ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានគណៈកម្មការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានឆ្លើយសំណួរមួយចំនួនរបស់សារព័ត៌មានទាក់ទងនឹងបញ្ហានេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស

អ្នកយកព័ត៌មាន៖ តើលោកឧត្តមសេនីយ៍ឯក វាយតម្លៃយ៉ាងដូចម្តេចចំពោះការអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់រដ្ឋសភា នៅសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី ១៤ ស្តីពីការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ យើងមានរយៈពេលជាង ៦ ឆ្នាំចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលបានលទ្ធផលសំខាន់ៗដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មិត្តភ័ក្តអន្តរជាតិ ក៏ដូចជាមតិក្នុងស្រុក។ ដើម្បីសំរេចបាននូវលទ្ធផលជាច្រើនបែបនេះគឺដោយសារហេតុផលជាច្រើន រួមមានមូលដ្ឋានច្បាប់នៃការដឹកនាំរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងការដឹកនាំ ការតម្រង់ទិសដៅរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសសម្រាប់ការងារនេះ។ ព្រឹត្តិការណ៍សំខាន់មួយ គឺនៅឆ្នាំ ២០១៣ ការិយាល័យនយោបាយបានអនុម័ត “គម្រោងមេស្តីពីការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ ដោយឈរលើមូលដ្ឋាននោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានបង្កើត និងដាក់ជូនរដ្ឋាភិបាលអនុម័ត “គម្រោងកងទ័ពប្រជាជនវៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សម្រាប់ដំណាក់កាល ២០១៤-២០២០ និងឆ្នាំបន្តបន្ទាប់” ។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងកំពុងចាំបាច់ត្រូវការនូវមូលដ្ឋានច្បាប់បន្ថែមទៀត នោះជាឯកសាររបស់រដ្ឋសភាស្តីពីសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលជាមូលដ្ឋានសម្រាប់រាល់ឯកសារក្រោមច្បាប់ សំដៅអនុវត្តយ៉ាងស៊ីជម្រៅ និងពេញលេញតាមច្បាប់របស់វៀតណាម ក៏ដូចជាច្បាប់អន្តរជាតិក្នុងដំណើរការនៃប្រទេសវៀតណាមចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

តាមយោបល់របស់ខ្ញុំ ការដែលរដ្ឋសភាពិចារណា អនុម័តសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះមិនត្រឹមតែមានអត្ថន័យអំពីបញ្ហាផ្លូវច្បាប់ប៉ុណ្ណោះ ហើយ​មិនត្រឹមតែសម្រាប់កម្លាំងរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជំហាននេះក៏បានផ្ញើសារមួយរបស់វៀតណាមដោយ​បញ្ជាក់ថា វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ  ក៏ដូច​ជា​បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បក្ស រដ្ឋ និងរដ្ឋសភាវៀ​តណា​មមា​នឆន្ទៈតែមួយដូចគ្នាក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ការដែលយើងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ចូលក្នុងច្បាប់​គឺយើងសូមបញ្ជាក់ថា យើងនឹងចូលរួមក្នុងបេសកកម្មនេះឲ្យបានយូរអង្វែង ដោយកម្លាំងជាតិ។ ហើយប្រការនេះនឹងកាន់តែសង្កត់ធ្ងន់ទៅលើការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាគោលការណ៍ដែលមានការគាំទ្រពីច្បាប់របស់ប្រទេស។

ខ្ញុំគិតថា នៅពេលដែលរដ្ឋសភាអនុម័តសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ ការងារដំបូងដែលយើងត្រូវធ្វើគឺជូនដំណឹងដល់អង្គការសហប្រជាជាតិ។ ក្រឡេកទៅមើលលើប្រទេសជាង ១០០ ដែលចូលរួមបេសកកម្មរក្សាសន្តិភាពនោះ មិនមានប្រទេសជាច្រើនដែលមានច្បាប់ស្តីពីបេសកកម្មរក្សាសន្តិភាពឡើយ។

អ្នកយកព័ត៌មាន៖ សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការវៀតណាមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខនឹងរួមចំណែកនាំមកការផ្លាស់ប្តូរសំខាន់ៗយ៉ាងដូចម្តេច?

លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ដូចដែលយើងបានដឹងហើយថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាសកម្មភាពពហុប្រទេស ពហុវិស័យ។ បើគ្មានមូលដ្ឋានច្បាប់ទេ វានឹងមានការលំបាកខ្លាំងណាស់សម្រាប់កម្លាំងរបស់យើងក្នុងការចាកចេញទៅក្រៅប្រទេស។ ខ្ញុំគិតថាការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ​ស​ហ​ប្រជាជាតិមិនមែនមានអត្ថន័យជាឯកសារគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតនូវកម្លាំងសម្រាប់កម្លាំងរបស់យើងដើម្បីបំពេញភារកិច្ចរបស់ខ្លួននៅក្រៅប្រទេសប្រកបដោយ​ល្អ។ ទន្ទឹមនឹងនេះ វាក៏ជួយធានាឲ្យយើងគោរពតាមច្បាប់ ធានាសុវត្ថិភាព ហើយយើងនឹងចូលរួមវិភាគទានយ៉ាងសកម្មដល់បេសកកម្មរួមរបស់អង្គការសហប្រជាជាតិផង និងចូលរួមចំណែកក្នុងសកម្មភាពកិច្ចការបរទេសរបស់បក្ស រដ្ឋ និង កងទ័ពនាពេល​ខាងមុខ​។

អ្នកយកព័ត៌មាន៖ លោកឧត្តមសេនីយ៍ឯក អាចឲ្យដឹងថា តើសេចក្តីសម្រេចនេះនឹងបង្កើតលក្ខខណ្ឌអំណោយផលអ្វីខ្លះដល់កម្មាភិបាលរបស់យើងដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ច្បាស់ហើយ! នៅពេលសេចក្តីសម្រេចនេះចេញជារូបរាងនោះ វានឹងបញ្ជាក់ច្បាស់នូវបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៃប្រទេសរបស់យើង។ ទីពីរ សេចក្តីសម្រេចនេះនឹងជួយសម្រួលដល់ការងារគោលនយោបាយចំពោះសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាទូទៅ ក៏ដូចជាការដែលកម្មាភិបាលគ្រប់រូបរបស់យើងចូលរួមបេសកកម្មរក្សាសន្តិភាពទទួលបានការធានាដោយច្បាប់។ ហើយទីបី នេះគឺជាការគាំទ្រផ្នែកច្បាប់។ មិនថាកម្មាភិបាល យុទ្ធជនណាក្តីឲ្យតែបំពេញបេសកកម្មនៅក្រៅប្រទេសសុទ្ធតែចាំបាច់មានការគាំទ្រពីប្រទេសជាតិ។ ប្រទេសគាំពារដល់សកម្មភាពនេះ និងការពារកម្មាភិបាល និង​យុទ្ធជនរបស់ខ្លួន។ ខ្ញុំគិតថា នេះគឺជាការលើកទឹកចិត្ត និងជាកម្លាំងពិតប្រាកដសម្រាប់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលយើងកំពុងចូលរួម។

ទោះយ៉ាងណាក៏ដោយ ខ្ញុំក៏ត្រូវតែបន្ថែមថា ប្រសិនបើមានសេចក្តីសម្រេចបែបនេះ យើងសប្បាយចិត្តផង ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរ។ ពីព្រោះថា នៅពេលមានសេចក្តីសម្រេចនេះហើយ តើការកសាងសមត្ថភាព និងគុណភាពនៃសកម្មភាពរក្សាសន្តិភាពនឹងទៅជាបែបណាដើម្បីឆ្លើយតបការជឿទុកចិត្ត និងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋសភាចំពោះសកម្មភាពនេះ។  នេះជាបញ្ហាដែលយើងត្រូវខិតខំធ្វើក្នុងដំណើរការខាងមុខនេះ។

អ្នកយកព័ត៌មានៈសូមអរគុណលោកឧត្តមសេនីយ៍ឯក។

បកប្រែដោយ Minh Trung