវៀតណាមត្រូវរៀនភាសាបារាំងដើម្បីអាចសិក្សាបានមុខជំនាញ។ នៅឆ្នាំ ២០២១ មានចំណុចពិសេសថែមទៀតនោះគឺនាយទាហានវៀតណាមដែលត្រូវបានបញ្ជូនទៅបណ្តុះបណ្តាលនៅប្រទេសបារាំងនឹងត្រូវ​បានផ្ដល់សញ្ញាប័ត្រពីភាគីបារាំង (ពីមុននេះគ្មានទេ)។

ទាក់ទងនឹងការបណ្តុះបណ្តាលក្នុងវិស័យយោធា ចាប់តាំងពីឆ្នាំ ២០០៣ មក យើងបានចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់នាយទាហានវៀតណាមនៅសាលាយោធាបារាំង រួមទាំងសាលាយោធាពិសេស Saint-Cyr ផង។

បន្ទាប់គឺកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាព។ វៀតណាមបានបញ្ជូននាយទាហានជាច្រើននាក់ទៅចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកមួយចំនួនដែលជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូន។ បារាំងបានចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាយូរមកហើយ ដូច្នេះមានបទពិសោធន៍ច្រើនដែលអាចចែករំលែកជាមួយវៀតណាម។ បច្ចុប្បន្ន វៀតណាមកំពុងអនុវត្តគម្រោងមួយដែល​ផ្តល់ជំនួយដោយសហភាពអឺរ៉ុប (EU) ដែលក្នុងនោះប្រទេសបារាំងចូលរួមយ៉ាងសកម្មដែរ​។ នៅក្នុងក្របខ័ណ្ឌនៃគម្រោងនេះ យើងបានបញ្ជូននាយទាហានជាន់ខ្ពស់ម្នាក់ទៅបម្រើការងារពេញម៉ោងនៅនាយកដ្ឋានរក្សាសន្តិភាព​វៀត​ណាម​ដើម្បី​ជួយវៀតណាមដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួននៅក្នុងសហគមន៍ហ្វ្រង់កូហ្វូន។ ប្រទេសទាំងពីរក៏កំពុងសហការគ្នាក្នុងវិស័យឧស្សាហកម្មការពារជាតិ និងជលសាស្ត្រផងដែរ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំវៀតណាម លោក Nicolas Warnery

អ្នកយកព័ត៌មាន៖ កិច្ចសហប្រតិបត្តិការវៀតណាម-បារាំងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ នាពេលខាងមុខនេះ តើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងផ្តោតលើខ្លឹម​សារអ្វីខ្លះ?

លោកឯកអគ្គរដ្ឋទូត Nicolas Warnery៖ កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បារាំងនាប៉ុន្មានឆ្នាំខាងមុខនេះនឹងបន្តរក្សាវិស័យជាប្រពៃណីដូចជា វេជ្ជសាស្ត្រយោធា ជលសាស្ត្រ ការរក្សាសន្តិភាព។ល។ លើសពីនេះយើងចង់ឱ្យប្រទេសទាំងពីរពង្រឹងការបណ្តុះបណ្តាលភាសាបារាំង ពីព្រោះតាមរយៈភាសា យើងមានភាពងាយស្រួលដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្រយោធា និងកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងបញ្ហាបរិស្ថាន។ល។

អ្នកយកព័ត៌មាន៖ មិនត្រឹមតែក្នុងកិច្ចសហប្រតិបត្តិការការពារជាតិប៉ុណ្ណោះទេ វៀតណាម និងបារាំងក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផង។ ក៏ប៉ុន្តែជំងឺរាតត្បាត Covid-19 បាន​កើតមានយ៉ាងស្មុគស្មាញ តើវា​ប៉ះពាល់ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងដូចម្តេចដែរ?

លោកឯកអគ្គរដ្ឋទូត Nicolas Warner៖ ឆ្នាំ២០២១ បានឃើញជាក់និងភ្នែកការលំបាកជាច្រើននៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក។ ជំងឺរាតត្បាត Covid-19 បានធ្វើឱ្យអ្នកជំនាញសេដ្ឋកិច្ចវៀតណាម និងបារាំងមិនអាចផ្លាស់ប្តូរគ្នាដោយផ្ទាល់ ហើយសហគ្រាសនៃប្រទេសទាំងពីរមិនអាចដំណើរការធ្វើអាជីវកម្មធម្មតាបាន។ ជាការពិត ការរីករាលដាលនៃជំងឺរាតត្បាតបានបង្កឱ្យមានឧបសគ្គជាច្រើន ប៉ុន្តែវាមិនអាចរារាំង​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានឡើយ។ យើងបានជម្រុញដោយឥតឈប់ឈរនូវរាល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់។ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) បានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងបារាំងក្នុងក្របខ័ណ្ឌរួមវៀតណាម - សហភាពអឺរ៉ុប។ ការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ភាគីទាំងឡាយបានបង្ហាញយ៉ាងច្បាស់ថាយើងទាំងអស់គ្នាចង់អនុវត្តឲ្យមានប្រសិទ្ធភាពបំផុតនូវបទប្បញ្ញត្តិនានានៃ EVFTA ចំពោះសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច។ ខ្ញុំនៅតែចងចាំថា ក្នុងពិធីចុះហត្ថលេខា EVFTA លោក​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc កាល​ពី​នោះ បានមានប្រសាស៍ថា៖ កិច្ចព្រមព្រៀងនេះនឹងដូចជា “ផ្លូវហាយវ៉េខ្នាតធំ ទំនើប ដែលតភ្ជាប់សហភាពអឺរ៉ុប និងវៀតណាមឲ្យកាន់តែជិតនឹងគ្នា” ពោលគឺការអនុវត្តកិច្ចព្រមព្រៀងនេះពិតជានឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ភាគីទាំងឡាយ និងជួយឱ្យបណ្ដាភាគីកាន់តែខិតមកជិតនិងគ្នាយ៉ាងឆាប់រហ័ស។

នៅខាងភាគីបារាំង យើងចង់សម្រេចបាននូវគម្រោងទាំងឡាយដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ ជាពិសេសគម្រោងខ្សែផ្លូវ Metro លេខ ៣ នៅទីក្រុងហាណូយ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យើងបាន និងកំពុងជម្រុញគម្រោងមួយចំនួនក្នុងវិស័យថាមពល អវកាស ការរៀបចំដែនដីនគរូបនីយកម្ម ការកសាងព្រលានយន្តហោះ ... និងជាពិសេសគឺឱសថ។ ក្រុមហ៊ុនឱសថបារាំងជាច្រើនបានសាងសង់រោងចក្រដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលសម្រាប់ទីផ្សារវៀតណាមហើយ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Duy Hoan