នៅក្នុងជំនួប ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះអាណត្តិបេសកកម្មការទូតនាពេលថ្មីៗនេះរបស់លោកវរសេនីយ៍ឯក Luobin ក្នុងឋានៈជាសេនានុព័ន្ធយោធាចិនប្រចាំវៀតណាម បានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍថ្មី វិជ្ជមាន និងមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានរំពឹងថា ក្នុងតួនាទីថ្មី លោក Luobin នឹងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Pantao ដែលបានតែងតាំងជាសេនានុព័ន្ធយោធាចិនប្រចាំវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីជឿជាក់ថា លោកវរសេនីយ៍ឯក Pantao នឹងបន្តមានគំនិតផ្តួចផ្តើមថ្មីៗ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរមានការរីកចម្រើនដោយឥតឈប់ឈរ និងត្រូវបានអះអាងកាន់តែខ្លាំងថាជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរវៀតណាម - ចិន។ ជាពិសេស បន្ទាប់ពីក្រសួងការពារជាតិទាំង ២ បានចុះហត្ថលេខាលើពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ រាល់សកម្មភាពសហប្រតិបត្តិការត្រូវបានរៀបចំឡើងជាបណ្តើរៗ ដោយមានទម្រង់សហប្រតិបត្តិការកាន់តែសម្បូរបែប និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាង។

លោកវរសេនីយ៍ឯក Luobin បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងក្រសួងការពារប្រទេសវៀតណាមដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកបំពេញយ៉ាងល្អនូវភារកិច្ចរបស់ខ្លួន ព្រមទាំងអះអាងថា ក្នុងឋានៈណាក៏ដោយក៏លោកនឹងបន្តយកចិត្តទុកដាក់ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ លោក Luobin ក៏បានសម្តែងនូវក្តីសង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោក Pantao បំពេញអាណត្តិបេសកកម្មការទូតនៅវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong