ស្ពានតភ្ជាប់វប្បធម៌ក្នុងទំនាក់ទំនងវៀតណាម-ឡាវ
កប.អនឡាញ - នៅយប់ថ្ងៃទី ២៦ ខែធ្នូ ជំនួបសំណេះសំណាលអបអរសាទរខួបលើកទី ៣០ នៃការបង្កើតមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសឡាវ (១៩៩៥-២០២៥) បានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។
ក្នុងជំនួបនោះ លោក Au Viet Hung នាយកមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសឡាវ បានឲ្យដឹងថា រយៈពេលជាង ៣០ ឆ្នាំមុន មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសឡាវ ត្រូវបានបង្កើតឡើងដោយមានតួនាទីជាស្ពានវប្បធម៌ លើកកម្ពស់ការយល់ដឹង និងពង្រីកភាពជិតស្និទ្ធរវាងប្រជាជនវៀតណាម និងប្រជាជនឡាវ។
    |
 |
|
ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn) |
លោក Au Viet Hung បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ ការគាំទ្រ និងការបង្កើតលក្ខខណ្ឌអំណោយផលរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ គឺជាកត្តាសំខាន់ៗដែលបានជួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសឡាវ ប្រតិបត្តិការប្រកបដោយស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ នៅពេលកន្លងមកនោះ មជ្ឈមណ្ឌលបានរៀបចំកម្មវិធីវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ជាច្រើនដូចជា ការតាំងពិព័រណ៍ សប្តាហ៍ភាពយន្ត និងជំនួបប្រាស្រ័យប្រជាជន ដែលរួមចំណែកដល់ការជួយប្រជាជនឡាវឲ្យយល់កាន់តែច្បាស់អំពីទឹកដីនិងមនុស្សវៀតណាម។
យោងតាមលោក Au Viet Hung ការអភិវឌ្ឍនៃមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅឡាវតែងតែភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការ និងយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។ មជ្ឈមណ្ឌលក្លាយជាកន្លែងផ្សព្វផ្សាយវប្បធម៌ និងពូនជ្រំទំនុកចិត្តរវាងប្រទេសទាំងពីរ។ ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅឡាវប្ដេជ្ញាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័ននានារបស់ឡាវ ពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនប្រកបដោយប្រសិទ្ធភាពនូវការផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងទេសចរណ៍វៀតណាម-ឡាវ ដោយបន្តធ្វើជាស្ពានវប្បធម៌ដ៏រឹងមាំមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh