ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ចំណាប់អារម្មណ៍ដំបូងរបស់អ្នកការសែតដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ២០២០ គឺមិនមែនជាការភ្ញាក់ផ្អើលដែលធ្លាប់មាននៅពេលដែលមកដល់កន្លែងចំលែកមួយនោះទេ។ ផ្ទុយទៅវិញវាជាភាពស្និទ្ធស្នាលវិញ ដោយសាររួមជាមួយកម្មាភិបាលនៃអនុព័ន្ធយោធាវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី នៅមានជនជាតិរុស្ស៊ីជាច្រើនដែលចេះនិយាយភាសាវៀតណាមយ៉ាងស្ទាត់ និងគួរឱ្យស្រឡាញ់ចាំទទួលយើងខ្ញុំផងដែរ។

នាង Nazimova Andzeika ជានារីស្អាតម្នាក់។ នាងបានស្វាគមន៍យើងខ្ញុំជាភាសាវៀតណាមធ្វើឱ្យក្រុមកងទ័ពប្រជាជនវៀតណាមទាំង​អស់​ដែលចូលរួម Army Games 2020 មានការភ្ញាក់ផ្អើល និងមានអារម្មណ៍កក់ក្តៅបំផុត។ ចាប់តាំងពីពេលនោះមក នាង Nazimova បានថតរូបរួមគ្នា ឆ្លើយសំណួរ និងជួយបកប្រែ ... ពេញមួយព្រឹកតែម្តង ។ នាង Nazimova Andzeika ដុតដៃដុតជើងក្នុងការងាររបស់ខ្លួនដោយគ្មានពេលសម្រាកសូម្បីតែមួយនាទីឡើយ។ ប៉ុន្តែស្នាមញញឹមប្រចាំលើទឹកមុខនាងរហូត។ យើងខ្ញុំមានអារម្មណ៍ថា Nazimova មានមនោសញ្ចេតនាពិសេសចំពោះប្រជាជនវៀតណាម។

leftcenterrightdel
នាង Huong (Makarova Ekaterina) និយាយជាមួយលោក Lam Manh Toan អ្នកយកព័ត៌មានវៀតណាម នៃកាសែតកងទ័ពប្រជាជន

ស្អែកឡើង ដោយជជែកលេងតាម Zalo ជាមួយមិត្តភក្តិរបស់ Nazimova ទើបយើងដឹងថា នាងមានឈ្មោះវៀតណាមថា Tien។ ហើយ Nazimova  រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភាសាបរទេសម៉ូស្គូ។ នាងក៏ធ្លាប់រៀនភាសារវៀតណាមក្នុងរយៈពេល ៦ ខែនៅសាកលវិទ្យាល័យភាសាបរទេស នៃសាកលវិទ្យាល័យជាតិហាណូយ ក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតផងដែរ។ ក្រៅពីនេះ នៅក្នុងផែនការនាពេលខាងមុខនេះ Tien  នឹងសិក្សាថ្នាក់បណ្ឌិត នៅបណ្ឌិតសភាការទូតវៀតណាមដែរ។

ក្នុងចម្ងាយ ៦០ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ដល់សណ្ឋាគារ Salut  ឡានដែលដឹកក្រុមសារព័ត៌មានវៀតណាមបើកក្នុងរយៈពេលមិនដល់ ១ ម៉ោងទេ។ ពេលឡានឈប់  ក្រុមទាំងអស់ត្រូវរង់ចាំធ្វើការត្រួតពិនិត្យបង្ការរោគរាតត្បាតកូវិដ១៩ ជាមុនសិន។ លោក Oleg Nikolaevich អ្នកតំណាងក្រុមជំនួយនៃភាគីរុស្ស៊ីសម្រាប់ក្រុមអ្នក​សារព័ត៌មានវៀតណាមបានចេញបទបញ្ជាគួរឱ្យចាប់អារម្មណ៍មួយថា "អ្នកទាំងអស់អាចចុះពីឡានជក់បារីបានហើយ!"។ ក្រុមយើងខ្ញុំទាំងអស់គ្មានអ្នកណាជក់បារីទេ ប៉ុន្តែយើងខ្ញុំសប្បាយរីករាយណាស់ដោយបានចុះពីឡាន សម្រាក និងស្រូបយកខ្យល់អាកាសនៃទីក្រុងទីម៉ូស្គូ។ ហើយយើងខ្ញុំកាន់តែរីករាយថែមទៀត ពីព្រោះថា ក្រៅពីទឹកមុខនឹងធឹងរបស់លោក Oleg នោះ នៅមានការយកចិត្តទុកដាក់ចំពោះយើងខ្ញុំ ទាំងរឿងកំប៉ុកកំប៉ឹកដែរ។ បន្ទាប់មក លោគ Oleg ក៏បានជួយក្រុមអ្នកសារព័ត៌មាន ទាំងការយកឥវ៉ាន់ ទាំងការធ្វើតេស្ត covid-19  និងការចុះឈ្មោះចូលសណ្ឋាគារផងដែរ។ តាមធម្មតា នោះគឺជារឿងគួរឱ្យគោរពដែលវាបង្ហាញពីភាពកក់ក្តៅរបស់ម្ចាស់ផ្ទះរុស្ស៊ី។ តែឥឡូវនេះ ស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងនៃរោគរាតត្បាត ទង្វើរទាំងនេះវាកាន់តែមានអត្ថន័យខ្លាំងណាស់។

មនុស្សទីបីនៃភាគីរុស្ស៊ីនៅក្នុងក្រុមជួយការងារដល់ក្រុមអ្នកសារព័ត៌មានវៀតណាម គឺអនុសេនីយ៍ទោ Ekaterina Babenko។ នាង Ekaterina ក៏ស្អាតណាស់ដែរ ប៉ុន្តែគាត់តឹងរឹងណាស់។ ការងារសព្វគ្រប់ដែលនាងធ្វើគឺត្រឹមត្រូវណាស់ដោយគ្មានខ្វះចន្លោះឫធ្វើឲ្យរួចពីដៃណាមួយឡើយ។ ជាដំបូង ពួកអ្នកសារព័ត៌មានក៏មានការព្រួយបារម្ភតិចតួចដែរ។ ក៏ប៉ុន្តែ ក្រោយរយៈពេលត្រឹមតែបួនដប់នាទីប៉ុណ្ណោះ ក្រៅពីការកោតសរសើរ អ្នកសារព័ត៌មានទាំងឡាយក៏ចាប់ផ្តើមមានការរាប់អានស្រឡាញ់ចំពោះ Ekaterina ដែរ។ ដោយសារតែនាងបានជួយយើងខ្ញុំអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ទាំងរឿងកំប៉ឹកកំប៉ុកដូចជាការជួយសុំវ៉ាយហ្វាយ ការជួយស្វែងរកព្រីភ្លើងដើម្បីចាក់ថ្មកុំព្យូទ័រយួរដៃជាដើម។ នាង Ekaterina បានជួយក្រុមអ្នកសារព័ត៌មានរហូតដល់ម៉ោង ៣-៤ រសៀល ហើយ​រហូតដល់ពេលសមាជិកក្រុមចុងក្រោយឡើងបន្ទប់ដែលគេដាក់ឲ្យនៅដាច់ដោយឡែក នាងទើបត្រឡប់ទៅវិញ។

មិត្តភក្តិជនជាតិរុស្ស៊ីដែលធ្វើឱ្យក្រុមអ្នកសារព័ត៌មានវៀតណាមមានអារម្មណ៍ជិតស្និទ្ធជាងគេគឺ នាង Huong (ដែលឈ្មោះរុស្ស៊ីថា Makarova Ekaterina)។ ទោះជាមិនអាចមើលឃើញពេញវង់មុខនាងក៏ដោយ (ត្បិតនាងពាក់ម៉ាស់ការពារ Covid-19) ប៉ុន្តែតាមរយៈកែវភ្នែករបស់នាង យើងខ្ញុំមានអារម្មណ៍ថា ក្មេងស្រីរុស្ស៊ីរូប​នេះពិតជាស្រីស្រស់ស្អាតរួសរាយរាក់ទាក់ណាស់។ ភារកិច្ចចម្បងរបស់ Huong នៅក្នុងក្រុមជំនួយគឺជាអ្នកបកប្រែ។ Huong គឺជាមិត្តរួមថ្នាក់របស់ Tien នៅសាកលវិទ្យាល័យជាតិភាសាមូស្គូ។ ហើយនាងក៏ធ្លាប់ទៅសិក្សានៅវៀតណាមក្នុងរយៈពេល ៦ ខែដែរ។ យើងខ្ញុំសួរថា ហេតុអ្វីបានជានាងជ្រើសរើសភាសាមួយដ៏ពិបាកដូចជាភាសាវៀតណាមនេះ នាងបានឆ្លើយថា “តាមពិតភាសាវៀតណាមបានជ្រើសរើសខ្ញុំវិញ។ នៅសាលាខ្ញុំ អ្នកគ្រប់គ្រងបានជ្រើសរើសភាសាបរទេសសម្រាប់និស្សិតថ្មី។ ប៉ុន្តែខ្ញុំគិតថាជម្រើសនេះពិតជាត្រឹមត្រូវណាស់ ហើយខ្ញុំមាននិស្ស័យជាមួយភាសានេះ។ ពីព្រោះថា ក្នុងថ្ងៃរៀនដំបូង  ខ្ញុំមានអារម្មណ៍ថាភាសាវៀតណាមគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញណាស់” ។

នៅពេលនាងបានគេជ្រើសរើសឱ្យចូលរួមក្នុងក្រុមជំនួយសម្រាប់ក្រុមអ្នកសារព័ត៌មានវៀតណាម Huong បានរំភើបចិត្តយ៉ាងខ្លាំងណាស់។ ព្រោះថា ក្រៅពីការស្រឡាញ់ភាសាវៀតណាម នាងក៏មានការចាប់អារម្មណ៍ខ្លាំងលើវិស័យសារព័ត៌មានដែរ។ ហើយបន្ទាប់មក នាងបានក្លាយជាមុខតំណ “សួរអីក៏ឆ្លើយដែរ” សម្រាប់ក្រុមអ្នកសារព័ត៌មាន។ មិនថាពេលណាក៏ដោយ ទោះបីនឿយហត់យ៉ាងណាក៏ដោយ ក៏នាងនៅតែត្រៀមខ្លួនជាស្រេចជួយមិត្តថ្មីដែលទើបមកដល់ប្រទេសរុស្ស៊ីជាលើកដំបូងដែរ។

សូមអរគុណប្អូនដោយការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ប្អូនចំពោះគណៈប្រតិភូវៀតណាម នាង Huong បានឆ្លើយតបគួរអោយស្រឡាញ់ថា “ខ្ញុំចូលចិត្តការនឿយហត់នេះដើម្បីប្រទេសវៀតណាម! ចា៎បង”។ បន្ទាប់មកនាងថា “ខ្ញុំដឹងថាជនជាតិវៀតណាមមានចិត្តល្អណាស់។ ខ្ញុំពិតជាចូលចិត្តបរិយាកាសស្និទ្ធស្នាលរួសរាយរាក់ទាក់នៅវៀតណាម និងរបៀបរស់នៅរបស់សហគមន៍វៀតណាម។ ពួកគេតែងតែជួយគាំទ្រគ្នាទៅវិញទៅមក។ ខ្ញុំមានមិត្តភក្តិវៀតណាមពីរបីនាក់។ ពួកគេពិតជាមានអត្ថន័យនៅក្នុងជីវិតរបស់ខ្ញុំ ... "។

ក្រោយរយៈពេលដ៏ខ្លីបន្ទាប់ពីចូលមកប្រទេសរុស្ស៊ី ភាពស្រឡាំងកាំងរបស់អ្នកដែលបានមកប្រទេសនេះជាលើកដំបូងបានបាត់អស់។ នេះគឺដោយសារតែប្រជាជនរុស្ស៊ីមានភាពរួសរាយរាក់ទាក់។ ប្រទេសរុស្ស៊ីបានបង្ហាញខ្លួនបន្តិចម្តងៗជាប្រទេសកក់ក្តៅ និងរួសរាយរាក់ទាក់៕

បកប្រែដោយ Duy Hoan