ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិឲ្យមានប្រសិទ្ធភាពរវាងបណ្តាប្រទេសអាស៊ាន  និងដៃគូនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក (ADMM+) និងចែករំលែកទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 និងផ្លាស់ប្តូរបទពិសោធន៍របស់កងកំលាំងយោធានៃបណ្តាប្រទេសដទៃទៀតក្នុងការឆ្លើយតបនឹងជំងឺនោះ ... កាលពីព្រឹកថ្ងៃទី ៧ កក្កដា នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រព្រឹត្តទៅកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) តាមរយៈប្រព័ន្ធវីដេអូ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍កិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍កិច្ចប្រជុំនេះ។ កិច្ចប្រជុំក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh  អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ហើយនិងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន និងប្រទេសចំនួន ៨ ផ្សេងទៀតរួមមាន រុស្ស៊ី ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូវហ្សេឡែន ឥណ្ឌា និងអគ្គលេខាធិការរងអាស៊ាន ដែលទទួលបន្ទុកសហគមន៍នយោបាយ សន្តិសុខ។

ថ្លែងសុន្ទរកថាស្វាគមន៍កិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាត Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញដែលជាបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីដ៏ធំមួយដែលជះឥទ្ធិពលអវិជ្ជមានលើគ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃ និងសង្គមនៅលើពិភពលោក គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាបានដោយឯកឯងនោះទេ ប៉ុន្តែចាំបាច់មានការរួមដៃរបស់ប្រជាជាតិទាំងអស់គ្នា។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា គ្រប់បញ្ហាលំបាកទាំងអស់ដែលបណ្តាលមកពីភូមិសាស្ត្រក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 នោះ មិនអាចរារាំងដល់ដំណើរការសហប្រតិបត្តិការរបស់ប្រទេសទាំងអស់បានឡើយ ផ្ទុយទៅវិញគឺកាន់តែជំរុញឱ្យមានភាពច្នៃប្រឌិតបន្ថែម និងមានទម្រង់ធ្វើការសមស្របនឹងស្ថានភាពជាក់ស្តែង។ ក្នុងស្មារតី “ភាពស្អិតរមួត និងការឆ្លើយតប” ក្នុងរយៈពេលកន្លងមក អាស៊ាននិងដៃគូតែងតែម្ចាស់ការក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងអនុវត្តនូវសកម្មភាពជាច្រើនតាមប្រព័ន្ធវីដេអូប្រកបដោយប្រសិទ្ធភាព។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វេជ្ជសាស្ត្រយោធាអាស៊ាននាពេលថ្មីៗនេះបានរៀបចំការហាត់សមការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 តាមប្រព័ន្ធវីដេអូប្រកបដោយជោគជ័យ។ នេះគឺជាការងារជាក់ស្តែងមួយដែលរួមចំណែកដល់ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីជំងឺ Covid-19 និងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

ទាក់ទិននឹងអត្ថន័យ និងបេសកកម្មនៃកិច្ចប្រជុំលើកនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា៖“ នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងអស់គ្នានឹងចែករំលែកអំពីស្ថានភាពសន្តិសុខពិភពលោក និងតំបន់ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid -19 នឹងជួយឱ្យយើងមានទស្សនៈទូលំទូលាយអំពីទិដ្ឋភាពវិស័យការពារជាតិ រួមចំណែកពង្រឹងទំនុកចិត្ត ធ្វើឱ្យយើងកាន់តែខិតជិតជាមួយគ្នា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបបញ្ហាប្រឈមរួម ព្រមទាំងពិភាក្សាការងារដើម្បីត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) នាខែតុលាខាងមុខនេះ ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ ក្រសួងការពារប្រទេសវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ដើម្បីរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្នុង ADMM + ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh  អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំ

 

នៅក្នុងកិច្ចប្រជុំលើកនេះ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធាន ADSOM + វៀតណាម ប្រតិភូទាំងអស់បានចែករំលែកទស្សនៈគ្នាស្តីពីស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកក្នុងបរិបទនៃជំងឺ Covid- 19 និងក្រោយ Covid-19 បទពិសោធន៍របស់កងទ័ពក្នុងការឆ្លើយតបជំងឺ ព្រមទាំងពិភាក្សាការងារមួយចំនួនទៀតរបស់ ADMM + នាពេលខាងមុខ។

ក្នុងឱកាសនេះ ភាគីវៀតណាមក៏បានប្រកាសពីសកម្មភាពសំខាន់ៗរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំដូចជា៖ កិច្ចប្រជុំស្តីពីតួនាទីស្រ្តី និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, កម្មវិធីភ្ញៀវរបស់ប្រទេសប្រធាន ក្នុងពិធីរំលឹកខួបលើទី ១០ នៃការបង្កើត ADMM បូក, ពិធីរំលឹកខួបលើទី ១០ នៃការបង្កើត ADMM បូក និងពិធីបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិ វៀតណាម៕

បកប្រែដោយ Minh Trung