យកចិត្តទុកដាក់លើការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

ចាប់តាំងពីការបង្កើតទំនាក់ទំនងការពារជាតិទ្វេភាគីនោះ វៀតណាម និងបារាំងបានសហការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់គឺផ្តោតលើការបង្កើនការយល់ដឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទ្វេភាគីលើគ្រប់លំដាប់ថ្នាក់ត្រូវបានជំរុញ និងអនុវត្ត។

ជាក់ស្តែងរដ្ឋមន្ត្រីការពារជាតិបារាំងបានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០១០ និង ២០១៦ (ក្នុងនោះឆ្នាំ ២០១០ គឺជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិបារាំងតាំងពីក្រោយឆ្នាំ ១៩៥៤) ។ ហើយនាយសេនាធិការចម្រុះបារាំងក៏បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមចំនួនបីដងផងដែរ (ក្នុងឆ្នាំ ១៩៩៧, ២០០២, ២០១២)។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងនៅឆ្នាំ ១៩៩៧, ២០០១, ២០០៩ និង ២០១៨។ ប្រធានអគ្គសេនាធិការក៏បានបំពេញទស្សនកិច្ចមកប្រទេសបារាំងពីរដងផងដែរ (ក្នុងឆ្នាំ ២០០០ និង ២០១៣)។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរក៏បានជួបប្រជុំគ្នានៅខាងក្រៅវេទិកាពហុភាគីផងដែរ។ ប្រការនេះបានបង្ហាញថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាពជោគជ័យនៃដំណើរទស្សនកិច្ចទាំងនេះបានរួមចំណែកដល់ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកដែលជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

leftcenterrightdel
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំងនៅខែកញ្ញា ឆ្នាំ ២០១៨ លោករដ្ឋមន្ត្រីការពារប្រទេស Ngo Xuan Lich និងរដ្ឋមន្ត្រីកងទ័ពបារាំង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ ២០១៨-២០២៨ 

ដំណាក់កាលឆ្នាំ ២០១៧-២០២០ គឺជារយៈពេលដែលប្រទេសទាំងពីរជំរុញយ៉ាងខ្លាំងនូវភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានកត់សម្គាល់ដោយដំណើរទស្សនកិច្ចជាន់ខ្ពស់ ជាពិសេសគឺដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ឆ្នាំ ២០១៨ និងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីបារាំង Édouard Philippe ក្នុងឆ្នាំដដែល។ ក្នុងវិស័យការពារជាតិ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងនៅឆ្នាំ ២០១៨ និងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភាគីទាំងពីរក៏បានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនៅយន្តការ និងវេទិកាពហុភាគី។ វៀតណាមស្វាគមន៍ការចាប់អារម្មណ៍ និងបំណងប្រាថ្នារបស់បារាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយន្តការការពារជាតិ និងសន្តិសុខដែលដឹកនាំដោយអាស៊ាន ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ហើយថ្មីៗនេះបារាំងបានក្លាយជាដៃគូអភិវឌ្ឍន៍របស់អាស៊ាន។ រីឯវៀតណាមវិញក៏ទទួលបានការគាំទ្រពីបារាំងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសហភាពអឺរ៉ុប តាមរយៈការចូលរួមកិច្ចប្រជុំមេបញ្ជាការការពារជាតិនៃបណ្តាប្រទេសសហភាពអឺរ៉ុប ចាប់ពីឆ្នាំ ២០១៨ និងបង្កើតយន្តការនៃកិច្ចសន្ទនាការពារជាតិ-សន្តិសុខ ជាមួយសហភាពអឺរ៉ុបផងដែរ។

"បំណែក" ចម្រុះពណ៌

យោងតាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery កិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម-បារាំង ត្រូវបានដាក់ពង្រាយក្នុងវិស័យផ្សេងៗដូចជា វេជ្ជសាស្ត្រយោធា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ សន្តិសុខតាមអ៊ីនធឺណេត ការស្រាវជ្រាវយុទ្ធសាស្ត្រ ... ដែលក្នុងនោះកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រយោធាវៀតណាម-បារាំង បានរួមដំណើរជាមួយគ្នាជាយូរមកហើយដោយចាប់ផ្តើមពីគម្រោងបង្ការ និងគ្រប់គ្រងជំងឺគ្រុនចាញ់នៅវៀតណាម។ 

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-បារាំងលើកទី ២ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ

ក្នុងពិធីបិទវគ្គរៀនភាសាបារាំងសម្រាប់កម្មាភិបាលវេជ្ជសាស្ត្រយោធា លោកវរសេនីយ៍ឯក Nguyen Huu My អនុប្រធាននាយកដ្ឋានវេជ្ជសាស្រ្តយោធាបាននិយាយថា នៅអំឡុងឆ្នាំ ២០០៣-២០០៨ វេជ្ជសាស្រ្តយោធារបស់ប្រទេសទាំងពីរបានដាក់ពង្រាយគម្រោងបង្ការ និងគ្រប់គ្រងជំងឺគ្រុនចាញ់នៅវៀតណាម។ តាមរយៈគម្រោងនេះវេជ្ជសាស្ត្រយោធាបារាំង បានជួយឧបត្ថម្ភវៀតណាមចំនួន ៦.៥ លានហ្វ្រង់ និងឧបករណ៍ស្រាវជ្រាវមួយចំនួន។ គម្រោងនេះត្រូវបានបញ្ចប់តាមកាលកំណត់លទ្ធផលត្រូវបានប្រកាសនៅក្នុងប្រទេសទាំងពីរ និងសារព័ត៌មានអន្តរជាតិ។

វិស័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងបារាំង គឺការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបាននិយាយថា ចាប់តាំងពីក្រសួងការពារប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមាតិកានៃកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្រសួងការពារជាតិបារាំងបានផ្តល់ជំនួយ និងផ្តល់ប្រឹក្សាប្រកបដោយប្រសិទ្ធភាពដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមក្នុងការរៀបចំកងកម្លាំងដើម្បីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទាំងក្នុងការបណ្តុះបណ្តាល បទពិសោធន៍ជាក់ស្តែង ក៏ដូចជាភាសាបរទេស។

លទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងបារាំងលើវិស័យជាច្រើនក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកបានបង្ហាញឱ្យឃើញពីការជឿទុកចិត្ត សុឆន្ទៈ និងការគោរពរបស់បារាំងចំពោះវៀតណាម។  បញ្ជាក់ពីប្រការនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់បារាំងបានអះអាងថា រដ្ឋាភិបាលបារាំងផ្លាស់ប្តូរតាមដំណាក់កាលនីមួយៗ ប៉ុន្តែទំនាក់ទំនងបារាំង-វៀតណាម មិនផ្លាស់ប្តូរទេ៕

បកប្រែដោយ Minh Trung