នៅក្នុងកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិអង់គ្លេសក្នុងការចែករំលែកព័ត៌មានស្តីពីការបង្ការ ប្រយុទ្ធប្រឆាំង ស្រាវជ្រាវ និងព្យាបាលជំងឺ Covid-19 ជាមួយក្រសួងការពារប្រទេសវៀតណាម។ លោកក៏បានសម្តែងនូវគោលបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការពីក្រសួងការពារជាតិអង់គ្លេស ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺ Covid-19។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នៅកិច្ចសន្ទនាតាមទូរស័ព្ទ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកស្រីរដ្ឋលេខាធិការ Annabel Goldie បានវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ក្នុងរយៈពេលកន្លងមក និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្ត មិនអនុញ្ញាតឱ្យ Covid-19 ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ ជាពិសេស ក្នុងបរិបទការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺ Covid-19 ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត រួមចំណែកក្នុងការទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - អង់គ្លេសកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិអង់គ្លេស ដែលបានជួយគាំទ្រវៀតណាមប្រកបដោយប្រសិទ្ធភាព ក្នុងការដាក់ពង្រាយ និងលើកកម្ពស់សមត្ថភាពរបស់កងពេទ្យកម្រិត២ លេខ១ និង លេខ ២ នៅប្រទេសស៊ូដង់ខាងត្បូង។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិ ការបណ្តុះបណ្តាល និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជម្រាបជូនលោកស្រីរដ្ឋលេខាធិការ Annabel Goldie អំពីដំណើរការរៀបចំសកម្មភាពក្នុងឆ្នាំវៀតណាមកាន់តំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ដោយហេតុនេះបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃ ADMM / ADMM+ ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន ក៏ដូចជាបណ្តាប្រទេសដៃគូ។ វៀតណាមគាំទ្រការចូលរួមដោយមានទំនួលខុសត្រូវរបស់អង់គ្លេស ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើគោលការណ៍ស្រុះចិត្តគំនិតរបស់អាស៊ាន ព្រមទាំងស្នើឲ្យអង់គ្លេសគាំទ្រវៀតណាមក្នុងឆ្នាំដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

បកប្រែដោយ Huyen Trang