គំនិតផ្តួចផ្តើមជាច្រើនបានរំលេចក្នុងគ្រាលំបាក

ក្នុងចំណោម ១១ ក្រុមប្រកួតនៃកងទ័ពប្រជាជនវៀតណាម ដែលចូលរួម Army Games 2020 ក្រុមគីមីវិទ្យាត្រូវបានបង្កើតឡើងតាំងពីពេលឆាប់ៗដោយសារមានការម្ចាស់ការរបស់ថ្នាក់ដឹកនាំនៃកងឯកភាពគីមីវិទ្យា។ ដំណើរការជ្រើសរើសកីឡាករនោះ អង្គភាពបានផ្តោតសំខាន់លើបេក្ខជនដែលមានសុខភាពរឹងមាំ មានសមត្ថភាព និងស្មារតីតាំងចិត្តជំនះឧបសគ្គទាំងអស់។

លើសពីនេះ អង្គភាពក៏មានគំនិតផ្តួចផ្តើមថ្មីៗ មានការកែច្នៃប្រឌិតបច្ចេកទេសជាច្រើន និងធានាគ្រឿងបរិក្ខារឲ្យបានស្របតាមបទកំណត់នៃការប្រកួត។ ផ្អែកលើបទពិសោធន៍ពីការចូលរួមក្នុងព្រឹត្តិការណ៍ Army Games 2019 និងបទកំណត់នៃការប្រកួតប្រជែងនៅឆ្នាំនេះ កងឯកភាពគីមីវិទ្យាបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើលក្ខណៈពិសេសនៃឧបករណ៍សម្ភារៈបរិក្ខារដែលប្រទេសរុស្ស៊ីនឹងប្រើប្រាស់ក្នុងការប្រកួត ដើម្បីមានមូលដ្ឋានក្នុងការកែច្នៃចំពោះសម្ភារៈឧបករណ៍យោធាដែលកងទ័ពយើងកំពុងមានបច្ចុប្បន្ន។

ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលនៃដំណើរការហ្វឹកហាត់ ក្រុមគ្រូបង្វឹកតែងតែធ្វើការដកបទពិសោធន៍ជាទៀងទាត់ដោយហេតុនេះបានជួយឱ្យកីឡាករអាចរកឃើញវិធានការជំនះ និងកាន់តែស្ទាត់បច្ចេកទេសនីមួយៗក្នុងរយៈពេលដ៏ខ្លីបំផុត។ យោងទៅតាមបទពិសោធន៍ពីរាល់ការប្រកួតប្រជែងក្នុងស្រុក និង Army Games កន្លងមកនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការហ្វឹកហាត់ ការលត់ដំឲ្យមានភាពក្លាហានអង់អាច និងចិត្តវិទ្យានៃការប្រកួតប្រជែងគឺមានសារៈសំខាន់យ៉ាងខ្លាំងណាស់។ ដូច្នេះ ជារៀងរាល់សប្តាហ៍ ក្រុមគ្រូបង្វឹកបានរៀបចំការប្រកួតរវាងបណ្តាអេគីបរថយន្តជាមួយគ្នាដើម្បីលត់ដំចិត្តវិទ្យានៃការប្រកួតប្រជែងសម្រាប់កីឡាករ។

leftcenterrightdel
ក្រុមប្រកួតគីមីវិទ្យាហ្វឹកហាត់សម្រាប់ការចូលរួម Army Games 2020

 

បង្កើនកម្រិតលំបាកដើម្បីយកឈ្នះលើខ្លួនឯង

ក្រុមគីមីវិទ្យា នៃកងទ័ពប្រជាជនវៀតណាមចូលរួមក្នុងព្រឹត្តិការណ៍ Army Games 2020  ជាមួយនឹងវិញ្ញាសាគឺ៖ អេគីបរថយន្តឈ្លបយកការណ៍អនុវត្តភារកិច្ច “សុវត្ថិភាពបរិស្ថាន”។

លោកវរសេនីយ៍ឯកបំរុង Dang Minh Loi គ្រូបង្វឹកនៃក្រុមគីមីវិទ្យាបាននិយាយថា បើប្រៀបធៀបទៅនឹង Army Games 2019 ដែលធ្វើឡើងនៅប្រទេសចិន ឆ្នាំនេះវិញ្ញាសានៃការប្រកួតមានកម្រិតពិបាកជាងច្រើន។ កីឡាករត្រូវអនុវត្តខ្លឹមសារវិជ្ជាជីវៈចំនួន ៤ គឺ ៖ ការស្វែងរកប្រភពវិទ្យុសកម្ម ការកំណត់ប្រភេទនៃសារជាតិពុល ការយកសំណាកនិងលាងសម្អាតសារជាតិពុល។ ដើម្បីធ្វើវិញ្ញាសានៃការប្រកួតឲ្យទទួលបានលទ្ធផលល្អបំផុតនោះ កីឡាករត្រូវមានជំនាញល្អ ចលនាលឿនរហ័ស ត្រឹមត្រូវ និងយល់ច្បាស់ពីបទបញ្ជា និងបទប្បញ្ញត្តិនៃការប្រកួត។លើសពីនេះទៅទៀត ដោយសារការប្រកួតនឹងប្រព្រឹត្តទៅក្នុងកម្រិតខ្ពស់ និងក្នុងរយៈពេលវែង ដូច្នេះទាមទារឲ្យកីឡាករទាំងអស់ត្រូវតែមានកាយសម្បទារឹងមាំ ចេះស៊ូទ្រាំ ជាពិសេសមានកម្លាំងនៅពេលប្រកួតក្នុងឈុតខោអាវការពារសារជាតិគីមីថែមទៀត។

លោកអនុសេនីយ៍ទោ Cao Van Dien ប្រធានកងអនុសេនាតូចឆ្មាំកងពលតូចលេខ ៨៧ នៃកងឯកភាពទ័ពគីមីវិទ្យា បាននិយាយថា លោកគឺជាអ្នកមានសំណាងដែលបានចូលរួមក្នុងការប្រកួត Army Games កាលពីឆ្នាំមុននៅប្រទេសចិន។ យោងតាមលោក Cao Van Dien វិញ្ញាសានៃការប្រកួតឆ្នាំនេះគឺខុសគ្នាទាំងស្រុងពីឆ្នាំមុន តាំងពីខ្សែផ្លូវ របាំងឧបសគ្គ រហូតទៅទីតាំងនៃការអនុវត្តជំនាញ។ ដោយមានការដកបទពិសោធន៍ពីការប្រកួតឆ្នាំទៅ ឆ្នាំនេះបណ្តាអេគីបរថយន្តបានមានការព្រមព្រៀងគ្នាយ៉ាងតឹងរឹងដោយមានការប្រគល់ភារកិច្ចជាក់លាក់ ជៀសវាងការត្រួតលើគ្នាដើម្បីអាចបញ្ចប់ការប្រកួតក្នុងពេលវេលាលឿនបំផុត។

ជាមួយនិងស្មារតីសាមគ្គីភាព និងការរួបរួមគ្នាយ៉ាងជិតស្និទ្ធ ក្រុមគីមីវិទ្យាបានប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងដើម្បីនាំមកនូវភាពរុងរឿង និងជ័យជំនះដល់មាតុភូមិ និងកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Minh Trung